ក្រុមជម្រើសទូកនាគកម្ពុជាចេញទៅប្រកួតកីឡាទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ី

ភ្នំពេញ៖ ក្រុម​ជម្រើសជាតិ​កី​ឡ​ទូក​នាគ​កម្ពុជា​បាន​ចាក​ចេញពី​មា​តុ ប្រទេស​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​ទូក​នាគ​អន្តរជាតិ (International Dragon Boat Festival) នៅ​រដ្ឋ Altai Krai ប្រទេស​រុ​ស្ស៊ី​។

ការ​ចូលរួម​ប្រកួត​ទូក​នាគ​អន្តរជាតិ នៅ​ប្រទេស​រុ​ស្ស៊ី ឆ្នាំ​២០២៤​នេះ គឺជា​ការ​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​សហព័ន្ធ​កីឡា​ទូក​កា​យ៉ាក់ និង​ទូក​កា​នូ រដ្ឋ Altai Krai ប្រទេស​រុ​ស្ស៊ី ដោយ​ចាប់ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​២៨-៣០ ខែមិថុនា ឆ្នាំ​២០២៤​នោះ ក្រោម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា ដោយ​បាន​បញ្ជូន​អត្ត​ព​លិ​ក​មាន​ប្រធាន​ប្រតិភូ គ្រូបង្វឹក កីឡាក សរុប​ចំនួន​១៥​នាក់​។

អត្ត​ព​លិ​ក​ទាំង​១៥​នាក់​នេះ មាន​សមាសភាព ឯកឧត្តម នាយ​ឧត្តម​នាវា​ទោ ចាយ ស៊ី​ជឿន ប្រធាន​ប្រតិភូ និង​ជា​អគ្គលេខាធិការ​ង លោក ណា​ញ ណា​ញ​ធូ (Naing Naing Htoo ) គ្រូបង្វឹក លោក គង់ សុភាព គ្រូ​ជំនួយ និង​កីឡាករ​ចំនួន​១២​នាក់​។

លោក គង់ សុភាព គ្រូ​ជំនួយ​បាន​គូសបញ្ជាក់​ថា កីឡាករ​ជម្រើសជាតិ​ទូក​នាគ​កម្ពុជា​ទាំងអស់​បាន​ហ្វឹកហាត់​ជាប់​ជា​ប្រចាំ​ជាមួយ​គ្រូបង្វឹក​អន្តរជាតិ លោក ណា​ញ ណា​ញ​ធូ​។ ក្រោម​ការ​វាយតម្លៃ​មើលឃើញ​ថា កីឡាករ​មានការ​រីក​ចម្រើន​ទាំង​សមត្ថភាព និង​បច្ចេកទេស​។ គ្រូ​ជំនួយ​រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា ការ​ទៅ​ចូលរួម​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ធំ​ៗ​បែប​នេះ គឺ​ដើម្បី​ឱ្យ​កីឡាករ​ទូក​នាគ​កម្ពុជា​បាន​ដកស្រង់​បទ​ពិសោធន៍​ជាមួយ​កីឡាករ​អន្តរជាតិ​ជា​ការ​ត្រៀមខ្លួន​មួយ​ឆ្ពោះទៅ​ដណ្តើម​មេដាយ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ឆ្នាំ​២០២៥ ដែល​ប្រទេស​ថៃ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក គង់ សុភាព បន្ថែម​ទៀត​ថា សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​រុ​ស្ស៊ី​លើក​នេះ ជ​ចា​ការ​រំពឹង​ទុក​របស់​គ្រូបង្វឹក គឺ​ទទួល​បាន​លទ្ធផល​ល្អ​មក​ជូន​កម្ពុជា​។ ជាក់ស្តែង ការ​ប្រកួត​ទូក​នាគ​អន្តរជាតិ​នៅ​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមកីឡា​ទូក​ជម្រើសជាតិ​កម្ពុជា​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជាប់​ចំណាត់ថ្នាក់​៦​ជា​លទ្ធផល​ល្អ​មួយ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ថា​ទូក​នាគ​កម្ពុជា​កំពុង​បោះ​ជំហាន​រីក​ចម្រើន និង​មាន​សក្កា​នុ​ពល​ជា​ក្តី​ស​ង្ឈឹ​ម​ខ្ពស់​ក្នុង​ការ​ដណ្តើម​មេដាយ​ជូន​កម្ពុជា​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ឆ្នាំ​២០២៥​ខាង​មុខ​ផង​ដែរ​៕

Previous articleកម្ពុជាបន្តឈ្នះមេដាយមាស១ និងសំរឹទ្ធ១ លើប្រភេទកីឡាប៉េតង់កីឡាសាកលវិទ្យាល័យអាស៊ាន នៅឥណ្ឌូណេស៊ី
Next articleMan City ផ្ទេរយកបានយុវជនម្នាក់ពីក្លឹប Chelsea