លោក Pep Muñoz ៖ ព្រះខ័នរាជស្វាយរៀង ប្តេជ្ញាចិត្តខ្ពស់សម្រាប់ប្រកួតលីគកម្ពុជា និងពានក្លឹបជើងឯកអាស៊ាន Shopee Cup

ភ្នំពេញ៖ លោក Pep Muñoz គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀងលើកឡើងថា ក្រុមព្រះខ័នរាជស្វាយរៀងមានការប្តេជ្ញាចិត្តខ្ពស់ជាមួយនឹងកម្រិតគុណភាពមិនធ្លាក់ចុះ ដើម្បីត្រៀមប្រកួតជាមួយម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ សម្រាប់សប្តាហ៍ទី២ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ និងត្រៀមការប្រកួតវគ្គចែកពូល ពានរង្វាន់ក្លឹបជើងឯកអាស៊ាន Shopee Cup នៅប្រទេសម៉ាឡេស៊ី នាដើមសប្តាហ៍ក្រោយនេះ។

នេះជាការលើកឡើងរបស់គ្រូបង្គោលរូបនេះ ក្នុងឱកាសសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ លោក Pep Muñoz គូសបញ្ជាក់ថា ក្រៅពីការប្រកួតលីគ សប្តាហ៍ទី២ យប់ថ្ងៃទី១៦ ខែសីហានេះ ជាមួយ ក្រុម ISI ដង្កោសែនជ័យ គឺក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៣-២០២៤ មួយនេះ ត្រូវប្រកួតដំបូងវគ្គចែកពូល ពានរង្វាន់ក្លឹបជើងឯកអាស៊ាន (ASEAN Club Championship-Shopee Cup) នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

លោក Pep Muñoz សង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«នេះជារបៀបក្នុងការប្រកួតនៅរដូវកាលនេះ ហើយជាមូលហេតុ ដែលយើងមានសមាសភាពកីឡាករច្រើន។ សម្រាប់ការប្រកួតថ្ងៃសុក្រនេះ យើងដឹងថាការប្រកួតក្នុងកីឡដ្ឋាន AIA មិនដែលងាយស្រួលនោះទេ។ ISI រក្សាក្រុមបានល្អកាលពីរដូវកាលមុន ហើយពួកគេស្គាល់គ្នាល្អណាស់។ ខ្ញុំចូលចិត្តស្ទីលលេងបាល់ទាត់របស់ពួកគេ ហើយតែងតែរីករាយក្នុងការលេងជាមួយក្រុមដែលចូលចិត្តកីឡា បាល់ទាត់ជាការប្រកួតប្រជែង មិនមែនជាការប្រយុទ្ធនោះទេ»។

«យើងចង់បន្តធ្វើឱ្យបានល្អក្នុងការប្រកួត និងមានមានការបញ្ចប់ទីច្បាស់ ជាងមុនក្នុងប្រអប់ទី។ ក្នុងនាមជាខ្ញុំគ្រូបង្វឹក ខ្ញុំដឹងថាខ្ញុំអាចប្រើកីឡាករណាក៏បាន ក្នុងការប្រកួតណាមួយ ហើយកម្រិតនៃក្រុមមិនធ្លាក់ចុះឡើយ។ ខ្ញុំសប្បាយចិត្ត និងមានទំនុកចិត្តចំពោះរឿងនេះ។ កីឡាករទាំងអស់ខិតខំហ្វឹកហាត់ខ្លាំង និងមានកម្រិតគុណភាព និងការប្តេជ្ញាចិត្តខ្ពស់។ អ្វីដែលសំខាន់បំផុតគឺ TEAM»។ នេះជាការលើកឡើងបន្ថែមរបស់គ្រូបង្គោល លោក Pep Muñoz។

គួរបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតក្នុងពានរង្វាន់ក្លឹបជើងឯកអាស៊ាន (ASEAN Club Championship-Shopee Cup) ដោយស្ថិតក្នុងពូល A មាន៦ក្រុម រួមមាន៖ ក្រុម BG Pathum United (ថៃ), Terengganu (ម៉ាឡេស៊ី), PSM Makassar (ឥណ្ឌូណេស៊ី), Dong A Thanh Hoa (វៀតណាម), ព្រះខ័នរាជស្វាយរៀង (កម្ពុជា) និងក្រុម Shan United (មីយ៉ាន់ម៉ា)។ រីឯពូល B ៖ ក្រុម Buriram United (ថៃ), Kuala Lumpur City (ម៉ាឡេស៊ី), Cong An Ha Noi (វៀតណាម), Borneo (ឥណ្ឌូណេស៊ី), Kaya FC—Iloilo (ហ្វីលីពីន) និងក្រុម Lion City Sailors (សិង្ហបុរី)។

ចំពោះកម្មវិធីប្រកួតរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលតំណាងឱ្យកម្ពុជាគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ១ប្រកួតបើកឆាកដំបូងរបស់ព្រះខ័នរាជស្វាយរៀងនឹងត្រូវប៉ះជាមួយក្រុម Terengganu (ម៉ាឡេស៊ី) នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤៕

Previous articleនាយបេសកកម្មជម្រាបជូនចំណុចសំខាន់ៗ នៃដំណើរបេសកកម្មក្នុងអូឡាំពិកហ្គេមរបស់ប្រតិភូកីឡាកម្ពុជា
Next articleស្ថានទូតកម្ពុជាប្រចាំជប៉ុន រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព “អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ” និងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍