ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡទូកនាគកម្ពុជាបានចាកចេញពីមាតុ ប្រទេសរបស់ខ្លួន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅរដ្ឋ Altai Krai ប្រទេសរុស្ស៊ី។
ការចូលរួមប្រកួតទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ី ឆ្នាំ២០២៤នេះ គឺជាការឆ្លើយតបតាមការអញ្ជើញរបស់សហព័ន្ធកីឡាទូកកាយ៉ាក់ និងទូកកានូ រដ្ឋ Altai Krai ប្រទេសរុស្ស៊ី ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤នោះ ក្រោមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដោយបានបញ្ជូនអត្តពលិកមានប្រធានប្រតិភូ គ្រូបង្វឹក កីឡាក សរុបចំនួន១៥នាក់។
អត្តពលិកទាំង១៥នាក់នេះ មានសមាសភាព ឯកឧត្តម នាយឧត្តមនាវាទោ ចាយ ស៊ីជឿន ប្រធានប្រតិភូ និងជាអគ្គលេខាធិការង លោក ណាញ ណាញធូ (Naing Naing Htoo ) គ្រូបង្វឹក លោក គង់ សុភាព គ្រូជំនួយ និងកីឡាករចំនួន១២នាក់។
លោក គង់ សុភាព គ្រូជំនួយបានគូសបញ្ជាក់ថា កីឡាករជម្រើសជាតិទូកនាគកម្ពុជាទាំងអស់បានហ្វឹកហាត់ជាប់ជាប្រចាំជាមួយគ្រូបង្វឹកអន្តរជាតិ លោក ណាញ ណាញធូ។ ក្រោមការវាយតម្លៃមើលឃើញថា កីឡាករមានការរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស។ គ្រូជំនួយរូបនេះ បានគូសបញ្ជាក់ទៀតថា ការទៅចូលរួមការប្រកួតលក្ខណៈអន្តរជាតិធំៗបែបនេះ គឺដើម្បីឱ្យកីឡាករទូកនាគកម្ពុជាបានដកស្រង់បទពិសោធន៍ជាមួយកីឡាករអន្តរជាតិជាការត្រៀមខ្លួនមួយឆ្ពោះទៅដណ្តើមមេដាយការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ។
លោក គង់ សុភាព បន្ថែមទៀតថា សម្រាប់ការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសរុស្ស៊ីលើកនេះ ជចាការរំពឹងទុករបស់គ្រូបង្វឹក គឺទទួលបានលទ្ធផលល្អមកជូនកម្ពុជា។ ជាក់ស្តែង ការប្រកួតទូកនាគអន្តរជាតិនៅប្រទេសចិនកាលពីពេលថ្មីៗនេះ ក្រុមកីឡាទូកជម្រើសជាតិកម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាប់ចំណាត់ថ្នាក់៦ជាលទ្ធផលល្អមួយ ដែលបញ្ជាក់ឱ្យឃើញថាទូកនាគកម្ពុជាកំពុងបោះជំហានរីកចម្រើន និងមានសក្កានុពលជាក្តីសង្ឈឹមខ្ពស់ក្នុងការដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខផងដែរ៕