កីឡាករ Off-Road កម្ពុជា ៖ កីឡាករបរទេសចាត់ទុកថា កម្ពុជាជាបន្លាក្នុងកែវភ្នែកក្នុងការប្រកួតមិនដូចពីមុន បន្ទាប់ពីកម្ពុជាសាងបានសមិទ្ធផលល្អៗជូនជាតិ

ភ្នំពេញ៖ កីឡាករ​ប្រណាំង​រថយន្ត Off-Road កម្ពុជា លោក ព្រំ រស្មី បាន​លើក​ឡើង​ថា បន្ទាប់​ពី​ប្រភេទ​កីឡា​រថយន្ត Off-Road កម្ពុជា​កសាង​បាន​សមិទ្ធផល​បាន​ល្អ​ៗ កាលពី​ប្រកួត​អន្តរជាតិ​កន្លង​មក កីឡាករ​បរទេស​បាន​ក្រឡេក​មក​មើល​គុណភាព​បច្ចេកទេស​កីឡាករ និង​រថយន្ត​របស់​កម្ពុជា ដោយ​កម្ពុជា​គឺជា​បន្លាក្នុងកែវភ្នែក​របស់​ពួក​គេ ដោយ​មិន​អាច​មើល​រំលង​បាន ដូច​កាលពី​ពេល​មុន​ទៀត​ឡើយ​។

នេះ​ជា​ការ​លើក​ឡើង នៅ​ក្នុង​បទ​សម្ភាសន៍ ក្នុងអំឡុងពេល​ដែល​រូប​លោក និង​ក្រុមការងារ​កីឡា​ប្រណាំង​រថយន្ត Off-Road កម្ពុជា​ធ្វើ​ដំណើរ​ចាក​ចេញពី​មាតុប្រទេស​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Off-Road Magnificent Ten នៅ​ខេត្ត​កាន់​ឆា​ណា​ក់បូ​រី ប្រទេស​ថៃ ដោយ​មាន​៤​ប្រទេស ឡាវ ម៉ា​ឡេ​ស៊ី កម្ពុជា និង​ម្ចាស់ផ្ទះ​ថៃ ពី​ថ្ងៃ​ទី​២៧-៣០ ខែមិថុនា ឆ្នាំ​២០២៤ លើ​វិញ្ញាសា​ជា​ក្រុម ក្នុង​ចំណោម​២៨​ក្រុម​ស្មើនឹង​រថយន្ត​សរុប ៨៤​គ្រឿង​។

លោក ព្រំ រស្មី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​នេះ​ជា​ប្រកួត​ដ៏​ធំ​ប្រចាំឆ្នាំ​២០២៤ នៅ​ប្រទេស​ថៃ ដោយសារ​លើក​នេះ​ជា​ការ​ប្រកួត​ជា​ក្រុម​។ ឆ្នាំ​នេះ ឆ្លងកាត់​តាម​ការ​ប្រកួត​លក្ខណៈ​ឯកត្តជន​កន្លង​មក​របស់​កីឡាករ​កម្ពុជា​ទាំងអស់ គឺ​យើង​មានបទពិសោធន៍​ជា​ច្រើន​កន្លង​មក ជា​ពិសេស​គឺ​រថយន្ត​កម្ពុ​ជានា​ពេល​នេះ​សុទ្ធតែ​បាន​បំពាក់​លក្ខណៈ​បច្ចេកទេស​ទាន់​ស៊េរី​ទំនើប​ដូច​គេ​អស់ហើយ​»​។

«​ជា​ទស្សនៈ​របស់ខ្ញុំ​ផ្ទាល់ ប្រសិនបើ​គ្មាន​ឧបសគ្គ​លើ​បញ្ហា​ម៉ាស៊ីនរថយន្ត​ទេ​នោះ ក្រុម​កម្ពុជា​នឹង​អាច​ដណ្តើម​បាន​ចំណាត់ថ្នាក់​ល្អ Top 5 ឬ​អាច​ដល់ Top 3 ជាក់​ជា​មិន​ខាន​។ ដោយសារ​ឆ្នាំ​២០២៤​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​រៀបចំ​ផ្លូវ​ប្រកួត​មាន​ស្ថានភាព​ទឹក​ជ្រៅ​ខ្លាំង ហើយ​ប្រសិនបើ​យើង​អាច​ឆ្លងកាត់​ផ្លូវ​ឧបសគ្គ​នេះ​បាន គឺ​យើង​នឹង​អាច​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​»​។ លោក ព្រំ រស្មី បាន​បន្ថែម​។

លោក ព្រំ រស្មី បន្ថែម​ថា កន្លង​ទៅ មិន​មាន​អ្វី​ប្លែក​ទេ ដោយសារ​តែ​ប្រទេស​គេ គឺ​មានគុណ​ភាព​ខ្ពស់​ជាង​យើង​ស្រាប់​ហើយ ប៉ុន្តែ​ចុង​ក្រោយ​នេះ គឺ​បណ្តា​កីឡាករ​បរទេស​ផ្សេង​ៗ​បាន​ព្យាយាម​ក្រឡេក​មក​មើល​គុណភាព​បច្ចេកទេស​រថយន្ត​របស់​កម្ពុជា ដោយ​ពួក​គេ​ក៏​មានការ​គិត ក្តី​បារម្ភ ដោយ​ចាត់​ទុក​ថា ក្រុម​កម្ពុជា គឺជា​បន្លាក្នុងកែវភ្នែក​របស់​ពួក​គេ​ដែរ ដែល​កម្ពុជា​ជា​គូប្រជែង​មិន​អាច​មើល​រំលង​បាន បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​សមិទ្ធផល​ថ្មី​គួរ​ឱ្យ​ភ្ញាក់ផ្អើល ក្នុង​ការ​ប្រកួត​អន្តរជាតិ​មួយ កាលពី​ពេល​កន្លង​មក​ថ្មី​ៗ ក្នុង​ឆ្នាំ​២០២៤​ដែរ ដោយ​កីឡាករ ព្រំ រស្មី ដណ្តើម​បាន​លេខ​៣ នៅ​ខេត្ត​ខាណ​ម និង​កីឡាករ វង្ស​គឹ​ម​ហួត ដណ្តើម​បាន​លេខ​១ នៅ​ខេត្ត​ត្រា​ត ប្រទេស​ថៃ​។ បន្ថែម​ពីលើ​នេះ លោក ព្រំ រស្មី សូម​ឱ្យ​ប្រជាពលរដ្ឋ​ផ្តល់​ការ​គាំទ្រ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​កម្ពុជា​ឱ្យ​បាន​ច្រើន​កុះករ តាម​រយៈ​ការ​ផ្សាយ​របស់​ផេ​ក ដើម្បី​លើកទឹកចិត្ត ក្នុង​ការ​លើក​ទង់ជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ​។

ជាមួយ​គ្នា​នេះ លោក ឈិ​ន ឈុំ​សីហា ប្រធាន​ក្រុម Off-Road កម្ពុជា​បាន​គូសបញ្ជាក់​ដែរ​ថា បេសកកម្ម​នេះ ក្រុម​កម្ពុជា​មាន​កីឡាករ និង​ក្រុមបច្ចេកទេស​សរុប ២៣​នាក់ ដោយ​មាន​រថយន្ត​ប្រណាំង​៣​គ្រឿង និង​រថយន្ត​សេវា​មាន​ចំនួន​៧​គ្រឿង​ផ្សេង​ទៀត​។ លោក​បានឱ្យ​ដឹង​បន្ថែម​ថា សម្រាប់​បេសកកម្ម​នេះ ក្រុម​កីឡាករ និង​ក្រុមការងារ​បច្ចេកទេស​ជួសជុល​មាន​ក្តី​រីករាយ​ៗ​ដូច​គ្នា ដែល​លោក​បាន​លើក​បង្ហាញ​ការ​ជំរុញ​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​។

គួរ​បញ្ជាក់​ថា ចំពោះ​សមាសភាព​កីឡាករ Off-Road កម្ពុជា រួម​មាន​៖១-​កីឡាករ វង្ស គឹ​ម​ហួត អ្នកបើកបរ កីឡាករ ហេង បញ្ហា ជំនួយការ​អ្នកបើកបរ​, ២-​កីឡាករ ញឹ​ម សុ​វ​ណ្ណា​រ៉ូ អ្នកបើកបរ កីឡាករ ម៉ៅ ណៃ ជំនួយការ​អ្នកបើកបរ និង​៣-​កីឡាករ ព្រំ រស្មី អ្នកបើកបរ កីឡាករ លាភ ហែង ជំនួយការ​អ្នកបើកបរ​៕

ប្រភព៖ AKP

Previous articleFiorentina កំពុងចរចាផ្ទេរយកខ្សែប្រយុទ្ធម្នាក់ពីក្លឹប Juventus
Next articleក្រុម U16 កម្ពុជា វាយបកតាមស្មើជាមួយក្រុមវៀតណាម នៃវគ្គសន្សំពិន្ទុពូល B នៃជើងឯកអាស៊ាន ASEAN U16 Boys’ Championship 2024