ភ្នំពេញ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានក្លាយជាម្ចាស់ជើងឯក ឈ្នះ ប្រាក់រង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន ១០០លានរៀល បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិត០ កាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិអូឡាំពិកនៃព្រឹត្តិការណ៍បាល់ទះអន្តរជាតិ ដណ្ដើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ (SAMDECH MOHA BORVOR THIPADEI-2024 SEA V LEAGUE CHALLENGE)។
ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ កម្ពុជា ដែលធ្វើបានយ៉ាងល្អ លើក្រុមម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រនេះ ដោយលទ្ធផល ៣-០នេះ គឺធ្វើបានក្នុងពិន្ទុ ២៥ទល់២២, ២៥ ទល់១៦ និង២៥ទល់២៣។ ដូច្នេះក្រុមម្ចាស់ផ្ទ កម្ពុជា ឈ្នះប្រាក់រង្វាន់សម្តេចធិបតី ចំនួន ១០០ លានរៀល ខណៈក្រុមម៉ាឡេស៊ី ទទួលបានជើងឯករង ទទួលបានប្រាក់រង្វាន់សម្តេចធិបតី ៣០ លានរៀល។ ចំពោះក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមសិង្ហបុរី ទទួលបានប្រាក់រង្វាន់សម្តេចធិបតី ចំនួន ២០ លានរៀល បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ៣សិតទល់១សិត ក្នុងពិន្ទុ ២៥-១៤, ២៥-២០, ២៣-២៥ និង២៥ទល់១៣។ ក្រុមឡាវ ដែលទទួលបានចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់សម្តេចធិបតី ចំនួន ១០ លានរៀល។
នេះជាព្រឹត្តិការណ៍ប្រកួតបាល់ទះកម្រិតអាស៊ានលំដាប់ទី២ (SEA V League Challenge 2024) ដែលមាន៤ប្រទេសចូលរួម ដើម្បីស្វែងរកក្រុមជើងឯក១ក្រុមឡើងទៅលេងពានរង្វាន់លីគលំដាប់ទី១ (SEA V League 2025) នាឆ្នាំ២០២៥ខាងមុខ ដោយក្រុមម្ចាស់ផ្ទះកម្ពុជាទទួលបានជោគជ័យជាក្រុមលេខ១ បានឡើងទៅលេង SEA V League 2025 ផង ហើយថែងទាំងជោគជ័យជាក្រុមជើងឯកដណ្តើមប្រាក់រង្វាន់សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ។ ព្រឹត្តិការណ៍បាល់ទះ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះឆ្នាំ២០២៤នេះ គឺជាការប្រកួតស្វែងរកក្រុមជើងឯក ឡើងទៅលេង SEA V League 2025 ហើយក្រុមប្រទេសទាំង៤ ក្នុងព្រឹត្តិការណ៍ដដែលនេះ មានកាតព្វកិច្ចប្រជែងប្រាក់រង្វាន់សម្តេចធិបតីមួយទៀតផងដែរ។ ដូច្នេះក្រុមជម្រើសជាតិកម្ពុជាបានសិទ្ធិឡើងទៅប្រកួតពានរង្វាន់ SEA V League ឆ្នាំ២០២៥ ជាមួយក្រុមថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន ដែលកំពុងរង់ចាំ ខណៈក្រុមវៀតណាម បានធ្លាក់មកលេងក្នុងពានរង្វាន់ SEA V.League Challenge ឆ្នាំ២០២៥ ជាមួយម៉ាឡេស៊ី សិង្ហបុរី ឡាវ និងមីយ៉ាន់ម៉ា។
ចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងប្រគល់ប្រាក់រង្វាន់ជ័យលាភីត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពស់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសសឹង្ហបុរី អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុនខ្មែរប៊ែវឺរីជីស និងលោកជំទាវ គឹម ចាន់ណា ព្រមទាំងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទះកម្ពុជា មន្ត្រីអាជ្ញាកណ្ដាលជាតិ អន្តរជាតិ ប្រតិភូ កីឡាករប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី និងប្រទេសសិង្ហបុរីផងដែរ៕