ភ្នំពេញ៖ គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ លោក ភា សុភ័ក្ត្រា បានគូសបញ្ជាក់ថា សម្រាប់កីឡាករ លីម លោកា (ឈ្មោះពេញ លីម លោកាថុង) មិនមែនថ្មីទេ សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ ក្នុងបញ្ជី២៣នាក់ ដោយសារតែ លីម លោកា ធ្លាប់ហ្វឹហាត់ជាមួយក្លឹប 𝗠𝗲𝗹𝘃𝗶𝗹𝗹𝗲 𝗨𝗻𝗶𝘁𝗲𝗱 លីគកំពូលនូវែលសេឡង់ និងធ្លាប់ហាត់ជាមួយក្លឹបផ្សេងៗនៅស្រុកខ្មែរ ដោយកីឡាករកូនខ្មែរ-នូវែលសេឡង់រូបនេះមានភាពបត់បែនលឿន និងឆាប់ចាប់បានក្នុងលំហាត់ការហ្វឹកហាត់ នៃក្រុមជម្រើសជាតិយុវជនកម្ពុជា។
គ្រូបង្គោល U19 កម្ពុជារូបនេះសង្កត់ធ្ងន់ថា ៖«យុវជនវ័យ១៧ឆ្នាំ លីម លោកា ដែលជាកីឡាករកូនខ្មែរ-នូវែលសេឡង់ មានភាពលឿន ហើយអ្វីដែលខ្ញុំទទួលបានពីគ្រូបង្វឹក ទៀង ទីនី កាលពីខ្ញុំបានផ្ញើរបាយការណ៍ប្រកួតរបស់ លីម លោកា ២ឆ្នាំកន្លងមក គឺ លីម លោកា មានភាពបត់បែនលឿនណាស់ ហើយគាត់ឆាប់ទទួលបាននូវលំហាត់ ដែលក្លឹបបានដាក់ចេញ ដោយយុវជនរូបនេះធ្វើបានភ្លាមៗ។ ដូច្នេះ នៅក្នុងអំឡុងការបោះជំរំហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិ រយៈពេល២ថ្ងៃនេះ ដូចជាមិនមានអ្វីដែលត្រូវបន្ស៊ាំទៀតទេ ដោយ លីម លោកា បានយល់អំពីរបៀបរបបនៃការហ្វឹកហាត់នៅខ្មែរបស់យើងហើយ។ ទាំងនេះគឺជាចំណុចដែលខ្ញុំមើលឃើញ ហើយយើងក៏មិនត្រូវការពេលវេលាច្រើន ដើម្បីបន្ស៊ាំគាត់ក្នុងក្រុមយុវជនក្រោម១៩ឆ្នាំនោះទេ»។
ជាមួយគ្នានេះ យុវជន លីម លោកា បានលើកបង្ហាញពីក្តីរីករាយរបស់ខ្លួន ក្នុងការប្រមូលផ្តុំហ្វឹកហាត់ ដោយធ្វើបានល្អ ជាមួយនឹងការប៉ះ ការចលនា ខណៈទំនាក់ទំនងជាមួយមិត្តរួមក្រុមគឺមានភាពល្អប្រសើរ ក្នុងការជួយគ្នា ស្រែកប្រាប់គ្នា ហើយគ្រូបង្វឹកបានផ្តល់នូវចំណុចកែតម្រូវមួយចំនួនល្អៗ។ ការហ្វឹកហាត់នេះស្ថិតក្នុងកម្រិតមួយ គួរឱ្យកត់សម្គាល់ ហើយការអភិឌ្ឍខ្លាំងមែនទែន សម្រាប់ក្រុម។
យុវជន លីម លោកា បញ្ជាក់យ៉ាងដូច្នេះថា ៖«សម្រាប់ការហ្វឹកហាត់ និងការប្រកួតផ្លូវការ ពានរង្វាន់បាល់ទាត់ជើងឯកអាស៊ានអាយុក្រោម១៩ឆ្នាំ នៅប្រទេសឥណ្ឌូណេស៊ី ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពទាំងការហ្វឹកហាត់ និងការប្រកួត។ នេះ គឺជាឱកាសដ៏ធំមួយ ដែលផ្តល់ជូនដោយលោកគ្រូ ភា សុភ័ក្ត្រា ដូច្នេះខ្ញុំនឹងប្រឹងប្រែងរួមចំណែកដល់ដល់ក្រុមជម្រើសជាតិកម្ពុជាឱ្យអស់ពីលទ្ធភាព»។
កីឡាករបាល់ទាត់កូនខ្មែរ-នូវែលសេឡង់ លីម លោកា ប្អូនប្រុសកីឡាករ លីម អារុណរ៉េយមិន ដែលបច្ចុប្បន្ន លីម លោកា កំពុងលេងឱ្យក្លឹប 𝗠𝗲𝗹𝘃𝗶𝗹𝗹𝗲 𝗨𝗻𝗶𝘁𝗲𝗱 លីគកំពូលនូវែលសេឡង់ លោក ភា សុភ័ក្ត្រា កោះហៅឱ្យមកជួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ដើម្បីត្រៀមការប្រកួតជើងឯកអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១៧-២៩កក្កដា ឆ្នាំ២០២៤។
ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំបានប្រមូលផ្តុំហ្វឹកហាត់បានរយៈពេល៣ថ្ងៃ នៅនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) មុនហោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីបន្តការបោះជំរំហ្វឹកហាត់ និងប្រកួតកម្តៅសាច់ដុំជាមួយក្រុម U19 ម៉ាឡេស៊ី ២ប្រកួត ដើម្បីត្រៀមការប្រកួតផ្លូវការ ពានរង្វាន់ជើងឯកយុវជនក្រោម១៩ឆ្នាំអាស៊ាន (ASEAN Boys’ Championship 2024) នៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១៧-២៩កក្កដា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ានអាយុក្រោម១៩ឆ្នាំ មាន១២ក្រុមចូលរួម ក្នុងនោះ ពូល A មានក្រុម U19 កម្ពុជា ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ទីម័រខាងកើត និងហ្វីលីពីន។ ពូល B មាន ឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្ត្រាលី ខណៈពូល C មាន ម៉ាឡេស៊ី ថៃ សិង្ហបុរី និងប្រ៊ុយណេ។ ១ប្រកួតបើកឆាកមុនគេរបស់កម្ពុជាត្រូវប៉ះក្រុមទីម័រខាងកើត ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤៕