ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា ប្រតិភូកីឡាកម្ពុជា ដែលចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅលើកទី៣៣ ទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានបញ្ចប់បេសកកម្ម ដោយរក្សាបាននូវកិត្តិសជាតិបានយ៉ាងល្អ។
ថ្លែងក្នុងឱកាសទទួលដំណើរមកដល់របស់ប្រតិភូកីឡាកម្ពុជា កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ៖«សម្រាប់ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាដ៏កំពូលរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះ គឺជាមោទនភាពជាតិ ដែលប្រតិភូ អត្តពលិកកម្ពុជាគោរពបាននូវវិន័យ បទបញ្ជាបច្ចេកទេសបានត្រឹមត្រូវ ដែលជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិរបស់យើង។ អត្តពលិកកម្ពុជា ដែលចូលរួមប្រកួត គឺជាប្រវត្តិសាស្ត្រ ដែលចូលរួមប្រកួត ហើយមិនមានកំហុស ដែលយើងអាចរៀនសូត្រពីបច្ចេកទេស បទប្បញ្ញត្តិ បទបញ្ជានានា។ ជារួម ឆ្លងកាត់ការចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ឆ្នាំ២០២៤នេះ គឺប្រតិភូ អត្តពលិកកម្ពុជារក្សាបាននូវកិត្តិយសជាតិបានយ៉ាងល្អ»។
បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ការទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់ប្រទេសបារាំងធ្វើបានយ៉ាងល្អ ដែលជាការជួបជុំរបស់គ្រួសារអូឡាំពិកនៃបណ្តាប្រទេសទាំងអស់លើពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការដឹកនាំក្នុងចលនាអូឡាំពិក។ ជាមួយគ្នានេះ អត្តពលិករាប់ម៉ឺននាក់បានមកចូលរួម ដើម្បីពង្រឹង និងផ្លាស់ប្តូរបទពិសោធន៍ រិតចំណងមិត្តភាព សាមគ្គីភាព ក្រោមពាក្យស្លោករបស់ចលនាអូឡាំពិក គឺខ្ពស់ជាង លឿងជាង និងខ្លាំងជាងទាំងអស់គ្នា មិនមែនមានន័យថា ខ្លាំងជាងតែម្នាក់ឯងនោះទេ។
ប្រធាន NOCC បានលើកឡើងថា ការប្រកួតកីឡាអូឡាំពិក រដូវក្តៅ ទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដែលទើបបិទបញ្ចប់ដោយជោគជ័យថ្មីៗនេះ គឺក្នុងចំណោម ២០៦ NOCs ចូលរួមប្រកួត គឺនៅថ្ងៃបញ្ចប់ការប្រកួត មានតែ៨៤ NOCs ប៉ុណ្ណោះ ដែលទទួលបានមេដាយ ចាប់ពី១គ្រឿងឡើងទៅ ហើយក្នុងនោះគឺមានតែជាង៦០ប៉ុណ្ណោះដែលទទួលបានមេដាយមាសចាប់ពី១ឡើងទៅ ខណៈជាង២០ NOCs ដែលទទួលបានមេដាយសំរឹទ្ធចាប់ពី១គ្រឿងឡើងទៅ។ ដោយឡែកជាង១០០ប្រទេស និងNOCs មិនទទួលបានមេដាយនោះឡើយ ប៉ុន្តែរឿងសំខាន់បំផុត គឺការចូលរួមរបស់កីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានា និង NOCs ដែលជាសមាជិករបស់ចលនាអូឡាំពិក៕