ឯកឧត្តម វ៉ាត់ ចំរើន ៖ កុំបន្ទោសបង្អាប់គ្នា ក្នុងយុទ្ធគុនចម្រុះខ្មែរបុរាណ ដោយប្រកួតប្រជែងគ្នាស្វែងរកឧត្តមភាពផ្នែកបច្ចេកទេសវិញ

ភ្នំពេញ៖ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី​បាន​ស្នើ​ដល់​អ្នក​យុទ្ធ​គុន​ខ្មែរ​ទាំងអស់ កុំ​បន្ទោស​បង្អាប់​គ្នា ដោយ​យើង​ប្រកួតប្រជែង​គ្នា ក្នុង​ការ​ស្វែងរក​ឧត្តមភាព​ផ្នែក​បច្ចេកទេស​វិញ​។

នេះ​ជា​ការ​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ ២០២០-២០២៤ និង​បន្ត​អាណត្តិ​ថ្មី ទី​២ ឆ្នាំ​២០២៤-២០២៨ កាលពី​ល្ងាច​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ ភ្នំពេញ​។

ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ចំពោះ​កិច្ច​បាន​សង្កត់ធ្ងន់​ថា ៖«​សូម​ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី​ឱ្យ​មាន​សាមគ្គីភាព ក្នុង​រង្វង់​យុទ្ធ​គុន​ខ្មែរ​របស់​យើង​ទាំងអស់​គ្នា​។ ដូច្នេះ​យើង​ត្រូវ​តែ​ជួយ​គ្នា សាមគ្គី​គ្នា ដោយ​មិន​វាយប្រហារ​គ្នា​ទៅ​លើ​ក្បាច់គុន​នេះ ឬ​ក្បាច់គុន​នោះ ដោយ​ត្រូវ​តែ​មាន​អារម្មណ៍​តែ​មួយ​ថា អ្នក​ហាត់​ក្បាច់គុន​ណា​ក៏​ដោយ​ឱ្យ​តែ​ជា​អ្នក​ហាត់​ក្បាច់គុន​របស់​ដូនតា​ខ្មែរ គឺ​សុទ្ធតែ​ជា​របស់​ខ្មែរ​យើង​ទាំងអស់​គ្នា​»​។

ឯកឧត្តម វ៉ា​ត់ ចំរើន លើក​ឡើង​ថា ៖«​ដោយសារ​តែ​ឃើញ​សភាពការណ៍​នៃ​ការ​ប្រកាន់​នូវ​ប្រភេទ​ក្បាច់គុន​ល្បុក្កតោ ឬ​ក្បាច់គុន​យុទ្ធ​ក្រម​ខម ជា​របស់​អ្នក​នេះ ឬ​អ្នក​នោះ ឬ​អ្នក​នេះ​ថា​បែប​នេះ ឬ​បែប​នោះ​។ ដូច្នេះ​ហើយ ចាប់ពី​ពេល​នេះ​តទៅ យើង​ត្រូវ​រួម​គ្នា និង​ចាត់​ទុក​ថា យុទ្ធ​គុន​របស់​បុព្វបុរស​ខ្មែរ​យើង គឺជា​របស់​យើង​ទាំងអស់​គ្នា​។ យើង​មិន​ត្រូវ​ប្រកាន់​គ្នា​ទេ ដោយ​យើង​ប្រកួតប្រជែង​គ្នា​តែ​ក្នុង​បច្ចេកទេស​កីឡា​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា ការ​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ស្វែងរក​ឧត្តមភាព​ផ្នែក​បច្ចេកទេស​។ យើង​មិន​ប្រកួតប្រជែង​គ្នា បន្ទោស​បង្អាប់​គ្នា​ចំពោះ​យុទ្ធ​គុន​ខ្មែរ​។ ខ្ញុំ​ស្នើ​សុំ​ការ​គាំទ្រ​ពី​លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី​ទាំងអស់​ឱ្យ​ចូលរួម​ទាំងអស់​គ្នា ក្នុង​ការ​ជួយ​លើកកម្ពស់​យុទ្ធ​គុន​ខ្មែរ​បុរាណ​យើង​។ ប្រភេទ​កីឡា​ឃី​ក​បុក​ស៊ី​ង​នេះ ក៏​ជា​សណ្តាណ​ក្នុង​រង្វង់​គុន​ខ្មែរ​យើង​ដែរ ដោយ​មិន​ខុស​គ្នា​ទេ​ពោល​គឺ​នៅ​ក្នុង​រង្វង់​តែ​មួយ​ទេ​»​។

ដោយ​សំដៅ​ដល់​គោលដៅ​ចម្បង​នៃ​សាមគ្គីភាព​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន ដែល​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា (NOCC) ផង​នោះ បាន​លើក​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​សាមគ្គីភាព​ឱ្យ​បាន​កាន់តែ​ច្រើន គឺ​កាន់តែ​ល្អ កាន់តែ​រឹង​មាំ ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​ឱ្យ​តែ​លឿន​។ ដូច្នេះ​ឯកឧត្តម​លើកទឹកចិត្ត​ឱ្យ​ចូលរួម​ឱ្យ​បាន​ទាំងអស់​គ្នា នៅ​ក្នុង​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី លើក​ទី​១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី មិន​មានការ​លក់​សំបុត្រ​នោះ​ឡើយ​។

«​សូម​ចូលរួម​គាំទ្រ​ឱ្យ​បាន​ទាំងអស់​គ្នា ក្នុង​ការ​បង្រួបបង្រួម​គ្នា​ឱ្យ​ក្លាយជា​និមិត្តរូប​នៃ​សាមគ្គីភាព និង​បង្ហាញ​ការ​ដឹងគុណ​កតញ្ញូ​ចំពោះ​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​ទាំងអស់​គ្នា​។ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា ខ្មែរ​យើង​ជា​ពូជ​អ្នក​ចម្បាំង អ្នកក្លាហាន ជា​ពូជ​អ្នក​យុទ្ធ​គុន និង​យុទ្ធ​មន្ត​ខាង​ផ្នែក​សឹកសង្គ្រាម​ដ៏​ខ្ពង់ខ្ពស់​ណាស់​។ បើ​មិន​បុព្វបុរស​ខ្មែរ​មិន​ខ្លាំងពូកែ​នោះ​ទេ បុព្វបុរស​មិន​អាច​កសាង​ចក្រភព​ខ្មែរ​ដ៏​ខ្លាំងក្លា​ពី​បុរាណកាល​បាន​នោះ​ទេ​។ ជា​ថ្មី​ម្តងទៀត ខ្ញុំ​សូម​អំពាវនាវ​ម្តងទៀត​ថា អ្វី​ដែល​ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​យើង​ត្រូវ​តែ​ចូលរួម​គាំទ្រ​ទាំងអស់​គ្នា ហើយ​ស​ង្ឃឹ​ថា អ្វី​ៗ​ទាំងអស់​នឹង​សម្រេច​បាន​ជោគជ័យ​តាម​គោលដៅ​»​។ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់​ចុង​ក្រោយ​៕

Previous articleMan Utd គ្រោងចំណាយលុយមួយកញ្ចប់ធំ ផ្ទេរយកកីឡាកររបស់ Crystal Palace
Next articleខ្សែប្រយុទ្ធ David Datro Fofana កាន់តែខិតជិតការចាកចេញពីតោខៀវ