ជម្រើសជាតិកាយវប្បកម្មនាំមេដាយប្រាក់២គ្រឿងមកជូនជាតិ ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅឡាវ

ភ្នំពេញ៖ ក្រុម​ប្រតិភូ ចៅក្រម គ្រូបង្វឹក និង​កីឡាករ​ជម្រើសជាតិ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ បន្ទាប់​ពី​ដណ្តើម​បាន​មេដាយ​ប្រាក់​២​គ្រឿង និង​ពាន​ចំណាត់ថ្នាក់​លេខ​៤២​គ្រឿង​យក​មក​ជូន​ជាតិ ពី​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​ប្រទេស​ឡាវ​។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក តិក ប៊ុ​ន​វី ប្រធាន​ប្រិ​តិ​ភូ​ដឹកនាំ និង​ជា​ចៅក្រម ដែល​ចូលរួម​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​ប្រទេស​ឡាវ​បាន​គូសបញ្ជាក់​ថា បើ​ទោះបីជា​មិន​អាច​ឈ្នះ​មេដាយមាស​ជូន​ជាតិ ប៉ុន្តែ​ប្រធាន​ប្រតិភូ​រូប​នេះ​ចាត់​ទុក​ថា នេះ​ជា​ការ​ប្រឹងប្រែង​អស់ពី​លទ្ធភាព​របស់​ក្រុម​កីឡាករ​កម្ពុជា ហើយ​យើង​នៅ​មាន​ចំណុច​ខ្វះខាត​តិចតួច​ដែល​ត្រូវ​បំពេញបន្ថែម នា​ពេល​ខាង​មុខ​។ យ៉ាងណា​នេះ​ក៏​ជា​សមិទ្ធផល​ថ្មី​មួយ ដែល​ជម្រើសជាតិ​កម្ពុជា​ដណ្តើម​បាន​មេដាយ​ប្រាក់​ចំនួន​២​គ្រឿង និង​ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​៤​ចំនួន​២​គ្រឿង​យក​មក​ជូន​ជាតិ​។

លោក តិក ប៊ុ​ន​វី សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា ៖«​យើង​ទៅ​លើក​នេះ​ដណ្ដើម​បាន​មេដាយ​ប្រាក់​២​គ្រឿង ដ្បិតអី​វា​ខុស​ការ​រំពឹង​ទុក​របស់​យើង​។ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​យើង​រំពឹង​ថា នឹង​អាច​ដណ្ដើម​បាន​មេដាយមាស ប៉ុន្តែ​មិន​អី​ទេ​យើង​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត ព្រោះ​អី​ក្នុង​នាម​ជា​កីឡា​តែង​មាន​ចាញ់​និង​ឈ្នះ​។ យ៉ាងណា​យើង​ក៏​មិន​ភ្លេច​អរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បាន​អនុញ្ញាតិ​ឱ្យ​ក្រុមកីឡា​យើង​បាន​ចេញ​ទៅ​ប្រកួត​ដោយ​ស្រប​ច្បាស់ ហើយ​យើង​សូម​សន្យា​ថា នឹង​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​កីឡា​កាយ​វប្បកម្ម​នេះ​មានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​»​។

លោកស្រី អេ​ម៉ី សារី​រ៉ុ​ម ហម គ្រូបង្វឹក ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ​ជាមួយ​គ្នា​នោះ​ក៏​បាន​សម្ដែង​អារម្មណ៍​សប្បាយចិត្ត​ផង​ដែរ ប៉ុន្តែ​លោកស្រី​ក៏​បាន​និយាយ​ទាក់ទង​នឹង​ការ​ខុស​ក្ដី​រំពឹង​ទុក​នេះ​ដែរ​ថា «​ដំបូង​យើង​មិន​សង្ឃឹម​យក​បាន​មេដាយ​ប្រាក់​នេះ​ទេ គឺ​យើង​រំពឹង​ថា​នឹង​បាន​មេដាយមាស ប៉ុន្តែ​បាន​ត្រឹម​មេដាយ​ប្រាក់​នេះ​ក៏​យើង​សប្បាយចិត្ត​។ យើង​សង្ឃឹមថា យើង​នឹង​អាច​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ដណ្ដើម​ឲ្យ​បាន​មេដាយមាស​ជូន​របស់​យើង​»​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​១៨ ឆ្នាំ​២០២៤ នៅ​ប្រទេស​ឡាវ ពី​ថ្ងៃ​ទី​១៦-១៩ ខែឧសភា ឆ្នាំ​២០២៤​មាន​១១​ប្រទេស ខណៈ​កីឡាករ​កម្ពុជា​ទាំង​៥​នាក់ រួម​មាន ៖ ស្រ៊ិ​ន រាជ្យ​, ឆឹង ណូ​រ៉ា​, ឆេ​ង ច័ន្ទ​កក្កដា​, ជី​ម ច​ន្ថា និង ខាន់ ឆៃ​យ៉ា និង​លោក តិក ប៊ុ​ន​វី ប្រធាន​ប្រតិភូ​ដឹ​នាំ និង​ជា​ចៅក្រម និង​លោកស្រី អេ​មី សារី​រ៉ុ​ម ហម ជា​គ្រូបង្វឹក​ក្នុង​នោះ​កីឡាករ ឆឹង ណូ​រ៉ា និង​ស្រ៊ិ​ន រាជ្យ ដណ្ដើម​បាន​មេដាយ​ប្រាក់​ពីរ​គ្រឿង​ជូន​ប្រទេស​ជាតិ​៕

ប្រភព៖ ​AKP

Previous articleAston Villa គ្រោងផ្ទេរយកអតីតខ្សែបម្រើរបស់ក្លឹប Chelsea ម្នាក់
Next articleឯកឧត្តមបណ្ឌិត ថោង ខុន៖ ដំណើរទៅចិនលើកនេះមានលទ្ធផលល្អ នៃកិច្ចសហការចក្រភពអង្គរម៉ារ៉ាតុង និងតាលីម៉ារ៉ាតុង