ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូបានលើកឡើងថា ៖«ការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ ជាការផ្ដល់ឱកាសដល់ប្រភេទកីឡាតេក្វាន់ដូ ដើម្បីផ្សព្វផ្សាយក្បាច់គុនដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូចជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីតេក្វាន់ដូ WT កម្ពុជាបានប្រកួតបង្ហាញសមត្ថភាព បច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសបន្ថែម ត្រៀមទៅចូលរួមការប្រកួតអន្តរជាតិនានា និងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា យុវជនអាស៊ី លើកទី៥ (5th Asian Youth Games) នាឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា»។
នេះជាលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ នៅក្នុងឱកាសបិទការប្រកួតការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េ (Korean Ambassador’s Cup Taekwondo Competition 2024) នៅអគារប៊ូយ៉ុង-ខ្មែរនៃពហុកីឡដ្ឋានជាតិ (អូឡាំពិក) កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញផ្តល់កិត្តិយសចូលរួមពីឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមខេមរសហព័ន្ធតេក្វាន់ដូ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា ដែលបាន រៀបចំការប្រកួត Korean Ambassador’s Cup Taekwondo Competition 2024 ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម ក៏ដូចជាកោតសរសើរដល់កីឡាករ កីឡាការិនីទាំងអស់ ដែលបានគោរពនូវបទបញ្ជាប្រកួតបានយ៉ាងល្អប្រសើរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា តាមរយៈការប្រកួតនេះ ជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីកីឡាតេក្វាន់ដូ WT កម្ពុជា បានប្រកួតបង្ហាញនូវសមត្ថភាព បច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសបន្ថែមដល់កីឡាករកីឡាការិនីទាំងអស់ ត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូជាលក្ខណៈអន្តរជាតិនានា និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខផងដែរ។
ប្រធានខេមរសហព័ន្ធតេក្វាន់ដូបានលើកឡើងថា តាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួត ឃើញថា កីឡាករ កីឡាការិនីទាំងអស់បានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះ នាពេលនេះ ហើយសង្ឃឹមថា កីឡាករ កីឡាការិនី ដែលពុំទទួលបានជ័យលាភីក្នុងឆ្នាំនេះ កុំអស់សង្ឃឹម សូមត្រៀមខ្លួន សម្រាប់កម្មវិធីប្រកួតផ្សេងៗទៀត ដោយការប្រកួត តែងមានចាញ់ មានឈ្នះ ហើយក៏បានផ្តល់ឱ្យយើងនូវចំណងមិត្តភាព សាមគ្គីភាព តទៅមុខផងដែរ។
សូមបញ្ជាក់ថា ការប្រកួត 2024 Korean Ambassador’s Cup Taekwondo Competition គឺមានប្រតិភគ្រូបង្វឹក ៣៤នាក់កីឡាករ១៤០នាក់ និងកីឡាការិនី១២២នាក់ ដោយក្នុងនោះមកពីតាមបណ្ដាក្លឹប និងគ្រឹះស្ថានសិក្សាសរុបចំនួន ២២ ដោយប្រកួត១ថ្ងៃពេញគឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិ៕
ប្រភព៖ AKP