កំពង់ស្ពឺ៖ ព្រឹត្តិការណ៍ប្រណាំងយានយន្តប្រភេទ 200CC Karting 4 Stoke Kart ជ្រើសរើសជើងឯកពានរង្វាន់ WM CAMBODIA 2024 ជុំទី២បានរកឃើញជើងឯក បន្ទាប់ពីប្រកួតប្រជែង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅលើទីលានប្រណាំង YAMAMOTO CIRCUIT CAMBODIA ស្ថិតនៅតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក Thomas គ្រូបង្វឹកចិនហុងកុង អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងបានបញ្ជាក់ថា ការប្រណាំងជ្រើសរើសជើងឯកពានរង្វាន់ WM CAMBODIA 2024 ជុំទី២នេះ មានកីឡាករ កីឡាការិនីចូលរួម១០នាក់មកពីប្រទេសចិន ចិនហុងកុង ប្រទេសរុស្ស៊ី ប្រទេសបារាំង ប្រទេសឥណ្តូណេស៊ី អាមេរិក និងកម្ពុជា។
គោលបំណងចម្បងនៃការបង្កើតព្រឹត្តិការណ៍ប្រណាំងនេះឡើងនៅលើទឹកដីប្រទេសកម្ពុជា ដែលលោកស្រឡាញ់ គឺជាការចែករំលែកបទពិសោធន៍របស់លោកឆ្លងកាត់អស់រយៈពេលជាង៤០ឆ្នាំដល់ប្រទេសកម្ពុជា ហើយ ក៏ជាការរួមចំណែកបណ្តុះកីឡាករកីឡាការិនីរបស់កម្ពុជាឈានជើងចូលរួមប្រកួតនៅលើឆាកអន្តរជាតិ នៅពេលអនាគត។ លោកសង្ឈឹមមុតមាំថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងទាក់ទាញកីឡាករមកពីជុំវិញពិភពលោកមកចូលរួមប្រណាំងក្នុងទឹកដីកម្ពុជា ដែលនឹងផ្តល់ផលចំណេញលើវិស័យទេសចរណ៍ផងដែរ។
ជុំវិញការបង្កើតព្រឹត្តិការណ៍ប្រណាំងយានយន្តប្រភេទ 200CC Karting 4 Stoke Kart ជ្រើសរើសជើងឯកពានរង្វាន់ WM CAMBODIA លោក Pily Wong អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានគាំទ្រ និងចាត់ទុកការរៀបចំព្រឹត្តិការណ៍នេះ ជាការពង្រឹងសមត្ថភាពមន្ត្រីគណៈកម្មការបច្ចេកទេសរៀបចំការប្រណាំងឈានទៅរកកម្រិតស្តង់ដាអាចទទួលធ្វើជាម្ចាស់ផ្ទះការប្រណាំងកម្រិតអន្តរជាតិ។ ព្រឹត្តិការណ៍ប្រណាំងនេះនឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកម្ពុជាបានស្គាល់ និងចូលហ្វឹកហាត់ជាកីឡាករ ដើម្បីក្លាយជាកីឡាករប្រណាំងតំណាងកម្ពុជានៅលើឆាកអន្តរជាតិនៅពេលខាងមុខ ពិសេសបានទាក់ទាញភ្ញៀវទេសចរណ៍ដែលជាកីឡាករអន្តរជាតិមកស្គាល់កម្ពុជាទៀតផង។
កីឡាករកីឡាការិនីជាតិ និងអន្តរជាតិ ដែលបានចូលរួមប្រណាំងសុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងចង់ឱ្យព្រឹត្តិការណ៍ប្រណាំងបង្កើតឱ្យបានញឹកញាប់ ដើម្បីផ្តល់ឱកាសឱ្យពួកគេបានចូលរួមប្រកួត ក្នុងការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមផងដែរ។ ឆ្លងកាត់ការប្រណាំងអស់រយៈពេលពេញមួយព្រឹក ចំណាត់លេខ១ បានទៅលើកីឡាករកម្ពុជា YEAN PIRAKYUTH ចំណាត់ថ្នាក់លេខ 2 បានទៅលើកីឡាករកម្ពុជា SOU SOVANNRATANAK និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករឥណ្តូណេស៊ី ELIJAH HENDRATA៕