បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករសញ្ជាតិបែលហ្ស៊ិកវ័យ ២២ឆ្នាំរូបនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការផ្ទេរទៅកាន់ Villa Park សម្រាប់តម្លៃផ្ទេរដែលត្រូវបានគេរំពឹងទុកថាប្រមាណ ៥០លានផោន។ លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នា ដោយបើកផ្លូវសម្រាប់កិច្ចសន្យារយៈពេលវែងជាមួយក្លឹប Aston Villa។
កីឡាករ Onana បានក្លាយជាគោលដៅសំខាន់សម្រាប់អ្នកចាត់ការក្លឹប Villa លោក Unai Emery ដែលគាត់មានបំណង់ចង់ពង្រឹងក្រុមមុនការប្រកួត Champions League នៅរដូវកាលក្រោយ។ ខ្សែបម្រើវ័យក្មេងត្រូវបានបញ្ជាក់ថាមានការរំភើបចិត្តដែលអាចធ្វើការជាមួយលោក Emery ហើយក៏បានចូលរួមជាមួយនឹងគម្រោងរបស់ក្លឹប Aston Villa ផងដែរ។
ចាប់តាំងពីការមកដល់ក្លឹប Everton ពីក្លឹប Lille កាលពីរដូវក្តៅឆ្នាំ២០២២ ក្នុងតម្លៃ ៣០លានផោន កីឡាករ Onana បានក្លាយជាកីឡាករសំខាន់ម្នាក់របស់ក្លឹប Everton។ គាត់បានបង្ហាញខ្លួន ៧២ដងសម្រាប់ក្លឹប ដោយក្នុងនោះ ៣៧ដងកាលពីរដូវកាលមុន សម្រាប់គ្រប់ព្រឹត្តិការណ៍ទាំងអស់ ដែលវាបានបង្ហាញអោយឃើញថាគាត់ជាកីឡាករម្នាក់ទទួលបានការជឿទុកចិត្តពីសំណាក់លោក Sean Dyche។ ការបង្ហាញទម្រ់ងលេងដ៏ល្អរបស់គាត់បានទទួលការចាប់អារម្មណ៍ពីក្លឹបយក្សមួយចំនួននៅតំបន់អឺរ៉ុបដូចជា Arsenal និង Bayern Munich។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបនៅបារាំងនឹងទទួលបានប្រាក់ ២០% សម្រាប់ការលក់កីឡាករ Onana នាពេលអនាគត ដែលមានន័យថាក្លឹប Everton នឹងមិនទទួលបានប្រាក់ទាំងស្រុកពីការលក់ ដើម្បីដាក់បញ្ចូលទៅក្នុងគណនេយ្យរបស់ពួកគេនោះទេ។
ក្លឹប Villa បានធ្វើការយ៉ាងសកម្មនៅក្នុងទីផ្សារដោះដូរ ជាពិសេសក្នុងការពង្រឹងនៅក្នុងតំបន់បម្រើរបស់ពួកគេ។ ក្លឹបបានចុះហត្ថលេខាលើកីឡាករ Enzo Barrenechea ពីក្លឹប Juventus និង Ross Barkley ពីក្លឹប Luton Town រួចហើយ។ ទោះជាយ៉ាងណាក៏ដោយ ការខិតជិតការចុះហត្ថលេខាយក Onana ត្រូវបានចាប់ទុកថាជាចំនុចសំខាន់មួយទៀត ខណៈដែលពួកគេមានបំណងចង់ប្រកួតប្រជែងក្នុងចំណោមក្រុមធំៗនៅអឺរ៉ុបនារដូវកាលក្រោយ៕