ភ្នំពេញ៖ លោក ភា សុភ័ក្ត្រា គ្រូបង្គោលបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ (U19) បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP យ៉ាងដូច្នេះថា ៖«អ្វីដែលខ្ញុំចង់និយាយទៅកាន់យុវជននូវចំណុចមួយ គឺខ្ញុំចង់ឱ្យពួកគាត់ផ្លាស់ប្តូរផ្នត់គំនិតមួយដែលថា មួយជាតិជាអ្នកលេងបាល់ទាត់ ប្រាថ្នាចង់ជាប់ជម្រើសជាតិឱ្យបានម្តង ដើម្បីបន្សល់កិត្តិយនាមសម្រាប់ជាតិ។ ប៉ុន្តែពេលនេះ ខ្ញុំចង់ឱ្យពួកគាត់មិនត្រឹមប្រាថ្នាឱ្យជាប់ជាកីឡាករជម្រើសជាតិប៉ុណ្ណោះទេ គឺខ្ញុំបានបណ្តុះផ្នត់គំនិតរបស់គាត់ទៅកសាងស្នាដៃជូនជាតិទាំងអស់គ្នា ដើម្បីទទួលបានសមិទ្ធផលជូនជាតិ ដោយនេះជាសមិទ្ធផលមួយ ដែលយើងទាំងអស់គ្នាគួរតែស្រែកឃ្លាន»។
នៅក្នុងការប្រមូលផ្តុំធ្វើតេស្តកីឡាករជម្រើសជាតិ ថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) គ្រូបង្គោលឈុត U19 កម្ពុជារូបនេះគូសបញ្ជាក់បន្ថែមឱ្យ AKP ដឹងថា ៖«ត្រង់ចំណុចនេះ ខ្ញុំចង់បណ្តុះផ្នត់គំនិតយុវជនបាល់ទាត់ជម្រើសជាតិទាំងអស់ឱ្យមានការផ្លាស់ប្តូរការគិតរបស់គាត់ ហើយគឺត្រូវចង់បានជ័យជម្នះ ហើយសង្ឃឹមថា ក្រុមជម្រើសជាតិ U19 កម្ពុជានឹងធ្វើបានល្អ ក្នុងការប្រកួតកម្រិតអាស៊ានឆ្នាំ២០២៤នេះ។ មកថ្ងៃនេះ មិនមែនត្រឹមតែមានន័យថា មកដើម្បីធ្វើតេស្តប៉ុណ្ណោះទេ ប៉ុន្តែមកដើម្បីកសាងស្នាដៃជូនជាតិ»។
បន្ថែមពីលើនេះ លោក ភា សុភ័ក្ត្រា បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង ក្នុងនាមជាគ្រូបង្គោលឈុតយុវជន ពេលនេះ គឺខុសប្លែកពីអារម្មណ៍កាលពីពេលក្នុងនាមជាគ្រូជំនួយក្រុមជម្រើសជាតិឈុតធំ កន្លងទៅ។ លោកបានកោះហៅ និងប្រមូលផ្តុំហ្វឹកហាត់ថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីជម្រុះបន្តរហូតដល់បញ្ជីចុងក្រោយ ២៣នាក់ ត្រៀមការប្រកួតជើងឯកអាស៊ាន (ASEAN U19 Boys’ Championship 2024) នៅប្រទេសឥណ្ឌូណេស៊ី នាខែកក្កដា ខាងមុខ។
ក្នុងការប្រមូលផ្តុំហ្វឹកហាត់ថ្ងៃដំបូងនេះ លោក ភា សុភ័ក្ត្រា គូសបញ្ជាក់ថា សម្រាប់ការប្រមូលផ្តុំថ្ងៃដំបូងនេះ យុវជនមកពីបណ្តាក្លឹបនានាមានចំនួនជិត ៦០នាក់ ដែលនេះការប្រមូលផ្តុំ និងជម្រុះក្នុងដំណាក់កាលទី១ត្រូវដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៨-២០ ខែមិថុនា ហើយនៅដំណាក់កាលទី២ ត្រូវបន្តធ្វើរយៈពេល៣ថ្ងៃទៀត ពីថ្ងៃទី២៥-២៧ ខែមិថុនា។
លោកបន្ថែមថា សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ថ្ងៃទី១នេះ គឺជាការធ្វើតេស្តរបៀបពិនិត្យមើលកាយសម្បទារាងកាយ កម្លាំងថាមពល ភាពរហ័សរហួន ដោយក្រៅអំពីការធ្វើតេស្តលើលក្ខណៈបច្ចេកទេសរបស់ពួកគាត់ ក៏យើងបានតេស្តទៅលើស្មារតីរបស់ពួកគាត់ផងដែរ។ ព្រោះថា ការធ្វើតេស្តលើស្មារតីរបស់ពួកគាត់ ថាតើពេលពួកគាត់ប្រកួតលើទីលាន ដែលមានទស្សនិកជនមកទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋានផ្ទាល់ តើពួកគាត់មានអារម្មណ៍របៀបម៉េច។ ការធ្វើតេស្តលើបច្ចេកទេសនេះត្រូវយកជាទិន្នន័យរបស់ពួកគាត់ដែរ ពីព្រោះយើងត្រូវសម្រួលអារម្មណ៍ពួកគាត់ ដែលជាធម្មតា ក្នុងប្រកួតផ្លូវការមានសម្ពាធពីអ្នកជុំវិញច្រើនតើគាត់អាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានដែរឬទេ។
ចំពោះការធ្វើតេស្តដំណាក់កាលទី២ត្រូវធ្វើហ្គេមទាំងអស់តែម្តង ដោយហ្គេមត្រូវចែកជា៥ក្រុមទៅ៦ក្រុម ហើយក្នុង១ហ្គេមៗត្រូវលេង២៥នាទី ហើយក្នុង១ថ្ងៃៗត្រូវលេងដល់៥០នាទី។ សម្រាប់បញ្ជីចុងក្រោយ គឺមានត្រឹម២៣នាក់ប៉ុណ្ណោះ ប៉ុន្តែកំពុងស្នើសុំអ្នកចាត់ការក្រុមជម្រើសជាតិឱ្យបាន៣៦នាក់ ដើម្បីត្រៀមឱ្យបានគ្រប់គ្រាន់នូវចំនួនកីឡាករ ក្នុងពេលរបួស។ ចំពោះការប្រមូលផ្តុំហ្វឹកហាត់នៃបញ្ជីចុងក្រោយនេះ អាចនឹងទៅបោះជំរំហ្វឹកហាត់នៅខេត្តសៀមរាប រួចបន្តទៅបោះជំរំនៅមជ្ឈមណ្ឌលជាតិបាទី។
ជាមួយគ្នានេះ លោកក៏កំពុងសិក្សាលើគម្រោងមួយ ដែលប្រទេសម៉ាឡេស៊ីបានអញ្ជើញក្រុមU19កម្ពុជាទៅប្រកួតមិត្តភាព។ ប្រសិនបើយើងបានទៅប្រកួតមិត្តភាពនៅប្រទេសម៉ាឡេស៊ី ក្រុមU19កម្ពុជាអាចនឹងមាន ២ប្រកួត ដែលជាភាពចំណេញមួយ សម្រាប់ការប្រមូលផ្តុំដែលមានការប្រកួតមិត្តភាពលក្ខណៈអន្តរជាតិ ហើយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ យើងនឹងត្រូវចេញដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ានអាយុក្រោម១៩ឆ្នាំតែម្តង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកអាស៊ាន U19 នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៤នេះមាន១២ក្រុមចូលរួម ដោយចែកចេញជា ៣ពូល ក្នុងនោះ ពូល A មានម្ចាស់ផ្ទះឥណ្ឌូណេស៊ី កម្ពុជា ហ្វីលីពីន និងទីម័រខាងកើត, ពូល B រួមមាន៖ ឡាវ វៀតណាម មីយ៉ាន់ម៉ា អូស្ត្រាលី ខណៈពូល C រួមមាន៖ ម៉ាឡេស៊ី ថៃ សិង្ហបុរី និងប្រ៊ុយណេ។ ព្រឹត្តិការណ៍នេះគ្រោងប្រកួតចាប់ផ្តាប់ពីថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤៕
ប្រភព៖ AKP