ភ្នំពេញ៖ ឯកឧត្តម យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានលើកឡើងថា ប្រភេទកីឡាអត្តពលកម្មជនពិការមានសក្តានុពលខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកីឡាករ កីឡាការិនីធ្វើបានកាន់តែលឿន ដោយចាយពេលកាន់តែតិច ដោយនេះបានបង្ហាញពីការរីកចម្រើនទាំងបរិមាណ និងគុណភាពរបស់អត្តពលិកពិការកម្ពុជា តាមរយៈការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ពីលើកឆាកអន្តរជាតិ។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តមអគ្គលេខាធិការ នៅក្នុងឱកាសបិទការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជា លើកទី៥ រយៈពេល២ថ្ងៃ គឺថ្ងៃ ២៨-២៩ មិថុនា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម យី វាសនា សង្កត់ធ្ងន់ថា ប្រភេទកីឡាអត្តពលកម្មជនពិការកាន់តែមានសន្ទុះកើនឡើងនូវចំនួនកីឡាករ កីឡាការិនី ដោយកាលពីដំបូងឡើយមានត្រឹមអត្តពលិក ៥នាក់ ហើយបានបង្កើនបាន ពី១០នាក់ដល់២០នាក់ ហើយបច្ចុប្បន្នកើនដល់៤០នាក់ទៅ៥០នាក់។ គោលបំណងសំខាន់នៃការប្រកួតអត្តពលកម្មជនពិការកម្ពុជា លើកទី៥ រយៈពេល២ថ្ងៃនេះ គឺដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីពិការកម្ពុជាបានជួបជុំគ្នា ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព និងសុខភាពរបស់អត្តពលិកពិការ ជាពិសេសគឺជាការដុសខាត់នូវខ្នាតបច្ចេកទេសរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនានា នាពេលខាងមុខ។
ឯកឧត្តមដាក់ក្តីសង្ឃឹមថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងបន្តការខិតខំបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសរបស់អត្តពលិកពិការកម្ពុជាឱ្យមានគុណតម្លៃកាន់តែខ្ពស់ សម្រាប់ប្រទេសដែលមានសន្តិភាព គឺ«កីឡារស់ក្នុងសន្តិភាព»។ តាមរយៈការប្រកួតនេះ ក៏ជាការដាក់ទិសដៅបន្តឆ្ពោះទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នាខែមករា ឆ្នាំ២០២៦ខាងមុខ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ នាខែសីហា ឆ្នាំ២០២៤ មានកីឡាករពិការម្នាក់នឹងត្រូវចូលរួមប្រកួតកម្រិតពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង។
«ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាព និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ នាឆ្នាំ២០២៩ ដោយនាពេលបច្ចុប្បន្ន យើងត្រូវតែរៀបចំគ្រប់ប្រភេទកីឡាទាំងអស់ ដើម្បីត្រៀមឆ្ពោះទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម បន្ទាប់ពីបញ្ចប់ការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩»។ ឯកឧត្តម យី វាសនា បានបន្ថែម
ជាមួយគ្នានេះ ឯកឧត្តម យី វាសនា ក៏បានអំពាវនាវដល់បងប្អូនជនពិការទូទាំងប្រទេសសូមចូលរួមលេងកីឡា ដើម្បីបានស្តារកាយសម្បទាឱ្យមានសុខភាពល្អ ហើយកាលណាលេងកីឡាយូរទៅនឹងអាចក្លាយជាកីឡាអាជីព ដែលប្រកួតតំណាងជាតិ ដែលរាជរដ្ឋាភិបាលតែងតែផ្តល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ ដោយមេដាយមាស ប្រាក់ និងសំរឹទ្ធ មានតម្លៃស្មើគ្នានឹងប្រភេទកីឡាមិនពិការដែរ ក្នុងនោះមេដាយមាស១ កម្រិតអាស៊ាន ១ម៉ឺនដុល្លារ អាស៊ី ២ម៉ឺនដុល្លារ និងពិភពលោក ៤ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា ការប្រកួតអត្តពលកម្មជនពិការកម្ពុជា លើកទី៥ ឆ្នាំ២០២៤នេះ មាន៩ប្រភេទពិការភាព គឺប្រភេទT11, T12, T20, T46, T47, T53, T54,T62 និងT64 ក្នុងវិញ្ញាសា ១០០ម៉ែត្រ ២០០ម៉ែត្រ ៤០០ម៉ែត្រ និងលោតចម្ងាយ ដោយមានកីឡាករ-កីឡាការិនីសរុប ៤០នាក់ (កីឡាករ ២៨នាក់)។ ការប្រកួតប្រព្រឹត្តទៅបានដោយមានការគាំទ្រពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហការជាមួយអង្គការបេះដូងមាស និងមានការឧបត្ថម្ភដោយគ្រឹះស្ថានមេក្រូហិរញ្ញវត្ថអាក់ទីវភីផល ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ក្រុមហ៊ុនប៉ូការីស្វេត ក្លោតហ្វូតូស្ទូឌីយូ មន្ទីរពេទ្យខ្មែរ-សូវៀត និងអ្នកស្មគ្រ័ចិត្តមកពីសាកលវិទ្យាល័យសុខាភិបាលផងដែរ៕