ក្រុមបាល់ទះជម្រើសជាតិកម្ពុជាឈ្នះប្រាក់រង្វាន់សម្តេចធិបតី ១០០លានរៀល ក្រោយឈ្នះក្រុមម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ៣សិត០

ភ្នំពេញ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​បាន​ក្លាយជា​ម្ចាស់​ជើងឯក ឈ្នះ ប្រាក់​រង្វាន់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ចំនួន ១០០​លាន​រៀល បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៣​សិត​០ កាលពី​យប់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​វិមាន​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នៃ​ព្រឹត្តិការណ៍​បាល់ទះ​អន្តរជាតិ ដណ្ដើម​ប្រាក់​រង្វាន់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ឆ្នាំ​២០២៤ (SAMDECH MOHA BORVOR THIPADEI-2024 SEA V LEAGUE CHALLENGE)​។

ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ កម្ពុជា ដែល​ធ្វើ​បាន​យ៉ាង​ល្អ លើ​ក្រុម​ម៉ា​ឡេ​ស៊ី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ដោយ​លទ្ធផល ៣-០​នេះ គឺ​ធ្វើ​បាន​ក្នុង​ពិន្ទុ ២៥​ទល់​២២, ២៥ ទល់​១៦ និង​២៥​ទល់​២៣​។ ដូច្នេះ​ក្រុម​ម្ចាស់​ផ្ទ កម្ពុជា ឈ្នះ​ប្រាក់​រង្វាន់​សម្តេច​ធិ​បតី ចំនួន ១០០ លាន​រៀល ខណៈ​ក្រុម​ម៉ា​ឡេ​ស៊ី ទទួល​បាន​ជើងឯក​រង ទទួល​បាន​ប្រាក់​រង្វាន់​សម្តេច​ធិ​បតី ៣០ លាន​រៀល​។ ចំពោះ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម​សិង្ហ​បុរី ទទួល​បាន​ប្រាក់​រង្វាន់​សម្តេច​ធិ​បតី ចំនួន ២០ លាន​រៀល បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ឡាវ ដោយ​លទ្ធផល ៣​សិត​ទល់​១​សិត ក្នុង​ពិន្ទុ ២៥-១៤, ២៥-២០, ២៣-២៥ និង​២៥​ទល់​១៣​។ ក្រុម​ឡាវ ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ ទទួល​បាន​ប្រាក់​រង្វាន់​សម្តេច​ធិ​បតី ចំនួន ១០ លាន​រៀល​។

នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​កម្រិត​អាស៊ាន​លំដាប់​ទី​២ (SEA V League Challenge 2024) ដែល​មាន​៤​ប្រទេស​ចូលរួម ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​១​ក្រុម​ឡើង​ទៅ​លេង​ពានរង្វាន់​លី​គ​លំដាប់​ទី​១ (SEA V League 2025) នា​ឆ្នាំ​២០២៥​ខាង​មុខ ដោយ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជា​ក្រុម​លេខ​១ បាន​ឡើង​ទៅ​លេង SEA V League 2025 ផង ហើយ​ថែ​ង​ទាំង​ជោគជ័យ​ជា​ក្រុម​ជើងឯក​ដណ្តើម​ប្រាក់​រង្វាន់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។ ព្រឹត្តិការណ៍​បាល់ទះ ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៤​នេះ គឺជា​ការ​ប្រកួត​ស្វែងរក​ក្រុម​ជើងឯក ឡើង​ទៅ​លេង SEA V League 2025 ហើយ​ក្រុម​ប្រទេស​ទាំង​៤ ក្នុង​ព្រឹត្តិការណ៍​ដដែល​នេះ មាន​កាតព្វកិច្ច​ប្រជែង​ប្រាក់​រង្វាន់​សម្តេច​ធិ​បតី​មួយទៀត​ផង​ដែរ​។ ដូច្នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​សិទ្ធិ​ឡើង​ទៅ​ប្រកួត​ពានរង្វាន់ SEA V League ឆ្នាំ​២០២៥ ជាមួយ​ក្រុម​ថៃ ឥណ្ឌូ​ណេ​ស៊ី និង​ហ្វី​លី​ពី​ន ដែល​កំពុង​រង់ចាំ ខណៈ​ក្រុម​វៀតណាម បាន​ធ្លាក់​មក​លេង​ក្នុង​ពានរង្វាន់ SEA V.League Challenge ឆ្នាំ​២០២៥ ជាមួយ​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ឡាវ និង​មី​យ៉ា​ន់​ម៉ា​។

ចំពោះ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ និង​ប្រគល់​ប្រាក់​រង្វាន់​ជ័យ​លា​ភី​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពស់​ខ្ពស់​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​លោក​ជំទាវ កែ សួន​សុ​ភី​។ ក្នុង​ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​ប្រទេស​ឡាវ ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​សឹ​ង្ហ​បុរី អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​អគ្គនាយក ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វឺ​រី​ជី​ស និង​លោក​ជំទាវ គឹ​ម ចាន់​ណា ព្រមទាំង​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា មន្ត្រី​អាជ្ញាកណ្ដាល​ជាតិ អន្តរជាតិ ប្រតិភូ កីឡាករ​ប្រទេស​កម្ពុជា ឡាវ ម៉ា​ឡេ​ស៊ី និង​ប្រទេស​សិង្ហ​បុរី​ផង​ដែរ​៕

Previous articleប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ចុះ​សួរសុខទុក្ខកីឡាករ​ប្រដាល់​គុន​ខ្មែរ ម៉ា​នូ សិល្បៈ
Next articleគ្រូបង្វឹកចិនហុងកុងបង្ហាញពីចក្ខុវិស័យនាំយកបទពិសោធន៍ការប្រណាំងឡានកម្រិតអន្តរជាតិមកកម្ពុជា