ការប្រកួតកីឡាប៉ារ៉ាប៊ូលីងអន្តរជាតិ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងបង្កើតគោលដៅ ចម្បងៗសម្រួចឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនប៉ារ៉ាហ្គេមអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា

ភ្នំពេញ៖ ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ប៊ូ​លីង​ជើងឯក​កម្ពុជា​លក្ខណៈ​បើក​ទូលាយ ឆ្នាំ​២០២៤ (Cambodia Open Para Bowling Championships 2024) ជា​លើក​ដំបូង ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ជា​លើក​ដំបូង មាន​៩​ប្រទេស​ចូលរួម​ប្រកួតប្រជែង​មេដាយ ពី​ថ្ងៃ​ទី​២១-២៧ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ទីលាន​ប្រូ​ប៊ូល​ស្ព័​រ នៃ​ខា​លែ​ន​ឌែ​ល​ម៉​ល រាជធានី​ភ្នំពេញ​នឹង​បង្កើត​បាន​នូវ​ឱកាស​ថ្មី​នៃ​គោ​ដៅ​ចម្បង​ៗ​បន្ត​ឆ្ពោះទៅ​រក​គោលដៅ​ចូលរួម​ប្រកួត​កីឡា​ប៊ូ​លីង​មាន​ពិការ​ភាព​អន្តរជាតិ​នានា នា​ពេល​ខាង​មុខ ជា​ពិសេស​គោលដៅ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម នា​ឆ្នាំ​២០២៩ នៅ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី (Asian Youth Games) លើក​ទី​៥ នា​ឆ្នាំ​២០២៩ ដូច​គ្នា​។

នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ចុង​ស​ប្តា​ហ៍​នេះ នៅ​ទីស្នាក់ការ គណៈកម្មាធិការ​ជាតិ​ប៉ា​ឡាំ​ពិ​ក​កម្ពុជា ក្រោម​វត្តមាន​ពី​លោក ឆាយ កៀក អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា និង លោក យី សុ​ភ័​ក្ត្រា អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។

លោក ឆាយ កៀក អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា បាន​ថ្លែង​ថា សម្រាប់​ការ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ប៊ូ​លីង​ជើងឯក​កម្ពុជា​លក្ខណៈ​បើក​ទូលាយ ឆ្នាំ​២០២៤ (Cambodia Open Para Bowling Championships 2024) ពី​ថ្ងៃ​ទី​២១-២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​គោលបំណង​ធំ​ៗ​ចំនួន​៤ គឺ​ទី​១.​ផ្សព្វផ្សាយ​កីឡា​ប៊ូ​លីង​នៅ​កម្ពុជា ទី​២. បង្ហាញ​ពី​ការ​ត្រៀមខ្លួន​របស់​អត្ត​ព​លិ​ក​កម្ពុជា​យើង​សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១៣ នៅ​ប្រទេស​ថៃ នា​ឆ្នាំ​២០២៥ ទី​៣. ជា​ការ​ផ្សារ​ភ្ជាប់​មិត្តភាព​សាមគ្គីភាព​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ទី​៤. ជា​ការ​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​មាន​ពិការ​ភាព​កម្ពុជា ដែល​មាន​សមត្ថភាព​បាន​ប្រកួតប្រជែង​ជាមួយ​កីឡាករ​បរទេស ដើម្បី​បង្ហាញ​ទេព​កោសល្យ និង​បាន​អភិវឌ្ឍ​ខ្លួន​ឱ្យ​មានគុណ​ភាព ឆ្ពោះទៅ​ការ​ប្រកួត​អន្តរជាតិ​នានា នា​ពេល​ខាង​មុខ​។

លោក​អគ្គលេខាធិការ​រំពឹង​ថា ការ​ប្រកួត​អន្តរជាតិ នៅ​កម្ពុជា ឆាប់​ៗ​នេះ នឹង​មាន​កីឡាករ កីឡាការិនី​ប៉ា​រ៉ា​កម្ពុជា នឹង​អាច​ដ​ណ្តើ​មាន​មេដាយ​កម្រិត​ណាមួយ​យក​មក​ជូន​កម្ពុជា ជាក់​ជា​មិន​ខាន ទោះបី​អត្ត​ព​លិ​ក​មាន​ពិការ​ភាព​កម្ពុជា​ទើប​ចាប់ផ្តើម​ហ្វឹកហាត់ រយៈពេល​ខ្លី​ក៏​ដោយ​។ ការ​វាយតម្លៃ​ពី​អ្នកជំនាញ​ប៊ូ​លីង​អន្តរជាតិ ដែល​ចុះ​មក​ពិនិត្យ កាលពី​កន្លង​ទៅ​ថ្មី​នេះ ក៏​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ថា អត្ត​ព​លិ​ក​ពិការ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​អភិវឌ្ឍ​សមត្ថភាព​បាន​យ៉ាង​លឿន​គួរ​ឱ្យ​កត់សម្គាល់​។

ជាមួយ​គ្នា​នេះ លោក យី សុ​ភ័​ក្ត្រា អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​ប្រកួត​កីឡា​ប៊ូ​លីង​ប៉ា​រ៉ា​ជា​លក្ខណៈ​អន្តរជាតិ លើក​ដំបូង​នេះ បាន​ផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី​ប៉ា​រ៉ា​កម្ពុជា​បាន​ដកស្រង់​បទ​ពិសោធន៍ និង​ពង្រឹងសមត្ថភាព​ឆ្ពោះទៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១៣ នៅ​ប្រទេស​ថៃ នា​ឆ្នាំ​២០២៥​ខាង​មុខ​។ លោក​បាន​ចាត់​ទុក​ថា ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង គឺជា​ការ​បើក​ទំព័រ​ថ្មី​បង្ហាញ​ពី​ប្រភេទ​កីឡា​ប៊ូ​លីង​ផ្សព្វផ្សាយ​ដល់​កីឡាករ កីឡាការិនី​មាន​ពិការ​ភាព​វ័យក្មេង​ងាក​មក​លេង​កីឡា​ប៊ូ​លីង ដើម្បី​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៩ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ប៊ូ​លីង​ជើងឯក​កម្ពុជា​លក្ខណៈ​បើក​ទូលាយ ឆ្នាំ​២០២៤ ដែល​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​មាន​១០​ក្រុម​-​ប្រទេស​ចូលរួម​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ​រៀង​ៗ​ខ្លួន ដោយ​មាន​ដូច​ជា​អត្ត​ព​លិ​ក​មាន​ពិការ​ភាព​មក​ពី​ប្រទេស​ថៃ ចិន ចិន​ហុងកុង ជប៉ុន កូរ៉េ ឥណ្ឌា ម៉ា​ឡេ​ស៊ី សាធារណរដ្ឋ​ឆេ​ក ហ្វី​លី​ន​ពី​ន និង​ម្ចាស់ផ្ទះ​កម្ពុជា ដោយ​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​សរុប ចំនួន ១៤២​នាក់​។ ចំពោះ​ម្ចាស់ផ្ទះ​កម្ពុជា​បាន​ត្រៀម​កីឡាករ កីឡាការិនី​៨​នាក់ ក្នុង​នោះ​កីឡាករ​៤​នាក់ និង​កីឡាការិនី​៤​នាក់ ដែល​ហ្វឹកហាត់​និង​ជម្រុះ​ចេញពី​ក្នុង​ចំណោម​កីឡាករ កីឡាការិនី​សរុប ២០​នាក់​៕

ប្រភព៖ AKP

Previous articleក្លឹបវិសាខា តែងតាំងលោក Anthony John McMullen ជាគ្រូបង្វឹកអ្នកចាំទី
Next articleលោក ភា សុភ័ក្ត្រា ៖ ខ្ញុំចង់ឱ្យក្រុមជម្រើសជាតិ U19 ផ្លាស់ប្តូរផ្នត់គំនិតពីមួយជាតិជាប់ជម្រើសជាតិម្តង មកជាជាប់ជម្រើសជាតិទៅកសាងស្នាដៃជូនជាតិទាំងអស់គ្នា