ឥណ្ឌូនេស៊ី៖ កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ឈឿង អាលីហ្សា ដណ្តើមបានមេដាយប្រាក់ ១ គ្រឿងលើប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម បន្ទាប់ពីចាញ់កីឡាការិនីតេក្វាន់ដូ WTម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៃព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ (21st ASEAN University Games) នៅប្រទេសឥណ្ឌូណេស៊ី។
លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា ដែលជាជនជាតិកូរ៉េខាងត្បូងបានប្រាប់ពីប្រទេសឥណ្ឌូណេស៊ីថា កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ឈឿង អាលីហ្សា បានចាញ់កីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ី Maheswari Megawati នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាការិនីតេក្វាន់ដូ WT ម្ចាស់ផ្ទះឈ្នះមេដាយមាស ចំណែកកីឡាការិនីតេក្វាន់ដូ WT ថៃ Chaichana Areya ទទួលបានមេដាយសំរឹទ្ធ។ ប្រភេទកីឡាតេក្វាន់ដូ WT មានគ្រូបង្វឹកម្នាក់ អាជ្ញាកណ្តាល ITOs ម្នាក់ កីឡាករ ២នាក់ និងកីឡាការិនី ២នាក់ លើវិញ្ញាសានារីប្រយុទ្ធ ៤៩គីឡូក្រោម និងប្រយុទ្ធ ៥៧គីឡូក្រោម និងបុរសប្រយុទ្ធ ៨០ គីឡូក្រោម និងមេគុនឯកត្តជន។
ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានមានគោលបំណងលើកកម្ពស់សាមគ្គីភាពនិស្សិតសាកលវិទ្យាល័យអាស៊ានតាមរយៈការលេងកីឡា។ ផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ដែលជានិស្សិតកំពុងសិក្សាដើម្បីកំណត់ជំនាញ ទេពកោសល្យផ្នែកកីឡារបស់ពួកគេនៅក្នុងតំបន់អាស៊ាន និងផ្តល់ឱកាសដល់កីឡាករ កីឡាការិនី និស្សិតសាកលវិទ្យាល័យ ដើម្បីធ្វើអន្តរកម្ម និងចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីប្រទេសក្នុងអាស៊ាន។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនប្រតិភូសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន ៤៥នាក់ លើ៦ប្រភេទកីឡាទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី។ មកដល់ពេលនេះ កម្ពុជាដណ្តើមបានមេដាយសរុប ៥គ្រឿង ក្នុងនោះមេដាយមាស១ និងសំរឹទ្ធ២ ដណ្តើមបានលើប្រភេទកីឡាប៉េតង់, មេដាយប្រាក់២ ដណ្តើមបានលើប្រភេទកីឡាយូដូ និងតេក្វាន់ដូ WT៕