ឥណ្ឌូនេស៊ី៖ កម្ពុជាបន្តឈ្នះមេដាយ២គ្រឿងបន្ថែម គឺមេដាយមាស១ និងសំរឹទ្ធ១គ្រឿងលើប្រភេទកីឡាប៉េតង់ នៅក្នុងការប្រកួតកីឡាសកលវិទ្យាល័យអាស៊ាន លើកទី២១ (21st ASEAN University Games) នៅប្រទេសឥណ្ឌូណេស៊ី នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
កញ្ញា រិម ឆាម មន្ត្រីលេខាធិការដ្ឋាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP តាមសារអេឡិចត្រូនិកពីប្រទេសឥណ្ឌូណេស៊ីមកថា មេដាយមាស១គ្រឿងរបស់កម្ពុជាដណ្តើមបានដោយកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា លើវិញ្ញាសាបុរស ១នាក់ទល់១នាក់ បន្ទាប់ពីបានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករថៃ ក្រុមA ដោយលទ្ធផល ១៣-០៧។ ចំពោះមេដាយសំរឹទ្ធ១គ្រឿង ដណ្តើមបានដោយកីឡាការិនី ហៀង វិជ្ជនី លើវិញ្ញាសានារីវាយយកពិន្ទុ ក្នុងពិន្ទុ ៣៣-២២ ជាមួយកីឡាការិនីថៃ ក្រុមA ដូចគ្នា។ ចំពោះពិធីបំពាក់មេដាយមាសជូនដល់កីឡាករ ពុធយុន ច័ន្ទដារ៉ា ទទួលបានការអញ្ជើញផ្តល់កិត្តិយសបំពាក់ដោយឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកនាយបេសកកម្ម។
គិតមកដល់ត្រឹមល្ងាចថ្ងៃទី២៧ ខែមិថុនានេះ គឺកម្ពុជាដណ្តើមបានមេដាយសរុប៣គ្រឿង មាស១ ប្រាក់១ និងសំរឹទ្ធ១ ដោយមេដាយប្រាក់១គ្រឿងដណ្តើមបានដោយកីឡាការិនីយូដូ កែវ វ៉ាន់ឌឿន កាលពីថ្ងៃទី២៦មិថុនា និងមេដាយមាស១ និងសំរឹទ្ធ១ ដណ្តើមបានដោយប្រភេទកីឡាប៉េតង់ នៅថ្ងៃទី២៧មិថុនានេះ។ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ (21st ASEAN University Games) នៅប្រទេសឥណ្ឌូណេស៊ី ដំណើរការប្រកួតពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៤នេះ ដែលមានកីឡាករ កីឡាការិនីជានិស្សិតនេះ គឺកម្ពុជាបានបញ្ជូនប្រតិភូ មន្ត្រី គ្រូបង្វឹក អត្តពលិកសរុប ៤៥នាក់ ដឹកនាំដោយឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកប្រធានប្រតិភូ, ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡាទទួលបន្ទុកអនុប្រធានប្រតិភូ និងឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកនាយបេសកកម្ម។ កម្ពុជាបានបញ្ជូនអត្តពលិក៦ប្រភេទកីឡា រួមមាន៖ កីឡាប៉េតង់ មានគ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ១៤នាក់, តេក្វាន់ដូ WT មានគ្រូបង្វឹក កីឡាករ កីឡាការិនី ៦នាក់, ការ៉ាតេ មានគ្រូបង្វឹក អាជាកណ្តាល និងកីឡាការិនី៥នាក់, អត្តពលកម្ម មានគ្រូបង្វឹក និងកីឡាករ ៤នាក់, ហែលទឹក មានគ្រូបង្វឹក កីឡាករ កីឡាការិនី ៤នាក់ និងប្រភេទកីឡាយូដូ មានគ្រូបង្វឹក និងកីឡាការិនី២នាក់៕