ភ្នំពេញ៖ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា តំណាងលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាដាក់ក្តីសង្ឃឹមថា ក្រុមជម្រើសជាតិកីឡាករ កីឡាការិនីរាំកម្ពុជានឹងអាចដណ្តើមបានមេដាយណាមួយ ក្នុងការប្រកួតកីឡារាំ WDSF World Challenge Cup Rising Star Latin & Standard 2024, WDSF International Open Latin & Standard 2024 និង KTOC Cup 2024 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២-១៦ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា តំណាងលោកជំទាវ ញ៉ែម មរកត ប្រធានសាហព័ន្ធកីឡារាំកម្ពុជាបានអញ្ជើញជូនដំណើរប្រតិភូកីឡាករ-កីឡាការិនីជម្រើសជាតិ និងថ្នាលកីឡារាំកម្ពុជាសរុប២២នាក់ ទៅចូលរួមប្រកួតកីឡារាំ WDSF World Challenge Cup Rising Star Latin & Standard 2024, WDSF International Open Latin & Standard 2024 និង KTOC Cup 2024។ ក្នុងចំណោម២២នាក់ គឺក្នុងនោះមានកីឡាករ ៨នាក់ កីឡាការិនី ១២នាក់ ប្រតិភូម្នាក់ និងគ្រូបង្វឹកម្នាក់។
លោកស្រីអគ្គលេខាធិការគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថា ៖«ការចូលរួមប្រកួតអន្តរជាតិនេះ គឺជាការវាស់ស្ទង់គុណផលបច្ចេកទេសរបស់ក្រុមកីឡាករ កីឡាការិនីរាំកម្ពុជា ដែលបានខិតខំហ្វឹកហាត់កន្លងមក។ ក្នុងនាមលោកជំទាវប្រធានសហព័ន្ធ យើងជឿជាក់ថា ក្រុមជម្រើសជាតិរាំទាំងអស់នឹងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាពជាមួយនឹងក្តីសង្ឃឹមថា ពួកគាត់នឹងទទួលបាននូវមេដាយក្នុងកម្រិតណាមួយ មិនថា មេដាយមាស ប្រាក់ ឬសំរឹទ្ធ ដើម្បីយកមកជូនជាតិមាតុភូមិជាក់ជាមិនខាន។ ក្តីរំពឹងនេះ គឺដោយសារតែថ្នាក់ដឹកនាំសហព័ន្ធបានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីរាំទាំងអស់ឱ្យខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្លា ស្ទើរមិនមានពេលសម្រាកឡើយ សូម្បីតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក្តី ក៏នៅតែហ្វឹកហាត់ដែរ»។
ប្រតិភូកីឡាករ កីឡាការិនីរាំកម្ពុជាសរុប២២នាក់បានចាកចេញពីមាតុប្រទេសរបស់ខ្លួន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ទៅចូលរួមប្រកួតកីឡារាំក្នុងព្រឹត្តិការណ៍ WDSF World Challenge Cup Rising Star Latin & Standard 2024, WDSF International Open Latin & Standard 2024 និង KTOC Cup 2024 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២-១៦ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រី ហង់ ស៊ីមន បានគូសបញ្ជាក់ថា ក្រុមកីឡាករ-កីឡាការិនីចែកចេញជា២ផ្នែក គឺក្រុមអត្តពលិកជម្រើសជាតិ និងក្រុមអត្តពលិកថ្នាល ចំពោះក្រុមអត្តពលិកជម្រើសជាតិ ១០ នាក់ កីឡាករ ៥ នាក់ និងកីឡាការិនី៥ នាក់ ចំណែកក្រុមអត្តពលិកថ្នាល មានកីឡាករ ៣ នាក់ និងកីឡាការិនី ៧នាក់។ ការប្រកួតអន្តរជាតិនេះមាន២៥ ប្រទេសចូលរួម។
គួរបញ្ជាក់ថា ចំពោះប្រតិភូកីឡារាំកម្ពុជាដឹកនាំដោយលោក សូវ តុង នាយកបច្ចេកទេសសហព័ន្ធកីឡារាំងកម្ពុជា ទទួលបន្ទុកប្រធានប្រតិតភូ និងគ្រូបង្វឹកបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោកស្រី You Shu-Jie។ ក្នុងដំណើរបេសកកម្មអន្តរជាតិរបស់ប្រភេទកីឡារាំកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិនេះទទួលបានការអនុញ្ញាតលើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕