ឯកឧត្តមបណ្ឌិត ថោង ខុន ធ្វើទស្សនកិច្ចនៅភូមិកីឡាទីក្រុងប៉ារីស ដែលជាកន្លែងស្នាក់នៅរបស់អត្តពលិកចូលរួមប្រកួតអូឡាំពិកហ្គេម លើកទី៣៣

បារាំង​៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ភូមិ​កីឡា​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង ល្ងាច​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក រដូវក្តៅ លើក​ទី​៣៣ ឆ្នាំ​២០២៤​។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន និង​ឯកឧត្តម វ៉ា​ត់ ចំរើន ក៏​បាន​សិក្សា​ពី​ការ​រៀបចំ ក៏​ដូច​ជា​ការ​ដកស្រង់​បទ​ពិសោធ និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់​កីឡាករ កីឡាការិនី​កម្ពុជា ដែល​បាន​ស្នាក់​នៅ​ភូមិ​កីឡា ហើយ​ក៏​ពិនិត្យ​ទៅ​លើ​ការ​រៀបចំ​កម្មវិធី​មួយ​ចំនួន​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ហ្វឹកហាត់​កម្មវិធី​ប្រកួត ក៏​ដូច​ជា​ត្រៀម​ចូលរួម​ពិធី​បើក​ជា​ផ្លូវការ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ហ្គេ​ម នៅ​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤​។

កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​៣​នាក់ លើ​២​ប្រភេទ​កីឡា ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ហ្គេ​ម លើក​ទី​៣៣ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ក្នុង​នោះ​មាន​កីឡាករ​អត្តពលកម្ម ឈុ​ន ប៊ុ​ន​ថន ប្រកួត​លើ​វិញ្ញាសា រត់​ចម្ងាយ ៨០០​ម៉ែត្រ នា​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៤​។ ចំពោះ​ប្រភេទ​កីឡាហែលទឹក មាន​កីឡាករ កីឡាការិនី​២​នាក់ គឺ​កីឡាករ កូ​សុង​ដឺ​ឡាប​រ៉ា​រ៉​ង អង់​ត្វ័​ន​ម៉ា​តាំង​ក្លូ​ឌ ត្រូវ​ប្រកួត​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​១០០​ម៉ែត្រ ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា និង​កីឡាការិនី សាក់​ប៊ុ​ន អប្សរា កា​តា​រី​ណា ត្រូវ​ប្រកួត​លើ​វិញ្ញាសា​សេរី ៥០​ម៉ែត្រ នា​ថ្ងៃ​ទី​០៣ ខែសីហា​។ អ្នក​ទាំង​៣​ទទួល​បាន​សិទ្ធិ​អនុគ្រោះ សម្រាប់​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ ២០២៤ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ដោយ​ព្រឹត្តិការណ៍​ទាំងមូល​នឹង​ត្រូវ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែកក្កដា ដល់​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០២៤៕

Previous articleBarca ត្រៀមក្នុងការចំណាយប្រាក់ ៦០លានអឺរ៉ូសម្រាប់ផ្ទេរយកកីឡាករ Olmo
Next articleកីឡាករ Casadei ទំនង់ជាវិលទៅអ៊ីតាលីវិញ ក្រោយមិនអាចស្វែងរកកន្លែងនៅ Chelsea បាន