យុវជន លីម លោកា ស្ថិតក្នុងបញ្ជីឈ្មោះ U19 កម្ពុជា ២៣នាក់ត្រៀមជើងឯកអាស៊ាន នៅឥណ្ឌូណេស៊ី

ភ្នំពេញ​៖ កីឡាករ​បាល់ទាត់​កូន​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់ លី​ម លោកា (​ឈ្មោះ​ពេញ លី​ម លោកា​ថុ​ង ឬ លោកា​ថុ​ង លី​ម​) ប្អូនប្រុស​កីឡាករ លី​ម អា​រុណ​រ៉េ​យ​មិន ដែល​បច្ចុប្បន្ន លី​ម លោកា កំពុង​លេង​ឱ្យ​ក្លឹ​ប Melville United លី​គ​កំពូល​នូ​វែ​ល​សេ​ឡង់​ត្រូវ​បាន​គ្រូ​បង្គោល​U19 កម្ពុជា លោក ភា សុ​ភ័​ក្ត្រា កោះហៅ​ឱ្យមក​ជួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា នៅ​ក្នុង​បញ្ជី​ចុង​ក្រោយ ២៣​នាក់ ដើម្បី​ត្រៀម​ការ​ប្រកួត​ជើងឯក​អាស៊ាន (ASEAN U19 Boys’ Championship) នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​១៧-២៩​កក្កដា ឆ្នាំ​២០២៤​។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​-FFC បាន​ចេញ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ ២៣​នាក់​ចុង​ក្រោយ បន្ទាប់​ពី​ជម្រុះ​ចេញពី​ការ​ធ្វើតេស្ត​បឋម​២​ដំណាក់កាល​ប្រមាណ ៦០​នាក់​។ នៅ​ក្នុង​បញ្ជី​ឈ្មោះ​២៣​នាក់​នេះ​រួម​មាន​៖ ៦​នាក់​មក​ពីសា​លា​បាល់ទាត់​បាទី​, ៤​នាក់​មក​ពី​ភ្នំពេញ​ក្រោ​ន​, ៤​នាក់​មក​ពី​ក្លឹ​ទ័ព​, ៤​នាក់​មក​ពី​វិសាខា និង​៥​នាក់​ផ្សេង​ទៀត​មក​ពី​ក្លឹ​ប​បឹង​កេ​ត អាយ​អេស​អាយ​ច​ង្កោ​សែន​ជ័យ គិរីវង់​សុខ​សែន​ជ័យ ណា​ហ្គា​វើ​ល​ដ៍ និង​យុវជន លី​ម លោកា មក​ពី​ក្លឹ​ប Melville United នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ លោក ភា សុ​ភ័​ក្ត្រា គូសបញ្ជាក់​ថា នេះ​ជា​ការ​កីឡាករ​ឆ្នើម​ៗ​ចំនួន​២៣​នាក់ ដែល​ជ្រើសរើស​ចេញពី​ការ​ធ្វើតេស្ត​២​ដំណាក់កាល ក្នុង​ចំណោម​យ​យុវជន ៦០​នាក់ ខណៈ​កីឡាករ លី​ម លោ​កោ ស្ថិត​ក្នុង​បញ្ជី​ឆ្នើម ២៣​នាក់​ចុង​ក្រោយ​នេះ​តែ​ម្តង​។ មាន​កត្តា​សំខាន់​ៗ​មួយ​ចំនួន ដែល លី​ម លោកា មិន​អាច មក​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​១ និង​ទី​២ ក្នុង​ខែមិថុនា កន្លង​ទៅ​នេះ គឺ​គាត់​មិន​អាច​សុំ​ច្បាប់​សាលារៀន លើស​ពី​១​ខែ​បាន​ទេ ហើយ​មួយវិញទៀត គឺ​គាត់​ជាប់រវល់​ប្រកួត​បាល់ទាត់​ឱ្យ​ក្លឹ​ប Melville United របស់​គាត់ ដែល​ទាំងនេះ​ត្រូវ​ជូនដំណឹង​សាលារៀន និង​ក្លឹ​ប​ជា​មុន​យ៉ាងតិច​ពី​រស​ប្តា​ហ៍​។

ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៤ ហើយ​នៅ​ថ្ងៃ​ទី​១៤​កក្កដា​នឹង​ចេញដំណើរ​ទៅ​កាន់​ទឹកដី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​តែ​ម្តង ខណៈ​ការ​ប្រកួត​ផ្លូវការ​នឹង​ចាប់ពី​ថ្ងៃ​ទី​១៧-២៩​កក្កដា​។ ចាប់ពី​ថ្ងៃ​ទី​១៧-២៩​កក្កដា​។ ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន ASEAN U19 Boys’ Championship 2024 មាន​១២​ក្រុម​ចូលរួម ក្នុង​នោះ ពូ​ល A មាន​ក្រុម U19 កម្ពុជា ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី ទី​ម័​រ​ខាងកើត និង​ហ្វី​លី​ពី​ន​។ ពូ​ល B មាន ឡាវ វៀតណាម មី​យ៉ា​ន់​ម៉ា និង​អូស្ត្រាលី ខណៈ​ពូ​ល C មាន ម៉ា​ឡេ​ស៊ី ថៃ សិង្ហ​បុរី និង​ប្រ៊ុ​យ​ណេ​។ ១​ប្រកួត​បើក​ឆាក​មុនគេ​របស់​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត វេលា​ម៉ោង ១៣:០០ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤​។

យុវជន លី​ម លោកា បាន​មក​ដល់​កម្ពុជា​ដែល​ទឹកដី​កំណើត​របស់​ឪពុក​របស់​ខ្លួន គឺ​លោក លី​ម គុណ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​U19​កម្ពុជា ក្រោម​ការ​កោះហៅ​របស់​គ្រូ​បង្គោល លោក ភា សុ​ភ័​ក្ត្រា​។

លោក លី​ម គុណ គូសបញ្ជាក់​ថា តាំង​តែ​ពី​តូច​មក គឺ លី​ម លោកា តែងតែមាន​បំណង​ធំ​ចង់​តំណាង​ប្រទេស​កម្ពុជា ជា​ជាង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ លោក លី​ម គុណ បាន​លើក​ឡើង​ទៀត​ថា លោក​មាន​ក្តី​រីករាយ ចំពោះ​ការ​សម្រេចចិត្ត​របស់​លោកគ្រូ ភា សុ​ភ័​ក្ត្រា ចំពោះ​កូនប្រុស​របស់​លោក ដើម្បី​បាន​មក​រួមចំណែក​ជួយ​ដល់​ការ​ប្រកួត​ក្នុង​ក្រុម​កម្ពុជា ក្នុង​នាម​ជា​កូនកាត់​មួយ​រូប ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​៕

 

Previous articleអនុប្រធានសហព័ន្ធកីឡាទូក ៖ ភាពជោគជ័យរបស់ទូកនាគនៅរុស្ស៊ីជាការបង្ហាញពីសក្ដានុពល ក្នុងការប្រជែងមេដាយនៅស៊ីហ្គេម ២០២៥
Next articleChelsea បានផ្តល់នៅលក្ខខណ្ឌពិសេសមួយ ដើម្បីទាក់ទាញ Williams មកកាន់អង់គ្លេស