Davis Cup ៖ ក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមស្រីលង្កា ឡើងទៅកម្រិត៣ ក្រោយឈ្នះការប្រកួតវគ្គខ្វែងពូលជាមួយគូប្រជែងរៀងៗខ្លួន

ភ្នំពេញ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ពិភពលោក ក្រុម​ទី​៤ (Davis Cup Asia/Oceania Group 4) ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​បាន​បញ្ចប់​ដោយ​ជោគជ័យ​យ៉ាង​ត្រ​ចេះ​ត្រចង់ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​ក្រុម​កម្ពុជា និង​ក្រុម​ស្រី​លង្កា បាន​ឡើង​ទៅ​ប្រកួត​កម្រិត​៣ (Group 3) នា​ឆ្នាំ​២០២៥ ក្រោយ​កម្ពុជា​ឈ្នះ​ក្រុម​ប្រទេស​កា​តា ២-០ និង​ស្រី​លង្កា ឈ្នះ គុយ​វ៉ែត ២-០ នៅ​វគ្គ​ខ្វែង​ពូ​ល​។

នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ នៃ​វគ្គ​ខ្វែង​ពូ​ល លើ​វិញ្ញាសា​ឯកត្តជន គឺ​កីឡាករ​កម្ពុជា ប៊ុ​ន កេ​ន្នី បាន​យកឈ្នះ​កីឡាករ​កា​តា​ឈ្នះ​កីឡាករ​កា​តា NAWAF Rashed ៦-៣ និង​៦-៤ (​គូ​ទី​១) ហើយ​នៅ​វិញ្ញាសា​ឯកត្តជន​គូ​ទី​២ កីឡាករ​កម្ពុជា ឡេ​ង សា​រិ​ន​រាជ វាយបក​យកឈ្នះ​កីឡាករ​កា​តា Zayid, Mubarak Shannan ដោយ​លទ្ធផល ១-៦ ៦-៣ និង​៦-៣​។ ដូច្នេះ ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ប្រចាំ​ពូ​ល B បាន​ប្រកួត​ឈ្នះ​ក្រុម​ប្រទេស​កា​តា ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ប្រចាំ​ពូ​ល A ដោយ​កម្ពុជា​បាន​ឡើង​ទៅ​លេង​កម្រិត​៣ នា​ឆ្នាំ​២០២៥​ខាង​មុខ​។ ចំពោះ​ក្រុម​ស្រី​លង្កា ដែល​ឈរ​លេខ​២ ប្រចាំ​ពូ​ល A បាន​យកឈ្នះ​ក្រុម​លេខ​១ ប្រចាំ​ពូ​ល A ប្រទេស​គុយ​វ៉ែត នៅ​វគ្គ​ខ្វែង​ពូ​ល នា​ល្ងាច​ថ្ងៃ​ទី​១៣​កក្កដា​នេះ​ដែរ ដោយ​ក្រុម​ស្រី​លង្កា បាន​ឡើង​ទៅ​លេង​កម្រិត​៣​ដែរ​។

ចំពោះ​ប្រតិភូ​កីឡា​វាយ​កូន​បាល់​កម្ពុជា រួម​មាន​ប្រធាន​ដឹកនាំ​ក្រុម លោក ទេព រិ​ទ្ធិ​វិ​ទ្ធ និង​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា លោក Braen Aneiros និង​កីឡាករ​ជម្រើសជាតិ​៥​នាក់ គឺ​កីឡាករ ប៊ុ​ន កេ​ន្នី​, ទេព ទី​ម៉ូ​ធី​, ឡេ​ង សា​រិ​ន​រាជ​, ឃ្លាំង ពន្លក កីឡាករ Mathew Crusling​។

គួរ​រម្លឹក​ថា ក្រុម​វាយ​កូន​បាល់​កម្ពុជា ដែល​ប៉ះ​៣​ក្រុម​ក្នុង​ពូ​ល B គឺ​បាន​យកឈ្នះ​ក្រុម​អ៊ី​រ៉ា​ក់ បន្ត​យកឈ្នះ​ក្រុម​មី​យ៉ា​ន់​ម៉ា និង​ចាញ់​ក្រុម​គុយ​វ៉ែត​។ ក្រុម​កម្ពុជា ក្នុង​ឋានៈ​ជា​ក្រុម​លេខ​២ ក្នុង​ពូ​ល B បាន​យកឈ្នះ​ក្រុម​កា​តា ដែល​ឈរ​នៅ​លេខ​១ ពូ​ល A ទាំង​ពីរ​ប្រកួត នៅ​វគ្គ​ខ្វែង​ពូ​ល​។ នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​ក្រុម​វាយ​កូន​បាល់​កម្ពុជា បាន​ឡើង​ទៅ​លេង​ក្រុម​ទី​៣ ជា​លើក​ទី​២ ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​ចូលរួម​ប្រទេស​កម្ពុជា​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត Davis Cup Asia/Oceania Group IV កាលពី​ឆ្នាំ​២០១២ នៅ​ប្រទេស​កា​តា​។

ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​កម្ពុជា ក្រុម​នេះ​បាន​បង្កើត​ប្រវត្តិសាស្ត្រ ខណៈ​ដែល​កម្ពុជា​បាន​យកឈ្នះ​លើ​ការ​ប្រកួត​ទាំងមូល ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការ​ប្រកួត ដែល​បាន​ឡើង​ទៅ​ប្រកួត​ក្នុង​ក្រុម​៣ Asia/Oceania Group III កាលពី​ឆ្នាំ​២០១៣​។ ក្រោយមក កម្ពុជា​បាន​ធ្លាក់​មក​លេង​នៅ​កម្រិត​៤​វិញ ហើយ​ទើបតែ​ឆ្នាំ​២០២៤​នេះ ក្រុម​កម្ពុជា​បាន​ឡើង​ទៅ​កម្រិត​៣​ម្តងទៀត ក្រោយ​ជោគជ័យ​យ៉ាង​ធំធេង ទាំង​ការ​ប្រកួត និង​ការ​ទទួល​រៀបចំ ដោយ​ទទួល​បានការ​កោតសរសើរ​ពី​បណ្តា​ប្រទេស​ចូលរួម​ចំនួន​៧​ប្រទេស​ផ្សេង​ទៀត ដូច​ជា​គុយ​វ៉ែត កៀ​ហ្ស៊ី​ស៊ី​ស្ថាន អ៊ី​រ៉ា​ក់ មី​យ៉ា​ន់​ម៉ា ស្រី​លង្កា កា​តា និង​អា​រ៉ាប់​រួម​។ ម្ចាស់ផ្ទះ​កម្ពុជា​ទទួល​បាន​ពានរង្វាន់​ក្នុង​ការ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​បាន​ល្អ​ផង​ដែរ​៕

Previous articleលោកស្រី ហង់ ស៊ីមន ៖ កីឡាករ កីឡាការិនីរាំកម្ពុជានឹងអាចឈ្នះមេដាយ ជូនជាតិ ក្នុងការប្រកួតអន្តរជាតិ នៅប្រទេសវៀតណាម
Next articleលោក ទេព រិទ្ធិវិទ្ធ ៖ ក្រោយជោគជ័យ Davis Cup ២០២៤ កម្ពុជាចង់ធ្វើម្ចាស់ផ្ទះម្តងទៀត នាឆ្នាំក្រោយ