ភ្នំពេញ៖ ក្រុមប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាករជម្រើសជាតិកីឡាកាយវប្បកម្មកម្ពុជាបានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីដណ្តើមបានមេដាយប្រាក់២គ្រឿង និងពានចំណាត់ថ្នាក់លេខ៤២គ្រឿងយកមកជូនជាតិ ពីការប្រកួតកីឡាកាយវប្បកម្មជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវ។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក តិក ប៊ុនវី ប្រធានប្រិតិភូដឹកនាំ និងជាចៅក្រម ដែលចូលរួមការប្រកួតកីឡាកាយវប្បកម្មជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវបានគូសបញ្ជាក់ថា បើទោះបីជាមិនអាចឈ្នះមេដាយមាសជូនជាតិ ប៉ុន្តែប្រធានប្រតិភូរូបនេះចាត់ទុកថា នេះជាការប្រឹងប្រែងអស់ពីលទ្ធភាពរបស់ក្រុមកីឡាករកម្ពុជា ហើយយើងនៅមានចំណុចខ្វះខាតតិចតួចដែលត្រូវបំពេញបន្ថែម នាពេលខាងមុខ។ យ៉ាងណានេះក៏ជាសមិទ្ធផលថ្មីមួយ ដែលជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយប្រាក់ចំនួន២គ្រឿង និងពានរង្វាន់ចំណាត់ថ្នាក់លេខ៤ចំនួន២គ្រឿងយកមកជូនជាតិ។
លោក តិក ប៊ុនវី សង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«យើងទៅលើកនេះដណ្ដើមបានមេដាយប្រាក់២គ្រឿង ដ្បិតអីវាខុសការរំពឹងទុករបស់យើង។ ពេលយើងធ្វើដំណើរទៅយើងរំពឹងថា នឹងអាចដណ្ដើមបានមេដាយមាស ប៉ុន្តែមិនអីទេយើងនឹងប្រឹងប្រែងបន្ថែមទៀត ព្រោះអីក្នុងនាមជាកីឡាតែងមានចាញ់និងឈ្នះ។ យ៉ាងណាយើងក៏មិនភ្លេចអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាដែលបានអនុញ្ញាតិឱ្យក្រុមកីឡាយើងបានចេញទៅប្រកួតដោយស្របច្បាស់ ហើយយើងសូមសន្យាថា នឹងបន្តប្រឹងប្រែងហ្វឹកហាត់ឱ្យកីឡាកាយវប្បកម្មនេះមានការគាំទ្រកាន់តែខ្លាំងឡើង»។
លោកស្រី អេម៉ី សារីរ៉ុម ហម គ្រូបង្វឹក ដែលបានធ្វើដំណើរទៅកាន់ប្រទេសឡាវជាមួយគ្នានោះក៏បានសម្ដែងអារម្មណ៍សប្បាយចិត្តផងដែរ ប៉ុន្តែលោកស្រីក៏បាននិយាយទាក់ទងនឹងការខុសក្ដីរំពឹងទុកនេះដែរថា «ដំបូងយើងមិនសង្ឃឹមយកបានមេដាយប្រាក់នេះទេ គឺយើងរំពឹងថានឹងបានមេដាយមាស ប៉ុន្តែបានត្រឹមមេដាយប្រាក់នេះក៏យើងសប្បាយចិត្ត។ យើងសង្ឃឹមថា យើងនឹងអាចប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្ដើមឲ្យបានមេដាយមាសជូនរបស់យើង»។
គួរបញ្ជាក់ថា ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៨ ឆ្នាំ២០២៤ នៅប្រទេសឡាវ ពីថ្ងៃទី១៦-១៩ ខែឧសភា ឆ្នាំ២០២៤មាន១១ប្រទេស ខណៈកីឡាករកម្ពុជាទាំង៥នាក់ រួមមាន ៖ ស្រ៊ិន រាជ្យ, ឆឹង ណូរ៉ា, ឆេង ច័ន្ទកក្កដា, ជីម ចន្ថា និង ខាន់ ឆៃយ៉ា និងលោក តិក ប៊ុនវី ប្រធានប្រតិភូដឹនាំ និងជាចៅក្រម និងលោកស្រី អេមី សារីរ៉ុម ហម ជាគ្រូបង្វឹកក្នុងនោះកីឡាករ ឆឹង ណូរ៉ា និងស្រ៊ិន រាជ្យ ដណ្ដើមបានមេដាយប្រាក់ពីរគ្រឿងជូនប្រទេសជាតិ៕
ប្រភព៖ AKP