ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក យិត ភីរ: អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកយកពីភាពរីកចម្រើនរបស់ក្រុមកីឡាករទូកកានូ និងរ៉ូអ៊ីងកម្ពុជាថា ភាពជោគជ័យក្នុងការទទួលបានមេដាយមាស១គ្រឿង និងសំរឹទ្ធពីរគ្រឿងពីការប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី(International Dragon Boat Festival) គឺជាផ្លូវមួយបង្ហាញពីភាពខ្លាំងរបស់កម្ពុជា និងកាន់តែមានទំនុកចិត្តក្នុងការប្រជែងយកមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសថៃ នាឆ្នាំ២០២៥។
នេះជាគូសបញ្ជាក់របស់ឯកឧត្តម នៅក្នុងឱកាសទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ប្រតិភូកីឡាទូកនាគកម្ពុជា វិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព និងមោទកភាពជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រក VIP កាលពីវេលាម៉ោង១០យប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្ដមបានគូសបញ្ជាក់ថា ៖«ភាពជោគជ័យនាពេលនេះបានមកពីការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាករទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ យើងទៅប្រកួតនៅប្រទេសរុស្ស៊ីក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ ជាការតេស្ដសមត្ថភាពមួយដ៏មានសារៈសំខាន់ ដើម្បីឱ្យដឹងថាតើកម្រិតសមត្ថភាពរបស់យើងនៅកម្រិតណា ដើម្បីងាយស្រួលយកពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីបំពេញក្នុងគោលដៅធំ គឺដើម្បីឆ្ពោះទៅប្រកួតជែងមេដាយជូនជាតិឱ្យបាន ក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៥ខាងមុខ នៅប្រទេសថៃ»។
ឯកឧត្ដម យិត ភីរៈ បានបន្ថែមទៀតថា ភាពជោគជ័យនាពេលនេះដែរក៏បានមកពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពិសេសនោះគឺឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា។ ឯកឧត្ដមប្រធានសហព័ន្ធតែងតែខិតខំប្រឹងប្រែងណាស់ ក្នុងការធ្វើយ៉ាងណាជំរុញឱ្យកីឡាករ កីឡាការិនីទូកកានូ និងរ៉ូអ៊ីងកម្ពុជាមានសកម្មភាពប្រកួតឱ្យបានច្រើន ពោលគឺស្ទើរតែគ្រប់ព្រឹត្តិការណ៍អន្តរជាតិ ដើម្បីធ្វើយ៉ាងណាបង្កើតកម្រិតបច្ចេកទេស និងបទពិសោធប្រកួតឱ្យឈានទៅដល់កម្រិតខ្ពស់មួយដែលសហព័ន្ធបានកំណត់។
គួររម្លឹកថា ការប្រកួតកីឡាកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) បានប្រព្រឹត្តិទៅចាប់ពីថ្ងៃ២៩-៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានប្រទេសចូលរួមសរុបចំនួន៩ មានម្ចាស់ផ្ទះរុស្ស៊ី កម្ពុជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អ៊ូសបេគីស្ថាន វៀតណាម និងម៉ាឡេស៊ី។ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករទូកនាគ ១៥នាក់ ហើយជាលទ្ធផល គឺកម្ពុជាទទួលបានមេដាយសរុប៣គ្រឿង ក្នុងនោះមេដាយមាស១ និងសំរឹទ្ធ២គ្រឿង៕