ស្ថានទូតកម្ពុជាប្រចាំជប៉ុន រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព “អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ” និងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍

ភ្នំពេញ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​នៅ​ទីក្រុង​តូ​ក្យូ នា​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤ ដើម្បី “​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​” ក្រោម​អធិបតីភាព ឯកឧត្ដម ទុ​យ រី ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ជប៉ុន ដោយ​មាន​ក្រុម​កីឡាករ​បាល់ទាត់​ខ្មែរ​ចំនួន ៩​ក្រុម បាន​ចូលរួម​ប្រកួត និង​មានការ​ចូលរួម​ទស្សនា​ដ៏​ច្រើន​កុះករ​ពី​សំណាក់​សហគមន៍​ខ្មែរ កម្មសិក្សាការី​-​ពលករ​ជំនាញ​ខ្មែរ ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​ក្នុង​ប្រទេស​ជប៉ុន សរុប​ជាង ២០០​នាក់​។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​ឯកអគ្គរាជទូត បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​កីឡាករ​ខ្មែរ និង​អ្នកចូលរួម​ទាំងអស់​ដែល​បាន​ចំណាយពេល​វេលា​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ដើម្បី “​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​” ដែល​ត្រូវ​បាន​បើក​ការដ្ឋាន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤ ប្រកបដោយ​ភាព​ជោគជ័យ​ធំធេង និង​ជាទី​មោទកភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​រុងរឿង ដោយ​មាន​ប្រជាពលរដ្ឋ​គ្រប់​ជាន់ថ្នាក់​ទាំង​ក្នុង​និង​ក្រៅប្រទេស បាន​គាំទ្រ​ដោយ​ស្មោះស្ម័គ្រ​។ ឯកឧត្តម​ឯកអគ្គរាជទូត ក៏​បាន​សង្កត់ធ្ងន់​អំពី​សារៈ​ប្រយោជន៍​នៃ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​នឹង​ក្លាយជា​មរតក​ដ៏​មហាសាល​ជា​ប្រវត្តិសាស្ត្រ ក្រោយ​ព្រែកជីក​នេះ ត្រូវ​បាន​សាងសង់​រួច ហើយ​ពេល​នោះ​វា​នឹង​ផ្តល់​ប្រយោជន៍​ដ៏​សំខាន់​ដល់​វិស័យ​ជា​ច្រើន ជា​ពិសេស ការ​ដឹក​ជញ្ជូន ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម ការ​អភិវឌ្ឍ​ផែ​រណប​ថ្មី​ៗ ការ​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​ការ​ចិញ្ចឹមសត្វ ការ​អភិវឌ្ឍ​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា ការ​បង្កើត​ការងារ​បន្ថែម​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់​ផែ​ផ្សេង​ទៀត ការ​អភិវឌ្ឍ​ទីក្រុង​និង​នគរូបនីយកម្ម ជាដើម​។

ជាង​នេះ​ទៀត ព្រឹត្តិការណ៍​នេះ​ក៏​ដើម្បី​បង្ហាញ​ការ​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) ផង​ដែរ ដោយ​ឯកឧត្ដម​ឯកអគ្គរាជទូត បាន​ពន្យល់​អំពី​គោលបំណង និង​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​។ ឯកឧត្តម​ឯកអគ្គរាជទូត​ក៏​បាន​គូសបញ្ជាក់​ថា គ្មាន​ការ​កាត់​ទឹកដី ៤​ខេត្ត (​ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ​) របស់​កម្ពុជា​ឱ្យ​បរទេស​នោះ​ទេ និង​បាន​អំពាវនាវ​ដល់​អ្នកចូលរួម​ការ​ប្រកួត​នេះ ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធានា​មិន​ធ្វើ​ឱ្យ​បាត់បង់​អធិបតេយ្យភាព និង​បាត់បង់​ទឹកដី​នោះ​ឡើយ ហើយ​ដែល​ត្រូវ​បានការ​ពារ​ដោយ​ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម ដែល​បច្ចុប្បន្ន​បោះ​បាន ៨៤% រួច​មក​ហើយ​។

ក្រុម​កីឡាករ​ខ្មែរ​ទាំង ៩​ក្រុម​នោះ មាន ទី​១. ក្រុម Classic (​ខេត្ត Saitama), ទី​២. ក្រុម​អ្នក​ចម្បាំង (​ខេត្ត Ibaraki), ទី​៣. ក្រុម​អង្គរ​ខេមរា (​ខេត្ត Kanagawa), ទី​៤. ក្រុម Kanuma (​ខេត្ត Tochigi), ទី​៥. ក្រុម Banana (​ខេត្ត Gunma), ទី​៦.​ក្រុម Black Wolf (​ខេត្ត Kanagawa), ទី​៧. ក្រុម​នាគ​ស សៃ​តា​ម៉ាក់ (​ខេត្ត Saitama), ទី​៨. ក្រុម CJSS (​តូ​ក្យូ​) និង​ទី​៩. ក្រុម Khmer Ayase (​ខេត្ត Kanagawa)​។

ក្រោយ​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រួច​មក ជ័យ​លា​ភី​លេខ​១ បាន​ទៅ​ក្រុម KanumaFC ជ័យ​លា​ភី​លេខ​២ គឺ​ក្រុម នាគ ស សៃ​តា​ម៉ា និង​ជ័យ​លា​ភី​លេខ​៣ គឺ​ក្រុម អង្គរ​ខេមរា​។

ក្រុម​កីឡាករ​ខ្មែរ និង​អ្នកចូលរួម​ទាំងអស់​បាន​សំដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​មិត្តភាព​ដ៏​ពិសេស​នេះ ដែល​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ស្ថាន​ឯកអគ្គរាជទូត​ក្នុង​ការ​បង្ក​លក្ខណៈ​ឱ្យ​មានការ​ជួបជុំ និង​បន្ត​រឹតចំណង​សាមគ្គីភាព​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ក្នុង​ចំណោម​បងប្អូន​ខ្មែរ​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ នៅ​ចុងបញ្ចប់ ក្រុម​កីឡាករ​បាន​បង្ហាញ​នូវ​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ចូលរួម និង​បាន​ស្នើ​ស្ថានទូត​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ​នៅ​ពេល​ក្រោយ​ទៀត​៕

Previous articleលោក Pep Muñoz ៖ ព្រះខ័នរាជស្វាយរៀង ប្តេជ្ញាចិត្តខ្ពស់សម្រាប់ប្រកួតលីគកម្ពុជា និងពានក្លឹបជើងឯកអាស៊ាន Shopee Cup
Next articleកីឡាឡើងភ្នំកម្ពុជាចេញទៅប្រកួតជើងឯកយុវជនពិភពលោក នៅប្រទេសចិន