ភ្នំពេញ៖ លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាគូសបញ្ជាក់ថា ៖«សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាពិតជាមានមោទនភាពណាស់ ដែលបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ី (ATF Asian U14 Junior Championship 2024) ដោយសហព័ន្ធកីឡាវាយកូនបាល់អាស៊ីបានផ្តល់សិទ្ធិជូនកម្ពុជាសម្រាប់ការរៀបចំប្រកួតអន្តរជាតិនេះ នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ»។
នេះជាការលើកឡើងរបស់អគ្គលេខាធិការ នៅក្នុងឱកាសការបោះជំរុំហ្វឹកហាត់របស់កីឡាករ កីឡាការិនីយុវជនសរុប ៤៨នាក់មកពី១៦ប្រទេស រយៈពេល៤ថ្ងៃ ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនការប្រកួតផ្លូវការចូលមកដល់ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី០៩-១៣ ខែកញ្ញា ឆ្នាំ២០២៤។
លោក ទេព រិទ្ធិវិទ្ធ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ប្រកួតជើងឯកយុវជនអាស៊ីនេះ មានកីឡាករ ២៤នាក់ និងកីឡាការិនី ២៤នាក់ ខណៈកម្ពុជាបានដាក់កីឡាករម្នាក់ប៉ុណ្ណោះ ចូលរួមប្រកួតប្រជែង ដោយសារតែព្រឹត្តិការណ៍យុវជននេះមានកម្រិតខ្ពស់ៗ។ ម្យ៉ាងទៀត ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានសិទ្ធិដាក់កីឡាករ និងកីឡាការិនីចូលរួមប្រកួតបានដែរ បើទោះបីជាកីឡាករយើងមិនមានចំណាត់ថ្នាក់ល្អក្តី។ «ចំពោះកម្ពុជាមិនដាក់បេក្ខភាពកីឡាការិនីចូលរួមប្រកួតនោះ ព្រោះយើងយល់ឃើញថា គុណភាពកីឡាការិនីយើងនៅមានកម្រិតខ្សោយនៅឡើយ ហើយមិនចង់ឱ្យកីឡាការិនីកម្ពុជាចូលរួមប្រកួត ហើយរងនូវសម្ពាធការប្រកួតនោះទេ។ ចំពោះកម្ពុជា គឺដាក់កីឡាករ ផល រតនៈ ចូលរួមប្រកួត ដោយលោកសង្ឃឹមថា យុវជនកម្ពុជារូបនេះនឹងអាចឈ្នះ១ប្រកួត ឬ២ប្រកួត»។
ចំពោះមូលហេតុ ដែលសហព័ន្ធកីឡាវាយកូនបាល់អាស៊ីផ្តល់សិទ្ធិជូនកម្ពុជាទទួលរៀបចំលើកទី២ ពោលគឺរយៈពេល២ឆ្នាំជាប់ៗគ្នា គឺដោយសារតែសហព័ន្ធអាស៊ីបានមើលឃើញថា កម្ពុជាបានរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ី នេះបានល្អ និងជោគជ័យ កាលពីឆ្នាំ២០២៣កន្លងទៅ ហើយសហព័ន្ធអាស៊ីបានស្នើមកកម្ពុជាធ្វើម្តងទៀត នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។
«គោលការណ៍សំខាន់ៗ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ គឺកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធកីឡាវាយកូនបាល់ស្អាតថ្មី ហើយមានទីលានហ្វឹកហាត់-ប្រកួតយ៉ាងតិចចំនួន៥ ជាពិសេសអន្តរជាតិបានមើលឃើញថា ស្រុកយើងមិនមានបញ្ហានយោបាយប្រែប្រួល និងគ្មានចម្បាំងអ្វីនោះទេ ហើយក្មេងៗក្រោម១៤ឆ្នាំចុះក្រោមទាំងអស់នេះ ដែលត្រូវមកជាមួយគ្រូបង្វឹក ឪពុកម្តាយរបស់គេ។ ជារួម យើងបានបំពេញគ្រប់លក្ខខណ្ឌគ្រប់យ៉ាង ទើបសហព័ន្ធអន្តរជាតិប្រគល់សិទ្ធិដល់កម្ពុជា ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះនេះ»។ លោក ទេព រិទ្ធិវិទ្ធ បានបន្ថែម។
ជាការគូសបញ្ជាក់បន្ថែម លោកអគ្គលេខាធិការរូបនេះបានឱ្យដឹងទៀតថា ៖«យើងត្រូវតែទទួលធ្វើម្ចាស់ផ្ទះ ដោយសារតែយើងមានកាតព្វកិច្ចត្រូវតែបង្ហាញជំនាញកីឡានេះ ហើយយើងត្រូវតែចូលរួមក្នុងកីឡាអន្តរជាតិ ដោយសារតែយើងជាប្រទេសមួយ ដែលល្បីដែរ ក្នុងប្រភេទកីឡាវាយកូនបាល់នេះ។ យើងយល់ឃើញថា ពេលណាដែលយើងមានឱកាស គឺយើងត្រូវតែទទួលយក ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែច្រើន។ យ៉ាងណាយើងនឹងបន្តការខិតខំប្រឹងប្រែងរៀបចំឱ្យបានជោគជ័យ»៕