កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ឈឿង អាលីហ្សា ឈ្នះមេដាយប្រាក់កីឡាសាកលវិទ្យាល័យអាស៊ាន នៅឥណ្ឌូណេស៊ី

ឥណ្ឌូនេស៊ី៖ កីឡាការិនី​តេ​ក្វា​ន់​ដូ WT កម្ពុជា ឈឿ​ង អា​លី​ហ្សា ដណ្តើម​បាន​មេដាយ​ប្រាក់ ១ គ្រឿង​លើ​ប្រភេទ​ទម្ងន់​ក្រោម ៥៧ គីឡូក្រាម បន្ទាប់​ពី​ចាញ់​កីឡាការិនី​តេ​ក្វា​ន់​ដូ WT​ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី នៃ​ព្រឹត្តិការណ៍​កីឡា​សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២១ (21st ASEAN University Games) នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

លោក ឆ​យ យ៉ុ​ង​សុក ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា ដែល​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង​បាន​ប្រាប់​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ថា កីឡាការិនី​តេ​ក្វា​ន់​ដូ WT កម្ពុជា ឈឿ​ង អា​លី​ហ្សា បាន​ចាញ់​កីឡាការិនី​ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី Maheswari Megawati នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​កីឡាការិនី​តេ​ក្វា​ន់​ដូ WT ម្ចាស់ផ្ទះ​ឈ្នះ​មេដាយមាស ចំណែក​កីឡាការិនី​តេ​ក្វា​ន់​ដូ WT ថៃ Chaichana Areya ទទួល​បាន​មេដាយ​សំរឹទ្ធ​។ ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ WT មាន​គ្រូបង្វឹក​ម្នាក់ អាជ្ញាកណ្តាល ITOs ម្នាក់ កីឡាករ ២​នាក់ និង​កីឡាការិនី ២​នាក់ លើ​វិញ្ញាសា​នារី​ប្រយុទ្ធ ៤៩​គីឡូ​ក្រោម និង​ប្រយុទ្ធ ៥៧​គីឡូ​ក្រោម និង​បុរស​ប្រយុទ្ធ ៨០ គីឡូ​ក្រោម និង​មេ​គុន​ឯកត្តជន​។

ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​មាន​គោលបំណង​លើកកម្ពស់​សាមគ្គីភាព​និស្សិត​សាកលវិទ្យាល័យ​អាស៊ាន​តាម​រយៈ​ការ​លេង​កីឡា​។ ផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី ដែល​ជា​និស្សិត​កំពុង​សិក្សា​ដើម្បី​កំណត់​ជំនាញ ទេព​កោសល្យ​ផ្នែក​កីឡា​របស់​ពួក​គេ​នៅ​ក្នុង​តំបន់​អាស៊ាន និង​ផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី និស្សិត​សាកលវិទ្យាល័យ ដើម្បី​ធ្វើ​អន្តរ​កម្ម និង​ចូលរួម​ក្នុង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ប្រពៃណី​ប្រទេស​ក្នុង​អាស៊ាន​។

គួរ​បញ្ជាក់​ថា កម្ពុជា​បាន​បញ្ជូន​ប្រតិភូ​សហព័ន្ធ​កីឡា​សិស្ស​និស្សិត​កម្ពុជា​ចំនួន ៤៥​នាក់ លើ​៦​ប្រភេទ​កីឡា​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​២១ ចាប់ពី​ថ្ងៃ​ទី​២៥ ខែមិថុនា ដល់​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូ​ណេ​ស៊ី​។ មក​ដល់​ពេល​នេះ កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប ៥​គ្រឿង ក្នុង​នោះ​មេដាយមាស​១ និង​សំរឹទ្ធ​២ ដណ្តើម​បាន​លើ​ប្រភេទ​កីឡា​ប៉េតង់​, មេដាយ​ប្រាក់​២ ដណ្តើម​បាន​លើ​ប្រភេទ​កីឡា​យូ​ដូ និង​តេ​ក្វា​ន់​ដូ WT៕

Previous articleBayern នឹងលក់កីឡាកររូបនេះ ដើម្បីយកលុយផ្ទេរយក Jonathan Tah
Next articleអនុប្រធានសហព័ន្ធកីឡាទូក ៖ ភាពជោគជ័យរបស់ទូកនាគនៅរុស្ស៊ីជាការបង្ហាញពីសក្ដានុពល ក្នុងការប្រជែងមេដាយនៅស៊ីហ្គេម ២០២៥