កីឡាករ វង្ស គឹមហួត៖ មានការជំរុញលើកទឹកចិត្ត សាមគ្គីជាក្រុមទើបធ្វើឲ្យយើងក្រុមយានយន្តកម្ពុជាឈ្នះពាន នៅថៃ

ភ្នំពេញ៖ កីឡាករ​យានយន្ត​កម្ពុជា វង្ស គឹ​ម​ហួត គូសបញ្ជាក់​ថា ព្រឹ​ត្ត​ការណ៍​ប្រណាំង​រថយន្ត Off-Road នៅ​ខេត្ត​ត្រា​ត ប្រទេស​ថៃ​បាន​បញ្ចប់​ក្រោម​ដំណក់ទឹកភ្លៀង កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៤ ជាមួយនឹង​ការ​អបអរសាទរ​ពី​កីឡាករ​ថៃ បន្ទាប់​ពី​រូប​លោក និង​កីឡាករ ហេង បញ្ញា ឈ្នះ​ពានរង្វាន់​ជូន​ជាតិ ក្នុង​ចំណោម​រថយន្ត​ខ្លាំង​ៗ​សរុប​២៨​គ្រឿង​ចូលរួម​។

កីឡាករ វង្ស គឹ​ម​ហួត បញ្ជាក់​ថា ជ័យជម្នះ​នេះ គឺ​មាន​ចំណែក​ចូលរួម​យ៉ាងច្រើន​ពី​ក្រុមការងារ​បច្ចេកទេស និង​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក ឈិ​ន ឈុំ​សីហា ប្រធាន​ក្រុម ជា​ពិសេស​ការ​គាំទ្រ​លើកទឹកចិត្ត​ផ្ទាល់​ពី​ឯកឧត្តម ទៀ ស្យាម ឯកឧត្តម ទៀ សុខា និង​ក្រុម​មហា​គ្រួសារ​រថយន្ត Off-Road រួម​ទាំង​ក្រុមហ៊ុន Top 1 ដែល​ជា​ដៃគូ​សហការ​ឧបត្ថម្ភ និង​ក្រុមហ៊ុន​ផ្សេង​ៗ​ទើប​ធ្វើ​ឱ្យ​យើង​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ​។ អ្នកបើកបរ​ពោរពេញ​ដោយ​បទ​ពិសោធន៍​រូប​នេះ​បន្ថែម​ថា ការ​ប្រណាំង​នេះ​ពិតជា​ពិបាកធ្វើ​ឱ្យ​កីឡាករ​ប្រណាំង​ជា​ច្រើន​បោះបង់​ការ​ប្រកួត ព្រោះ​ភ្លៀង​ខ្លាំង​ធ្វើ​ឱ្យ​ស្ថានភាព​ផ្លូវ​មាន​លេច​ទឹក ភក់​ជ្រៅ​ៗ ដីល្បាប់ និង​គ្រលុក​ជ្រៅ​ៗ ទើប​គណៈកម្មការ​សម្រេច​កាត់​២​ដំណាក់កាល​ចេញ ដោយ​ប្រកួត​តែ​៦​ដំណាក់កាល​ប៉ុណ្ណោះ​។ ការ​ប្រកួត​នេះ​បាន​អូស​បន្លាយ​ពេលវេលា​រហូត​ដល់​ម៉ោង​១​រំលង​អា​ធ្រា​ត រីឯ​ពិធី​ចែក​ពាន​វិញ​ដល់​ម៉ោង​២​អា​ធ្រា​ត​ទើប​បញ្ចប់​។

កីឡាករ វង្ស គឹ​ម​ហួត បាន​សង្កត់ធ្ងន់​ថា ជោគជ័យ​នេះ​ជា​កត្តា​មួយ​ដ៏​ល្អ​សម្រាប់​ជំរុញ​សមត្ថភាព​ក្រុមការងារ​ទាំងអស់​ឱ្យ​កាន់តែ​ស្ទាត់ជំនាញ​ច្បាស់លាស់ ដើម្បី​ពង្រឹង​អ្វី​ដែល​ខ្វះខាត ជា​ពិសេស​ក៏​ជា​ឱកាស​សាកល្បង​រថយន្ត​ប្រណាំង​ឱ្យ​ខ្លាំង និង​រួចរាល់​ត្រៀម​ការ​ប្រណាំង​លើក​ក្រោយ​ទៀត ដូច​ជា ការ​ប្រណាំង​នៅ​ខេត្ត​កាន់​ឆា​ណា​ក់បូ​រី និង​ខេត្ត​ត្រាង​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Off-Road នៅ​ខេត្ត​ត្រា​ត ប្រទេស​ថៃ មាន​រថយន្ត​សរុប​ចំនួន​៨២​គ្រឿង សម្រាប់ Class ដែល​កម្ពុជា​ចូលរួម មាន​រថយន្ត​២៨​គ្រឿង ដែល​សុទ្ធសឹងតែ​ជា​កីឡាករ​ខ្លាំង​ៗ​។ កម្ពុជា​បាន​បញ្ជូន​រថយន្ត​សរុប​៨​គ្រឿង រថយន្ត​ប្រណាំង​២​គ្រឿង និង​រថយន្ត​ក្រុមការងារ​៦​គ្រឿង ដឹកនាំ​ដោយ​លោក ឈិ​ន ឈុំ​សីហា​។ ជា​លទ្ធផល​រថយន្ត​ប្រណាំង VKH Team មាន​កីឡាករ វង្ស គឹ​ម​ហួត និង​ហេង បញ្ញា ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ រីឯ​កីឡាករ ព្រំ រស្មី និង លាភ ហេង មិន​ទទួល​បាន​ចំណាត់ថ្នាក់​ទេ ដោយសារ​បញ្ហា​គ្រឿង​ម៉ាស៊ីន​៕

ប្រភព៖ AKP

Previous articleសំណើរផ្ទេរ Neves របស់ Man Utd ត្រូវបានបដិសេធដោយនាយកក្លឹប Benfica
Next articleកីឡាករ ជា សំណាង បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់