ឯកឧត្តម វ៉ាត់ ចំរើន ជំរុញឱ្យគ្រូបង្វឹកកីឡាយូដូយកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ទៅប្រើប្រាស់ជាប្រយោជន៍មានតម្លៃ ក្នុងការអភិវឌ្ឍជំនាញកីឡាអូឡាំពិកនេះ

ភ្នំពេញ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) និង​ជា​រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជំរុញ​ឱ្យ​គ្រូបង្វឹក​កីឡា​យូ​ដូ​កម្ពុជា​គប្បី​យកចំណេះ​ដឹង​ពី​វគ្គ​បណ្តុះបណ្តាល​ទៅ​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​នូវ​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​កមួយ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​អគ្គលេខាធិការ NOCC ក្នុង​ឱកាស​បិទ​វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក ស្ដី​ពី​គ្រូបង្វឹក​កីឡា​យូ​ដូ​ថ្នាក់​ជាតិ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ NOCC​។

ឯកឧត្តម វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា ឱ្យ​កាស​សិក្សា​ជាមួយ​គ្រូ​ជំនាញ​មក​ពី​អន្តរជាតិ ពិតជា​កម្រ​ណាស់​ចំពោះ​សហព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗ ដែល​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ពោល​ក្នុង​មួយ​វគ្គ តាម​ប្រភេទ​កីឡា​មួយ​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់​ពី​២​ទៅ​៥​ឆ្នាំ​ក៏​មាន​។ ដូច្នេះ​ហើយ​ឱកាស​ដ៏​កម្រ​នេះ​យើង​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​ពី​សហព័ន្ធ​កីឡា​យូ​ដូ​អន្តរជាតិ​នេះ ដោយ​យើង​ត្រូវ​តែ​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​ការងារ​ជំនាញ​យូ​ដូ និង​ចែករំលែក​ចំណេះ​ជំនាញ​នេះ​ជូន​ដល់​កីឡាករ កីឡាការិនី​របស់​ខ្លួន ជា​អ្នក​ស្រឡាញ់​កីឡា​យូ​ដូ ដើម្បី​អភិវឌ្ឍ​កីឡា​យូ​ដូ​ឱ្យ​រីក​ចម្រើន​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ទៀត​ថា ៖«​បច្ចុប្បន្ន​នេះ កីឡា​យូ​ដូ​កម្ពុជា​មាន​ភាព​ក្ស​ត់​ខ្សោយ​គ្រូបង្វឹក​ណាស់ មិន​មាន​ចំនួន​ច្រើន​ដូច​ប្រភេទ​កីឡា​ដទៃ​ទៀត​ឡើយ​។ ដោយសារ​តែ​គ្រូបង្វឹក​ចាស់​ៗ​បាន​ស្លាប់ និង​ខ្លះ​មាន​វ័យចាស់​ជរា​។ ធនធាន​គ្រូ​កីឡា​យូ​ដូ គឺ​មាន​តិចតួច​បំផុត ហើយ​ធនធាន​គ្រូបង្វឹក​ដែល​មក​ទទួលយក​ការ​បណ្តុះបណ្តាល​នេះ គឺជា​ធនធាន​គ្រូបង្វឹក​ថ្មី​ខ្វះ និង​ចាស់​ខ្លះ​។ ចំណេះ​ជំនាញ​ថ្មី​ដែល​ទទួល​ពី​វគ្គ​បណ្តុះបណ្តាល​ជាមួយ​គ្រូ​សហព័ន្ធ​យូ​ដូ​អន្តរជាតិ សូម​យកចំណេះ​ដឹង​នេះ​យក​ទៅ​ប្រើប្រាស់​ដោយ​គុណ​តម្លៃ និង​រួម​គ្នា​ជួយ​អភិវឌ្ឍន៍ ដើម្បី​ឱ្យ​ធនធាន​កីឡា​យូ​ដូ​រីក​ដុះដាល​កាន់តែ​សម្បូ​បែប ដូច​ប្រភេទ​កីឡា​ដទៃ​ទៀត​»​។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ជា​គ្រូបង្វឹក​ទាំង​២៥​នាក់ ដែល​មក​ទទួល​ការ​ចែករំលែក​ពី​គ្រូ​ជំនាញ​សហព័ន្ធ​យូ​ដូ​អន្តរជាតិ ជា​ច្រើន​ថ្ងៃ​មកនេះ សូម​រួម​គ្នា​សាប​ព្រួស​ចំណេះដឹង ដែល​បាន​រៀនសូត្រ​ចែករំលែក​ដល់​សិស្ស​គុន និង​អ្នក​ដទៃ​ៗ​ទៀត ក្នុង​គោលដៅ​បង្កើត​ធនធាន​កីឡាករ កីឡាការិនី​ឱ្យ​បាន​ចំនួន​ច្រើន​រហូត​ដល់​រាបរយ​នាក់​នា​ពេល​ខាង​មុខ​។ គោលដៅ​របស់​គ្រូបង្វឹក​ត្រូវ​បង្កើន​ស្មារតី ក្នុង​ការ​បង្កើន​ធនធាន​សក្កា​នុ​ពល​ឱ្យ​បាន​ច្រើន ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ​។

ជាមួយ​គ្នា​នោះ ឯកឧត្តម​បាន​សំណូមពរ​ឱ្យ​ថ្នាក់ដឹកនាំ​យូ​ដូ​ត្រូវ​រួម​គ្នា​គិត​ប្រយោជន៍​កីឡា​យូ​ដូ​ជា​ធំ និង​ត្រូវ​មាន​ក្តី​ស្រមៃ​លើ​ប្រភេទ​កីឡា​របស់​ខ្លួន​ឈាន​ទៅ​ដល់​ការ​ប្រជែង​ដណ្តើម​បាន​មេដាយ​ជូន​កម្ពុជា​ពី​អូ​ឡាំ​ពិ​ក​ហ្គេ​ម នា​ឆ្នាំ​២០២៨​។ ប្រសិនបើ​កីឡា​យូ​ដូ​ដណ្តើម​បាន​មេដាយ​មួយ​ជូ​នេះ​ជាតិ​បាន​មែន​នោះ កីឡាករ កីឡាការិនី​នឹង​ក្លាយជា​វិ​រ​បុរស​របស់​កម្ពុជា​ជា​រៀង​រហូត​។

គួរ​បញ្ជាក់​ថា វគ្គ​សិក្សា​សាមគ្គី​អូ​ឡាំ​ពិ​ក ស្ដី​ពី​គ្រូបង្វឹក​កីឡា​យូ​ដូ ថ្នាក់​ជាតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល ៨​ថ្ងៃ ដោយ​បាន​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​០៥-១៣ ខែមិថុនា ក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក (OS) ដែល​មាន​សិក្ខាកាម​ជា​គ្រូបង្វឹក​ចំនួន​២៥​នាក់ ក្រោម​ការ​ចែករំលែក​ចំណេះដឹង​ពី​លោក AMAR MERIDJA គ្រូ​ជំនាញ​សហព័ន្ធ​កីឡា​យូ​ដូ​អន្តរជាតិ​៕

ប្រភព៖ AKP

Previous articleម្ចាស់ផ្ទះកម្ពុជាត្រៀមអត្តពលិកជួរមុខ១៦នាក់ ការប្រកួតកីឡាយុទ្ធគុនចម្រុះ ជើងឯកអាស៊ី នាថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤
Next articleឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ ជាការវាស់ស្ទង់សមត្ថភាព ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩