លោក ភា សុភ័ក្ត្រា ៖ ខ្ញុំចង់ឱ្យក្រុមជម្រើសជាតិ U19 ផ្លាស់ប្តូរផ្នត់គំនិតពីមួយជាតិជាប់ជម្រើសជាតិម្តង មកជាជាប់ជម្រើសជាតិទៅកសាងស្នាដៃជូនជាតិទាំងអស់គ្នា

ភ្នំពេញ៖ លោក ភា សុ​ភ័​ក្ត្រា គ្រូ​បង្គោល​បាល់ទាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​១៩​ឆ្នាំ (U19) បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP យ៉ាង​ដូច្នេះ​ថា ៖«​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​យុវជន​នូវ​ចំណុច​មួយ គឺ​ខ្ញុំ​ចង់ឱ្យ​ពួក​គាត់​ផ្លាស់​ប្តូរ​ផ្នត់គំនិត​មួយ​ដែល​ថា មួយ​ជាតិ​ជា​អ្នកលេង​បាល់ទាត់ ប្រាថ្នា​ចង់​ជាប់​ជម្រើសជាតិ​ឱ្យ​បាន​ម្តង ដើម្បី​បន្សល់​កិត្តិ​យ​នាម​សម្រាប់​ជាតិ​។ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​ចង់ឱ្យ​ពួក​គាត់​មិន​ត្រឹម​ប្រាថ្នា​ឱ្យ​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​ប៉ុណ្ណោះ​ទេ គឺ​ខ្ញុំ​បាន​បណ្តុះ​ផ្នត់គំនិត​របស់​គាត់​ទៅ​កសាង​ស្នាដៃ​ជូន​ជាតិ​ទាំងអស់​គ្នា ដើម្បី​ទទួល​បាន​សមិទ្ធផល​ជូន​ជាតិ ដោយ​នេះ​ជា​សមិទ្ធផល​មួយ ដែល​យើង​ទាំងអស់​គ្នា​គួរតែ​ស្រែក​ឃ្លាន​»​។

នៅ​ក្នុង​ការ​ប្រមូលផ្តុំ​ធ្វើតេស្ត​កីឡាករ​ជម្រើសជាតិ ថ្ងៃ​ដំបូង កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ (​អូ​ឡាំ​ពិ​ក​) គ្រូ​បង្គោល​ឈុត U19 កម្ពុជា​រូប​នេះ​គូសបញ្ជាក់​បន្ថែម​ឱ្យ AKP ដឹង​ថា ៖«​ត្រង់​ចំណុច​នេះ ខ្ញុំ​ចង់​បណ្តុះ​ផ្នត់គំនិត​យុវជន​បាល់ទាត់​ជម្រើសជាតិ​ទាំងអស់​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ការ​គិត​របស់​គាត់ ហើយ​គឺ​ត្រូវ​ចង់បាន​ជ័យជម្នះ ហើយ​សង្ឃឹមថា ក្រុម​ជម្រើសជាតិ U19 កម្ពុជា​នឹង​ធ្វើ​បាន​ល្អ ក្នុង​ការ​ប្រកួត​កម្រិត​អាស៊ាន​ឆ្នាំ​២០២៤​នេះ​។ មក​ថ្ងៃនេះ មិនមែន​ត្រឹមតែ​មាន​ន័យ​ថា មក​ដើម្បី​ធ្វើតេស្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មក​ដើម្បី​កសាង​ស្នាដៃ​ជូន​ជាតិ​»​។

បន្ថែម​ពីលើ​នេះ លោក ភា សុ​ភ័​ក្ត្រា បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង ក្នុង​នាម​ជា​គ្រូ​បង្គោល​ឈុត​យុវជន ពេល​នេះ គឺ​ខុស​ប្លែក​ពី​អារម្មណ៍​កាលពី​ពេល​ក្នុង​នាម​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ កន្លង​ទៅ​។ លោក​បាន​កោះហៅ និង​ប្រមូលផ្តុំ​ហ្វឹកហាត់​ថ្ងៃ​ដំបូង កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដើម្បី​ជម្រុះ​បន្ត​រហូត​ដល់​បញ្ជី​ចុង​ក្រោយ ២៣​នាក់ ត្រៀម​ការ​ប្រកួត​ជើងឯក​អាស៊ាន (ASEAN U19 Boys’ Championship 2024) នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នា​ខែកក្កដា ខាង​មុខ​។

ក្នុង​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ថ្ងៃ​ដំបូង​នេះ លោក ភា សុ​ភ័​ក្ត្រា គូសបញ្ជាក់​ថា សម្រាប់​ការ​ប្រមូលផ្តុំ​ថ្ងៃ​ដំបូង​នេះ យុវជន​មក​ពី​បណ្តា​ក្លឹ​ប​នានា​មាន​ចំនួន​ជិត ៦០​នាក់ ដែល​នេះ​ការ​ប្រមូលផ្តុំ និង​ជម្រុះ​ក្នុង​ដំណាក់កាល​ទី​១​ត្រូវ​ដំណើរការ​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​១៨-២០ ខែមិថុនា ហើយ​នៅ​ដំណាក់កាល​ទី​២ ត្រូវ​បន្ត​ធ្វើ​រយៈពេល​៣​ថ្ងៃ​ទៀត ពី​ថ្ងៃ​ទី​២៥-២៧ ខែមិថុនា​។

លោក​បន្ថែម​ថា សម្រាប់​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ថ្ងៃ​ទី​១​នេះ គឺជា​ការ​ធ្វើតេស្ត​របៀប​ពិនិត្យ​មើល​កាយសម្បទា​រាង​កាយ កម្លាំង​ថាមពល ភាព​រហ័សរហួន ដោយ​ក្រៅ​អំពី​ការ​ធ្វើតេស្ត​លើ​លក្ខណៈ​បច្ចេកទេស​របស់​ពួក​គាត់ ក៏​យើង​បាន​តេស្ត​ទៅ​លើ​ស្មារតី​របស់​ពួក​គាត់​ផង​ដែរ​។ ព្រោះថា ការ​ធ្វើតេស្ត​លើ​ស្មារតី​របស់​ពួក​គាត់ ថា​តើ​ពេល​ពួក​គាត់​ប្រកួត​លើ​ទីលាន ដែល​មាន​ទស្សនិកជន​មក​ទស្សនា​ផ្ទាល់​នៅ​ក្នុង​កីឡដ្ឋាន​ផ្ទាល់ តើ​ពួក​គាត់​មាន​អារម្មណ៍​របៀប​ម៉េច​។ ការ​ធ្វើតេស្ត​លើ​បច្ចេកទេស​នេះ​ត្រូវ​យក​ជា​ទិន្នន័យ​របស់​ពួក​គាត់​ដែរ ពីព្រោះ​យើង​ត្រូវ​សម្រួល​អារម្មណ៍​ពួក​គាត់ ដែល​ជា​ធម្មតា ក្នុង​ប្រកួត​ផ្លូវការ​មាន​សម្ពាធ​ពី​អ្នក​ជុំវិញ​ច្រើន​តើ​គាត់​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​បាន​ដែរ​ឬទេ​។

ចំពោះ​ការ​ធ្វើតេស្ត​ដំណាក់កាល​ទី​២​ត្រូវធ្វើ​ហ្គេ​ម​ទាំងអស់​តែ​ម្តង ដោយ​ហ្គេ​ម​ត្រូវ​ចែក​ជា​៥​ក្រុម​ទៅ​៦​ក្រុម ហើយ​ក្នុង​១​ហ្គេ​ម​ៗ​ត្រូវ​លេង​២៥​នាទី ហើយ​ក្នុង​១​ថ្ងៃ​ៗ​ត្រូវ​លេង​ដល់​៥០​នាទី​។ សម្រាប់​បញ្ជី​ចុង​ក្រោយ គឺ​មាន​ត្រឹម​២៣​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​កំពុង​ស្នើ​សុំ​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ឱ្យ​បាន​៣៦​នាក់ ដើម្បី​ត្រៀម​ឱ្យ​បាន​គ្រប់គ្រាន់​នូវ​ចំនួន​កីឡាករ ក្នុង​ពេល​របួស​។ ចំពោះ​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​នៃ​បញ្ជី​ចុង​ក្រោយ​នេះ អាច​នឹង​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ខេត្តសៀមរាប រួច​បន្ត​ទៅ​បោះជំរំ​នៅ​មជ្ឈមណ្ឌល​ជាតិ​បាទី​។

ជាមួយ​គ្នា​នេះ លោក​ក៏​កំពុង​សិក្សា​លើ​គម្រោង​មួយ ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​អញ្ជើញ​ក្រុម​U19​កម្ពុជា​ទៅ​ប្រកួត​មិត្តភាព​។ ប្រសិនបើ​យើង​បាន​ទៅ​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្រុម​U19​កម្ពុជា​អាច​នឹង​មាន ២​ប្រកួត ដែល​ជា​ភាព​ចំណេញ​មួយ សម្រាប់​ការ​ប្រមូលផ្តុំ​ដែល​មានការ​ប្រកួត​មិត្តភាព​លក្ខណៈ​អន្តរជាតិ ហើយ​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ យើង​នឹង​ត្រូវ​ចេញដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ាន​អាយុ​ក្រោម​១៩​ឆ្នាំ​តែ​ម្តង​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ជើងឯក​អាស៊ាន U19 នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ឆ្នាំ​២០២៤​នេះ​មាន​១២​ក្រុម​ចូលរួម ដោយ​ចែក​ចេញ​ជា ៣​ពូ​ល ក្នុង​នោះ ពូ​ល A មាន​ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី កម្ពុជា ហ្វី​លី​ពី​ន និង​ទី​ម័​រ​ខាងកើត​, ពូ​ល B រួម​មាន​៖ ឡាវ វៀតណាម មី​យ៉ា​ន់​ម៉ា អូស្ត្រាលី ខណៈ​ពូ​ល C រួម​មាន​៖ ម៉ា​ឡេ​ស៊ី ថៃ សិង្ហ​បុរី និង​ប្រ៊ុ​យ​ណេ​។ ព្រឹត្តិការណ៍​នេះ​គ្រោង​ប្រកួត​ចាប់​ផ្តា​ប់​ពី​ថ្ងៃ​ទី​១៧ ខែកក្កដា ដល់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤៕

ប្រភព៖ AKP

Previous articleការប្រកួតកីឡាប៉ារ៉ាប៊ូលីងអន្តរជាតិ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងបង្កើតគោលដៅ ចម្បងៗសម្រួចឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនប៉ារ៉ាហ្គេមអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា
Next articleកីឡាករ Khvicha Kvaratskhelia ឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមអំពីអនាគតខ្លួន