ឯកឧត្តមបណ្ឌិត ថោង ខុន៖ ដំណើរទៅចិនលើកនេះមានលទ្ធផលល្អ នៃកិច្ចសហការចក្រភពអង្គរម៉ារ៉ាតុង និងតាលីម៉ារ៉ាតុង

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេសរ​ដ​មន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​អញ្ជើញ​ដល់​មាតុប្រទេស​វិញ បន្ទាប់​ពី​បាន​បញ្ចប់​បេសកកម្ម នៅ​ក្នុង ជំនួប​ពិភាក្សា​ការងារ និង​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​រវាង​គណៈប្រតិភូ​កម្ពុជា និង​ភាគី​ចិន ដើម្បី​អនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​កា​រត់ប្រណាំង​ទីក្រុង​ភ្លោះ រវាង ចក្រភព​អង្គរ​ម៉ា​រ៉ា​តុង និង កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង តា​លី​ម៉ា​រ៉ា​តុង ដែល​កន្លង​មក​បាន​ចុះហត្ថលេខា​រវាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​រដ្ឋបាល​កីឡា​ខេត្ត​យូ​ណា​ន កាលពី​ថ្ងៃ​ទី ០៧ ខែឧសភា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ​។

ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន មាន​ប្រសាសន៍​ថា ៖«​យើង​ទៅ​លើក​នេះ​ទទួល​បាន​លទ្ធផល​ល្អ ដែល​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាង​មេគង្គ ដែល​មាន​៦​ប្រទេស ហើយ​តំបន់​តា​លី​នេះ ជា​តំបន់​ទេសចរណ៍​ដ៏​ល្អ​សម្រាប់​ខេត្ត​យូ​ណា​ន ដោយ​មាន​អាកាសធាតុ​មិន​លើស​ពី​២៦​អង្សា​សេ​ទេ​។ ដូច្នេះ​ហើយ​ខេត្ត​យូ​ណា​ន​បាន​យក​តំបន់​នេះ​ជា​កន្លែង​រៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ ហើយ​ខេត្ត​នេះ​មាន​គម្រោង​ពង្រីក​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​នេះ​ឱ្យ​បាន​ច្រើន​លើក ក្នុង​១​ឆ្នាំ​ៗ ដោយ​ព្រឹត្តិការណ៍​នេះ​ទាក់ទាញ​បាន​អ្នក​រត់ ១៦០០០​នាក់​»​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ក៏​បាន​បន្ត​ពិភាក្សា​ការងារ ដោយ​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​រួច​ហើយ ដោយ​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន នឹង​ត្រូវ​បញ្ជូន​អត្ត​ព​លិ​ក​អាជីព​របស់​ខ្លួន​ចូលរួម​រត់ប្រណាំង​ទៅ​វិញ​ទៅ​មក​។ ខេត្ត​យូ​ណា​ន​គ្រោង​នឹង​បញ្ជូន​អត្ត​ព​លិ​ក​រត់​អាជីព​១០០​នាក់ និង​អ្នក​រត់​ស្ម័គ្រចិត្ត ៥០០​នាក់ មក​ចូលរួម​រត់ប្រណាំង នៅ​ចក្រភព​អង្គរ​ម៉ា​រ៉ា​តុង (Full Marathon) នា​ខែសីហា ឆ្នាំ​២០២៤​នេះ​។ ការ​រៀបចំ​ទិវា​ចក្រភព​អង្គរ​ម៉ា​រ៉ា​តុង ឆ្នាំ​២០២៤​នេះ​នឹង​ទទួល​បាន​ជោគជ័យ ដោយ​មាន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ចូលរួម​កាន់តែ​ច្រើន ដោយសារ​យើង​មាន​ដៃគូ​។ គោលបំណង​នៃ​ដៃគូ​ក្នុ​ងា​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​នេះ ភាគី​ចិន​ក៏​ចង់​ផ្សា​ភ្ជាប់​ទាំង​លើ​វិស័យ​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ តាម​រយៈ​ការ​រៀបចំ​ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍​។ នៅ​ពេល​ដែល​ភាគី​ចិន​រៀបចំ​ព្រឹត្តិការណ៍​កីឡា ក៏​កម្ពុជា​នឹង​ត្រូវ​ទៅ​តាំងពិព័រណ៍​ដែរ​។

«​ពួក​គាត់​ចង់​យក​ព្រឹត្តិការណ៍​កីឡា​នេះ ដើម្បី​នាំមុខ ក្នុង​កិច្ចសហការ​តំបន់​ឡាន​ឆាង​-​មេគង្គ ពីព្រោះ​ខេត្ត​យូ​ណា​ន និង​ខេត្តសៀមរាប គឺជា​ទីក្រុង​សម្ព័ន្ធមេត្រី​ជាមួយ​គ្នា​។ ដូច្នេះ​ពួក​គាត់​ចង់​យក​កីឡា​នេះ ដើម្បី​រុញ​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ​ទៀត ក្នុង​ក្រប​ខណ្ឌ​សម្ព័ន្ធមេត្រី​ហ្នឹង​»​។ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​សង្កត់ធ្ងន់​បន្ថែម​។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​បាន​ចូលរួម​ព្រឹត្តិការណ៍​តា​លី​ម៉ា​រ៉ា​តុង​រួច​មក កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ គណៈប្រតិភូ​កម្ពុជា និង​ភាគី​ចិន​បាន​ជួប​ពិភាក្សា​ការងារ និង​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី “​កា​រត់ប្រណាំង​ទីក្រុង​ភ្លោះ​” រវាង “​ចក្រភព​អង្គរ​ម៉ា​រ៉ា​តុង​” និង “​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង តា​លី​ម៉ា​រ៉ា​តុ​ត​។ កិច្ចព្រមព្រៀង និង​ផែនការ​សកម្មភាព​នេះ គឺ​ពិតជា​សក្តិ​សម​ណាស់​ក្នុង​កា​រត​ភ្ជាប់​រវាង​ទីក្រុង​តា​លី​របស់​ចិន ជាមួយ​ទីក្រុង​សៀមរាប​អង្គរ​របស់​កម្ពុជា ហើយ​ដែល​បច្ចុប្បន្ន​នេះ​ក៏​មាន​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​គុន​មីង មក​ភ្នំពេញ និង​មក​សៀមរាប​អង្គរ​ដែរ​៕

ប្រភព៖ AKP

Previous articleជម្រើសជាតិកាយវប្បកម្មនាំមេដាយប្រាក់២គ្រឿងមកជូនជាតិ ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅឡាវ
Next articleលោក Unai Emery ត្រៀមលក់ខ្សែការពារម្នាក់នេះចេញ