គ្រូបង្គោល U19 កម្ពុជា ៖ កីឡាករ លីម លោកា មានភាពបត់បែនលឿន និងឆាប់ចាប់បានក្នុងលំហាត់ នៃក្រុមជម្រើសជាតិ U19 កម្ពុជា

ភ្នំពេញ៖ គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ លោក ភា សុ​ភ័​ក្ត្រា បាន​គូសបញ្ជាក់​ថា សម្រាប់​កីឡាករ លី​ម លោកា (​ឈ្មោះ​ពេញ លី​ម លោកា​ថុ​ង​) មិនមែន​ថ្មី​ទេ សម្រាប់​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់ ក្នុង​បញ្ជី​២៣​នាក់ ដោយសារ​តែ លី​ម លោកា ធ្លាប់​ហ្វឹ​ហាត់​ជាមួយ​ក្លឹ​ប 𝗠𝗲𝗹𝘃𝗶𝗹𝗹𝗲 𝗨𝗻𝗶𝘁𝗲𝗱 លី​គ​កំពូល​នូ​វែ​ល​សេ​ឡង់ និង​ធ្លាប់​ហាត់​ជាមួយ​ក្លឹ​ប​ផ្សេង​ៗ​នៅ​ស្រុក​ខ្មែរ ដោយ​កីឡាករ​កូន​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់​រូប​នេះ​មាន​ភាព​បត់បែន​លឿន និង​ឆាប់​ចាប់​បាន​ក្នុង​លំ​ហាត់​ការ​ហ្វឹកហាត់ នៃ​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា​។

គ្រូ​បង្គោល U19 កម្ពុជា​រូប​នេះ​សង្កត់ធ្ងន់​ថា ៖«​យុវជន​វ័យ​១៧​ឆ្នាំ លី​ម លោកា ដែល​ជា​កីឡាករ​កូន​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់ មាន​ភាព​លឿន ហើយ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ពី​គ្រូបង្វឹក ទៀង ទី​នី កាលពី​ខ្ញុំ​បាន​ផ្ញើ​របាយការណ៍​ប្រកួត​របស់ លី​ម លោកា ២​ឆ្នាំ​កន្លង​មក គឺ លី​ម លោកា មាន​ភាព​បត់បែន​លឿន​ណាស់ ហើយ​គាត់​ឆាប់​ទទួល​បាន​នូវ​លំ​ហាត់ ដែល​ក្លឹ​ប​បាន​ដាក់​ចេញ ដោយ​យុវជន​រូប​នេះ​ធ្វើ​បាន​ភ្លាម​ៗ​។ ដូច្នេះ នៅ​ក្នុង​អំឡុង​ការ​បោះជំរំ​ហ្វឹកហាត់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រយៈពេល​២​ថ្ងៃនេះ ដូច​ជា​មិន​មាន​អ្វី​ដែល​ត្រូវ​បន្ស៊ាំ​ទៀត​ទេ ដោយ លី​ម លោកា បាន​យល់​អំពី​របៀបរបប​នៃ​ការ​ហ្វឹកហាត់​នៅ​ខ្មែ​របស់​យើង​ហើយ​។ ទាំងនេះ​គឺជា​ចំណុច​ដែល​ខ្ញុំ​មើលឃើញ ហើយ​យើង​ក៏​មិន​ត្រូវការ​ពេលវេលា​ច្រើន ដើម្បី​បន្ស៊ាំ​គាត់​ក្នុង​ក្រុម​យុវជន​ក្រោម​១៩​ឆ្នាំ​នោះ​ទេ​»​។

ជាមួយ​គ្នា​នេះ យុវជន លី​ម លោកា បាន​លើក​បង្ហាញ​ពី​ក្តី​រីករាយ​របស់​ខ្លួន ក្នុង​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់ ដោយ​ធ្វើ​បាន​ល្អ ជាមួយនឹង​ការ​ប៉ះ ការ​ចលនា ខណៈ​ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​ក្រុម​គឺ​មាន​ភាពល្អ​ប្រសើរ ក្នុង​ការ​ជួយ​គ្នា ស្រែក​ប្រាប់​គ្នា ហើយ​គ្រូបង្វឹក​បាន​ផ្តល់​នូវ​ចំណុច​កែតម្រូវ​មួយ​ចំនួន​ល្អ​ៗ​។ ការ​ហ្វឹកហាត់​នេះ​ស្ថិត​ក្នុង​កម្រិត​មួយ គួរ​ឱ្យ​កត់សម្គាល់ ហើយ​ការ​អភិ​ឌ្ឍ​ខ្លាំង​មែនទែន សម្រាប់​ក្រុម​។

យុវជន លី​ម លោកា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​សម្រាប់​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​ផ្លូវការ ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ាន​អាយុ​ក្រោម​១៩​ឆ្នាំ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ទាំង​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​។ នេះ គឺជា​ឱកាស​ដ៏​ធំ​មួយ ដែល​ផ្តល់​ជូន​ដោយ​លោកគ្រូ ភា សុ​ភ័​ក្ត្រា ដូច្នេះ​ខ្ញុំ​នឹង​ប្រឹងប្រែង​រួមចំណែក​ដល់​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឱ្យ​អស់ពី​លទ្ធភាព​»​។

កីឡាករ​បាល់ទាត់​កូន​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់ លី​ម លោកា ប្អូនប្រុស​កីឡាករ លី​ម អា​រុណ​រ៉េ​យ​មិន ដែល​បច្ចុប្បន្ន លី​ម លោកា កំពុង​លេង​ឱ្យ​ក្លឹ​ប 𝗠𝗲𝗹𝘃𝗶𝗹𝗹𝗲 𝗨𝗻𝗶𝘁𝗲𝗱 លី​គ​កំពូល​នូ​វែ​ល​សេ​ឡង់ លោក ភា សុ​ភ័​ក្ត្រា កោះហៅ​ឱ្យមក​ជួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ដើម្បី​ត្រៀម​ការ​ប្រកួត​ជើងឯក​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​១៧-២៩​កក្កដា ឆ្នាំ​២០២៤​។

ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​១៩​ឆ្នាំ​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់​បាន​រយៈពេល​៣​ថ្ងៃ នៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ (​អូ​ឡាំ​ពិ​ក​) មុន​ហោះ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​បន្ត​ការ​បោះជំរំ​ហ្វឹកហាត់ និង​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម U19 ម៉ា​ឡេ​ស៊ី ២​ប្រកួត ដើម្បី​ត្រៀម​ការ​ប្រកួត​ផ្លូវការ ពានរង្វាន់​ជើងឯក​យុវជន​ក្រោម​១៩​ឆ្នាំ​អាស៊ាន (ASEAN Boys’ Championship 2024) នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​១៧-២៩​កក្កដា ឆ្នាំ​២០២៤​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន​អាយុ​ក្រោម​១៩​ឆ្នាំ មាន​១២​ក្រុម​ចូលរួម ក្នុង​នោះ ពូ​ល A មាន​ក្រុម U19 កម្ពុជា ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី ទី​ម័​រ​ខាងកើត និង​ហ្វី​លី​ពី​ន​។ ពូ​ល B មាន ឡាវ វៀតណាម មី​យ៉ា​ន់​ម៉ា និង​អូស្ត្រាលី ខណៈ​ពូ​ល C មាន ម៉ា​ឡេ​ស៊ី ថៃ សិង្ហ​បុរី និង​ប្រ៊ុ​យ​ណេ​។ ១​ប្រកួត​បើក​ឆាក​មុនគេ​របស់​កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​ទី​ម័​រ​ខាងកើត ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤៕

Previous articleJulian Alvarez ស្នើរសុំចាកចេញពី Man City បន្ទាប់ពីបានបដិសេធសំណើរកុងត្រាថ្មី
Next articleលោកស្រី ហង់ ស៊ីមន ៖ កីឡាករ កីឡាការិនីរាំកម្ពុជានឹងអាចឈ្នះមេដាយ ជូនជាតិ ក្នុងការប្រកួតអន្តរជាតិ នៅប្រទេសវៀតណាម