ភ្នំពេញ៖ កីឡាករបាល់ទាត់កូនខ្មែរ-នូវែលសេឡង់ លីម លោកា (ឈ្មោះពេញ លីម លោកាថុង ឬ លោកាថុង លីម) ប្អូនប្រុសកីឡាករ លីម អារុណរ៉េយមិន ដែលបច្ចុប្បន្ន លីម លោកា កំពុងលេងឱ្យក្លឹប Melville United លីគកំពូលនូវែលសេឡង់ត្រូវបានគ្រូបង្គោលU19 កម្ពុជា លោក ភា សុភ័ក្ត្រា កោះហៅឱ្យមកជួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា នៅក្នុងបញ្ជីចុងក្រោយ ២៣នាក់ ដើម្បីត្រៀមការប្រកួតជើងឯកអាស៊ាន (ASEAN U19 Boys’ Championship) នៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១៧-២៩កក្កដា ឆ្នាំ២០២៤។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា-FFC បានចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិ ២៣នាក់ចុងក្រោយ បន្ទាប់ពីជម្រុះចេញពីការធ្វើតេស្តបឋម២ដំណាក់កាលប្រមាណ ៦០នាក់។ នៅក្នុងបញ្ជីឈ្មោះ២៣នាក់នេះរួមមាន៖ ៦នាក់មកពីសាលាបាល់ទាត់បាទី, ៤នាក់មកពីភ្នំពេញក្រោន, ៤នាក់មកពីក្លឹទ័ព, ៤នាក់មកពីវិសាខា និង៥នាក់ផ្សេងទៀតមកពីក្លឹបបឹងកេត អាយអេសអាយចង្កោសែនជ័យ គិរីវង់សុខសែនជ័យ ណាហ្គាវើលដ៍ និងយុវជន លីម លោកា មកពីក្លឹប Melville United នៃប្រទេសនូវែលសេឡង់។ លោក ភា សុភ័ក្ត្រា គូសបញ្ជាក់ថា នេះជាការកីឡាករឆ្នើមៗចំនួន២៣នាក់ ដែលជ្រើសរើសចេញពីការធ្វើតេស្ត២ដំណាក់កាល ក្នុងចំណោមយយុវជន ៦០នាក់ ខណៈកីឡាករ លីម លោកោ ស្ថិតក្នុងបញ្ជីឆ្នើម ២៣នាក់ចុងក្រោយនេះតែម្តង។ មានកត្តាសំខាន់ៗមួយចំនួន ដែល លីម លោកា មិនអាច មកចូលរួមក្នុងវគ្គជម្រុះដំណាក់កាលទី១ និងទី២ ក្នុងខែមិថុនា កន្លងទៅនេះ គឺគាត់មិនអាចសុំច្បាប់សាលារៀន លើសពី១ខែបានទេ ហើយមួយវិញទៀត គឺគាត់ជាប់រវល់ប្រកួតបាល់ទាត់ឱ្យក្លឹប Melville United របស់គាត់ ដែលទាំងនេះត្រូវជូនដំណឹងសាលារៀន និងក្លឹបជាមុនយ៉ាងតិចពីរសប្តាហ៍។
ការប្រមូលផ្តុំហ្វឹកហាត់នឹងត្រូវធ្វើឡើងនាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ហើយនៅថ្ងៃទី១៤កក្កដានឹងចេញដំណើរទៅកាន់ទឹកដីប្រទេសឥណ្ឌូណេស៊ីតែម្តង ខណៈការប្រកួតផ្លូវការនឹងចាប់ពីថ្ងៃទី១៧-២៩កក្កដា។ ចាប់ពីថ្ងៃទី១៧-២៩កក្កដា។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាន ASEAN U19 Boys’ Championship 2024 មាន១២ក្រុមចូលរួម ក្នុងនោះ ពូល A មានក្រុម U19 កម្ពុជា ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ទីម័រខាងកើត និងហ្វីលីពីន។ ពូល B មាន ឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្ត្រាលី ខណៈពូល C មាន ម៉ាឡេស៊ី ថៃ សិង្ហបុរី និងប្រ៊ុយណេ។ ១ប្រកួតបើកឆាកមុនគេរបស់កម្ពុជានឹងត្រូវប្រកួតជាមួយក្រុមទីម័រខាងកើត វេលាម៉ោង ១៣:០០ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
យុវជន លីម លោកា បានមកដល់កម្ពុជាដែលទឹកដីកំណើតរបស់ឪពុករបស់ខ្លួន គឺលោក លីម គុណ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីត្រៀមចូលរួមការប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិU19កម្ពុជា ក្រោមការកោះហៅរបស់គ្រូបង្គោល លោក ភា សុភ័ក្ត្រា។
លោក លីម គុណ គូសបញ្ជាក់ថា តាំងតែពីតូចមក គឺ លីម លោកា តែងតែមានបំណងធំចង់តំណាងប្រទេសកម្ពុជា ជាជាងប្រទេសនូវែលសេឡង់។ លោក លីម គុណ បានលើកឡើងទៀតថា លោកមានក្តីរីករាយ ចំពោះការសម្រេចចិត្តរបស់លោកគ្រូ ភា សុភ័ក្ត្រា ចំពោះកូនប្រុសរបស់លោក ដើម្បីបានមករួមចំណែកជួយដល់ការប្រកួតក្នុងក្រុមកម្ពុជា ក្នុងនាមជាកូនកាត់មួយរូប ដែលមានឈាមជ័រជាខ្មែរ៕