ភ្នំពេញ៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ ឆ្នាំទី១២ នឹងត្រូវធ្វើឡើងនាព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ និងស្វែងរកថវិកាជួយផ្នែកសប្បុរសធម៌ ដោយមានចំនួនអ្នកចុះឈ្មោះចូលរួម បានជាង ៣៦០០នាក់។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖«មុនពិធីបាញ់កាំភ្លើងបញ្ជាចេញដំណើរនឹងមានការអានសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ដើម្បីឱ្យព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិមួយនេះកាន់តែមានទាក់ទាញខ្លាំង លុះត្រាតែការរៀបចំមានគុណភាពល្អ បិទផ្លូវជិត បង្កភាពល្អប្រសើរ និងសុវត្ថិភាពខ្ពស់ជូនដល់អ្នករត់ប្រណាំងឱ្យមានសុវត្ថិភាព និងភាពសប្បាយរីករាយ។ ជាមួយគ្នានេះក៏ត្រូវមានការចូលរួមអបអរសាទរពីប្រជាពលរដ្ឋផងដែរ។ ដូច្នេះក្នុងនាមគណៈកម្មការរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនឹងប្រឹងប្រែងរៀបចំឱ្យមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីជំរុញឱ្យទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង (Half Marathon) ២១គីឡូម៉ែត្រ ប្រែក្លាយទៅជា ម៉ារ៉ាតុង (Full Marathon) ៤២គីឡូម៉ែត្រ នាថ្ងៃខាងមុខ»។
ឯកឧត្តមអគ្គលេខាធិការ NOCC គូសបញ្ជាក់ទៀតថា កាលពីពេលមុន NOCC បានត្រៀមលក្ខណៈប្រែក្លាយទិវាពាក់កណ្តាលម៉ារ៉ាតុងទៅ ម៉ារ៉ាតុង ក្នុងចន្លោះឆ្នាំ២០២៣-២០២៤ នេះដែរ ប៉ុន្តែដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ អូសបន្លាយ២-៣ឆ្នាំកន្លងទៅនេះបានរារាំងឱ្យគម្រោងផែនការ និងគុណភាពនៃការរៀបចំនេះមិនទាន់ដើរទៅដល់។ ដូច្នេះ យើងនឹងខិតខំកសាររៀបចំទិវារត់ប្រណាំងអន្តរជាតិនេះឱ្យមានគុណភាពល្អប្រសើរ និងទទួលបានការវាយតម្លៃពីអង្គការអន្តរជាតិ ដែលជាប្រព័ន្ធអង្គការអន្តរជាតិផ្នែកកីឡា ជាពិសេសផ្នែករត់ប្រណាំង ដោយអ្នកជំនាញអង្គការអន្តរជាតិនេះតែងតែមកចូលរួមវាយតម្លៃជារៀងរាល់ឆ្នាំនៅកម្ពុជាថាតើកម្ពុជាបានរៀបចំបានត្រឹមត្រូវបានស្តង់ដាអន្តរជាតិមានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អឬអត់ ដើម្បីទទួលបានពិន្ទុម្តង១ៗ រហូតដល់កម្ពុជានឹងអាចស្នើសុំផ្លាស់ប្តូរពី Half Marathon ទៅ Full Marathon បាននាឆ្នាំណាមួយខាងមុខ។ នេះជាការប្រឹងប្រែងរៀបចំឱ្យស្របទៅនឹងស្តង់ដាបច្ចេកទេសផង និងស្របតាមគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាលផង។
«គោលបំណងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ រួមទាំងទិវារត់ប្រណាំងអន្តរជាតិទាំងនៅកម្ពុជា គឺសំខាន់បំផុតប្រមូលថវិការួមចំណែកជួយដល់ផ្នែកសប្បុរសធម៌។ ចំពោះការចុះឈ្មោះផ្ទាល់ និងចែកស្លាកលេខសម្គាល់ខ្លួនរបស់កីឡាករ កីឡាការិនីនឹងត្រូវធ្វើឡើងនៅមុខព្រះបរមរាជវាំង រយៈពេល១សប្តាហ៍ មុនថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយកីឡាករ កីឡាការិនីជាតិ-អន្តរជាតិមិនទាន់ចុះឈ្មោះអាចទៅចុះឈ្មោះផ្ទាល់នៅមុខព្រះបរមរាជវាំងដោយផ្ទាល់បាន»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។
ជាមួយគ្នានេះ លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញបានគូស បញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ចំនួនអ្នកចុះឈ្មោះ គឺមានចំនួនសរុប ៣ ៦០៥នាក់ ក្នុងនោះកីឡាករ កីឡាការិនីខ្មែរមានចំនួន ៣០០២នាក់ និងបរទេស ៦០៣នាក់។ ចំពោះការចុះឈ្មោះលើវិញ្ញាសា២១ គីឡូម៉ែត្រមានចំនួន ៦២៦នាក់, ១០គីឡូម៉ែត្រ ១៦៣២នាក់, ៥គីឡូម៉ែត្រ ១១១៣ នាក់ និងវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ មានចំនួន២៣៤នាក់។ បន្ថែមពីលើនេះ លោក សែម ផល្លា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិបន្តចុះឈ្មោះចូលរួមរត់ប្រណាំងឱ្យបានច្រើនកុះករតាមរយៈប្រព័ន្ធអនឡាញ និងការចុះឈ្មោះដោយផ្ទាល់ ដើម្បីជំរុញឱ្យទិវារត់ប្រណាំងសប្បុរសធម៌មួយនេះកាន់តែទទួលបានជោគជ័យបន្ថែមទៀត៕