សហព័ន្ធហែលទឹករកបានធនធានឆ្នើម៣នាក់ពីការប្រកួតឧត្តមសិក្សាថ្នាក់ជាតិត្រៀមទៅប្រកួតសាកលវិទ្យាល័យអាស៊ាន នៅឥណ្ឌូណេស៊ី

ភ្នំពេញ៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​រកបាន​ធនធាន​កីឡាករ កីឡាការិនី​ឆ្នើម​ៗ ដែល​ជា​ម្ចាស់​មេដាយមាស​ពី​ការ​ប្រកួត​កីឡាហែលទឹក​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ ២០២៤ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២១ នា​ចុងខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក្នុង​ឱកាស​ពិធី​បិទ​ការ​ប្រកួត​កីឡាហែលទឹក​ឧត្តម​សិក្សា និង​មធ្យមសិក្សា​ប​ច្ចេ​ទេស​ថ្នាក់​ជាតិ ដែល​បាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ នៅ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។

លោក ហែម គី​រី បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​កីឡាហែលទឹក​ឧត្តម​សិក្សា​ថ្នាក់​ជាតិ​នេះ សហព័ន្ធ​បាន​បាន​រៀបចំ​បាន​២​លើក ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៤​នេះ ដោយ​ឆ្នាំ​នេះ​រៀបចំ​បាន​ល្អ ប៉ុន្តែ​ក៏​មាន​ចំណុច​នៅ​ព្រួយបារម្ភ​ខ្លះ គឺ​ទាក់ទង​នឹង​ចំនួន​កីឡាករ កីឡាការិនី​ជា​និស្សិត​ចូលរួម​ប្រកួត​ប្រកួតប្រជែង​នៅ​តិច គឺ​មាន​ត្រឹមតែ​៥​គ្រឹះស្ថានឧត្តមសិក្សា​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​។

អគ្គលេខាធិការ​បាន​សង្កត់ធ្ងន់​ថា ៖«​តាម​រយៈ​ការ​ប្រកួតប្រជែង​នេះ យើង​អាច​ចម្រាញ់​បាន​កីឡាករ​-​កីឡាការិនី​ឆ្នើម​ៗ​ចំនួន​៣​នាក់​មក​ពី​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ភ្នំពេញ​ដូច​ៗ​គ្នា ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២១ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នា​ខែមិថុនា ឆ្នាំ​២០២៤ តំណាង​ឱ្យ​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​សិស្ស​និស្សិត​កម្ពុជា​។ ដូចដែល​បានឃើញ​ស្រាប់​កីឡាករ​-​កីឡាការិនី ដែល​យើង​ចម្រាញ់​បាន​ទាំង​៣​នា់​នេះ គឺ​សុទ្ធតែ​ជា​ម្ចាស់​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ឧត្ដម និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​នេះ ក្នុង​នោះ​គឺ​មាន​កីឡាការិនី សុខ វរ​ល័ក្ខណ កីឡាករ ទួន ទិ​ត្យ​សត្យា សុទ្ធតែ​ឈ្នះ​មេដាយមាស​។ ចំណែកឯ​កីឡាករ មន​ត្រស ផា​ន់​សុវណ្ណ​អា​រុន គឺ​កំពុង​តែ​ប្រឹងប្រែង​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដែល​សហព័ន្ធ​យើង​ស្នើ​សុំ​បាន​អាហារូបករណ៍​សម្រាប់​គាត់​នៅ​ទីនោះ »​។

«​ក្នុង​ព្រឹត្តិការណ៍​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នា​ខែ​ក្រោយ​នេះ យើង​កត់សម្គាល់​ឃើញ​ថា ប្រភេទ​វិញ្ញាសា​ដែល​យើង​ដាក់​ក្ដី​សង្ឃឹម​ខ្លាំង​នោះ គឺ​ប្រភេទ​វិញ្ញាសា​៥០ និង​១០០​ម៉ែត្រ​ហែល​របៀប​កង្កែប​ផ្នែក​នារី​របស់​កីឡាការិនី សុខ វរ​ល័ក្ខណ ព្រោះ​យើង​មើល​ជាក់ស្ដែង​កម្រិត​បច្ចេកទេស​របស់​គាត់​អាច​ឈាន​ទៅ​រក​ការ​ទទួល​បាន​មេដាយ​បាន​សម្រាប់​កម្រិត​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​២១​នេះ​»​។ នេះ​ជា​ការ​បន្ថែម​របស់​លោក​អគ្គលេខាធិការ​។

គួរ​រម្លឹក​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​សាកលវិទ្យាល័យ​អាស៊ាន សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ធ្លាប់​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង កាលពី​ឆ្នាំ​១៩៩៩ ដោយ​ដណ្តើម​បាន​ដោយ​លោក ហែម គី​រី ជា​អតីត​កីឡាករ​ឆ្នើម​របស់​កម្ពុជា​ជា​អ្នក​ដណ្តើម​បាន​ជូន​ជាតិ​។ ហើយ​តាំងពី​ពេល​នោះ​ដល់​បច្ចុប្បន្ន​មិន​ទាន់​មាន​កីឡាករ​ហែល​ទឹក​រូប​ណា​ម្នាក់​បំបែក​កំណត់​ត្រា​ថ្មី​បាន​នៅឡើយ​នោះ​ទេ​។ លោក​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ពួក​គាត់​ប្រឹងប្រែង ដើម្បី​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ការ​ប្រកួត​សកល​វិទ្យាល័យ​អាស៊ាន ឆ្នាំ​២០២៤​នេះ​។

សូម​បញ្ជាក់​ថា លទ្ធផល​បច្ចេកទេស​នៃ​ការ​ប្រកួត​កីឡាហែលទឹក​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ស​ថ្នាក់​ជាតិ ឆ្នាំ​២០២៤ រួម​មាន​៖ លេខ​១ សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ភ្នំពេញ ទទួល​បាន​មេដាយមាស​៦ ប្រាក់​៣ និង​សំរឹទ្ធ​៣​គ្រឿង​, លេខ​២ សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប ទទួល​បាន​មេដាយមាស​៤ ប្រាក់​២ និង​សំរឹទ្ធ​៤, លេខ​៣ វិទ្យាស្ថាន ខេ​ម​អេ​ដ ទទួល​បាន​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​២, លេខ​៤ សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ទទួល​បាន​មេដាយមាស​២ ប្រាក់​៥ និង​សំរឹទ្ធ​៣ និង​លេខ​៥ សាកលវិទ្យាល័យ​វេ​ស្ទើ​ន​កំពង់ចាម ទទួល​បាន​មេដាយមាស​១ ប្រាក់​៥ និង​សំរឹទ្ធ​៤​គ្រឿង​៕

ប្រភព៖ AKP

Previous articleកីឡាឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិបញ្ចប់ជាស្ថាពរខណៈអាស៊ីអឺរ៉ុប គ្រងជើងឯក ក្នុងចំណោម៤៧គ្រឹះស្ថានឧត្តមសិក្សា
Next articleChelsea សម្លឹងឃើញវីរៈបុរសរបស់ក្លឹប Barca ជាអ្នកមកជំនួសកន្លែង Pochettino