ផលិតបានធនធានឆ្នើមៗលើប្រភេទទម្ងន់ទាំង១៣ការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរជើងឯករាជធានីភ្នំពេញ

ភ្នំពេញ៖ ការ​ប្រកួត​កីឡា​ប្រដាល់សកល និង​គុន​ខ្មែរ ជើងឯក​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៤​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ នៅ​សាល​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក បន្ទាប់​ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល​៤​ថ្ងៃ ដោយ​គណៈកម្មការ​បច្ចេកទេស​ផលិត​បាន​ធនធាន​កីឡាករ កីឡាការិនី​ឆ្នើម​ៗ​លើ​១៣​ប្រភេទ​ទម្ងន់​នៃ​២​ប្រភេទ​កីឡា​ទាំង​ពីរ​នេះ​។

លោក អ៊ុ​ក ច​ន្ថា អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​ប្រដាល់សកល និង​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ ប្រចាំឆ្នាំ​២០២៤​បាន​បញ្ចប់​ប្រកបដោយ​ភាព​រីករាយ​និង​ស្និទ្ធស្នាល​។ ក្នុង​នាម​មន្ទីរ អប់រំ យុវជន និង កីឡា​រាជធានី​ភ្នំពេញ លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សហព័ន្ធ​កីឡា​ប្រដាល់សកល​និង​គុន​ខ្មែរ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​គ្រប់​ផ្នែក​ដែល​បាន​ផ្ដល់​កិច្ចសហការ​បាន​យ៉ាង​ល្អ ប្រសើរ​ធ្វើ​ឱ្យ​ការ​ប្រកួត​កីឡា​ប្រដាល់សកល​និង​គុន​ខ្មែរ រហូត​មក​ដល់​ថ្ងៃនេះ​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ​។

អនុប្រធាន​មន្ទីរ​អប់រំ​បន្ថែម​ថា ផ្អែក​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្លឹ​ប​កីឡា​ប្រដាល់សកល​និង​គុន​ខ្មែរ​បាន​ចូលរួម​ប្រកួត​នេះ​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ឱ្យ​កត់សម្គាល់ លើ​កម្រិត​បច្ចេកទេស វិន័យ និង​សណ្ដាប់ធ្នាប់ គឺ​ការ​ស្ដែង​ចេញ​ឱ្យ​ឃើញ​ថា នូវ​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី និង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​លើកទឹកចិត្ត​ទាំង​ធនធាន សម្ភារ ថវិកា​ប្រធាន​ក្លឹ​ប​កីឡា ថ្នាក់ដឹកនាំ គ្រូបង្វឹក ក្នុង​ការ​ដឹកនាំ​ក្រុម​របស់​ខ្លួន​ចូលរួម​ប្រកួត ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​កីឡា​ប្រដាល់សកល និង​គុន​ខ្មែរ​ពិតប្រាកដ​មែន​។ ការ​ចូល​ប្រកួត​កីឡា​នា​ពេល​នេះ គឺ​ការ​ប្រកួត​មួយ ដើម្បី​បង្កើន​កម្រិត​បច្ចេកទេស និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ន័យ​មិត្តភាព សាមគ្គីភាព និង​សុខភាព​។

លោក អ៊ុ​ក ច​ន្ថា សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​ក្នុង​នោះ​គឺ​ការ​លើកកម្ពស់ ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព សុខភាព​ល្អ ជំនាញ និង​សីលធម៌​ល្អ ជា​ពិសេស​លើកកម្ពស់​វប្បធម៌​ជាតិ បង្កើត​គំនិត​ថ្មី​ៗ វប្បធម៌​សិក្សា​ពេញ​មួយ​ជីវិត សំដៅ​ធានា​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ ចីរភាព និង​លើកកម្ពស់ ការ​អភិវឌ្ឍ វិស័យ​អប់រំ​កាយ​និង​កីឡា ព្រោះ​វិស័យ​នេះ​ជួយ​លើក​ស្ទួយ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​មាន​កាយសម្បទា​មាំមួន និង​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ និង​អំពើ​អបាយមុខ​មួយ​ចំនួន​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ឡើង ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

យោង​តាម​គណ​:​កម្ម​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ប្រដាល់សកល និង​គុន​ខ្មែរ ជើងឯក​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៤​បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​មាន​១១​ក្លឹ​ប​បាន​ចូលរួម ហើយ​មាន​វិញ្ញាសា​ប្រកួត​ចំនួន ១៣​ប្រភេទ​ទម្ងន់ និង​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​សរុប ១០០​នាក់​។ ក្រោយ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ រយ​:​ពេល​៤​ថ្ងៃ និង​ផ្អែក​លើ​លទ្ធផល​ជ័យ​លា​ភី​នា​ពេល​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ពី​ការ​អនុវត្ត​ភារកិច្ច​បាន​យ៉ាង​ត្រឹមត្រូវ របស់​ថ្នាក់ដឹកនាំ​ក្លឹ​ប កីឡាករ កីឡា​កា​រិ​និ គណ​:​កម្ម​ការ​បច្ចេកទេស និង​គណ​:​កម្ម​ការ​គ្រប់​ផ្នែក​ទាំងអស់​៕

Previous articleខេ​ម​បូ​ឌា​ន​លី​គ​នារី សម្រាប់រដូវកាល២០២៤ -២០២៥ នឹងមាន ១០ក្រុមចូលរួម
Next articleនេះជាមូលហេតុ នៃការជាប់គាំងទៅលើការផ្ទេរខ្សែការពារ De Ligt