ក្រុមជម្រើសជាតិទូកនាគកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងក្នុងការប្រកួតទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ី

រុស្ស៊ី៖ ក្រុម​ជម្រើសជាតិ​ទូក​នាគ​កម្ពុជា​ចំណុះ​១២​នាក់​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ជូន​ជាតិ​លើ​វិញ្ញាសា​ប្រណាំង​ចម្ងាយ​២០០​ម៉ែត្រ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ទូក​នាគ​អន្តរជាតិ (International Dragon Boat Festival នៅ​ប្រ​ទស​រុ​ស្ស៊ី នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤​។

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក គង់ សុភាព គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​ទូក​នាគ​កម្ពុជា តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នា​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា​នេះ​។ ក្នុង​វិញ្ញាសា​ប្រណាំង​ចម្ងាយ​២០០​ម៉ែត្រ​នេះ ចំណុះ​១២​នាក់​នេះ គឺ​ក្រុម​ជម្រើសជាតិ​មី​យ៉ា​ន់​ម៉ា ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​១ មេដាយមាស​, ឥណ្ឌូ​ណេ​ស៊ី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​២ មេដាយ​ប្រាក់ និង​កម្ពុជា​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធ ខណៈ​កម្ពុជា នៅ​សល់​២​វិញ្ញាសា​ទៀត គឺ​វិញ្ញាសា ៥០០​ម៉ែត្រ និង ២០០០​ម៉ែត្រ​។

ឯកឧត្តម ចាយ ស៊ី​ជឿន អគ្គលេខាធិការ​រង សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា ទទួល​បន្ទុក​ប្រធាន​ប្រតិភូ​របស់​កម្ពុជា​បាន​គូសបញ្ជាក់​មក​ថា ជម្រើសជាតិ​ទូក​នាគ​កម្ពុជា ព្រឹត្តិការណ៍​អន្តរជាតិ នៅ​ប្រទេស​រុ​ស្ស៊ី នេះ​មាន​៩​ប្រទេស​ចូលរួម ក្នុង​នោះ ម្ចាស់ផ្ទះ រុ​ស្ស៊ី កម្ពុជា ឥណ្ឌូ​ណេ​ស៊ី ម៉ា​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន ឥណ្ឌា អ៊ូ​ស​បេ​គី​ស្ថាន វៀតណាម និង ម៉ា​ឡេ​ស៊ី ខណៈ​ដែល​ប្រទេស​រុ​ស្ស៊ី​ម្ចាស់ផ្ទះ​មាន​ច្រើន​ទូក​ចូលរួម​។

ឯកឧត្តម ចាយ ស៊ី​ជឿន បន្ថែម​ទៀត​ថា ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង​៩​នេះ គឺ​មាន​ប្រទេស​ខ្លាំង​ចំនួន​២ គឺ​ប្រទេស​ឥ​ណ្តូ​នេ​ស៊ី និង​ប្រទេស​មី​យ៉ា​ន់​ម៉ា សុទ្ធ​សឹង​ជា​ប្រទេស​ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​អាស៊ី និង​ស៊ី​ហ្គេ​ម​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ទូក​នាគ​អន្តរជាតិ (International Dragon Boat Festival) នៅ​ប្រទេស​រុ​ស្ស៊ី​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​២៩​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ក្នុង​នោះ​កម្ពុជា​ចូលរួម​លើ​៣​វិញ្ញាសា​ទូក​នាគ​បុរស​ចំណុះ​១២​នាក់ វិញ្ញាសា ២០០​ម៉ែត្រ ៥០០​ម៉ែត្រ និង​២០០០​ម៉ែត្រ​៕

Previous articleឯកឧត្តម យី វាសនា៖ កីឡាអត្តពលកម្មជនពិការកើនឡើងសក្តានុពលទាំងបរិមាណ និងគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ
Next articleរឿងរបស់ Man Utd និងកីឡាករ De Ligt បានវិវត្តន៍ដល់ចំនុចនេះហើយ