ឯកឧត្តម ប៉ាន សូរស័ក្តិ បន្តដឹកនាំជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​អាណត្តិ​ចាស់​បាន​បន្ត​ដឹកនាំ​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី ពី​ឆ្នាំ​២០២៤-២០២៨ ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ចំនួន​១៣​រូប តាមរ​យៈម​ហាស​ន្និ​បា​តិ​បញ្ចប់​អាណត្តិ​ចាស់​ទី​៤ និង​បន្ត​អាណត្តិ​ថ្មី​ទី​៥ ឆ្នាំ​២០២៤-២០២៨ របស់​សហព័ន្ធ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

អង្គ​មហាសន្និបាត​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​បាន​អនុម័ត​គាំទ្រ​លើ​សមាសភាព​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​ទី​៥ ឆ្នាំ​២០២៤-២០២៨ ជា​ឯកច្ឆន្ទ ចំនួន ១៣​រូប រួម​មាន ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ប្រធាន​សហព័ន្ធ អម​ដោយ​អុ​នុ​ប្រធាន​៣​រូប គឺ​ឯកឧត្តម កឹ​ម សុ​ខុន ឯកឧត្តម វង្ស ខាន់​ពៅ ឯកឧត្តម ឡាយ សុខ​សៅ​គ​ន្ធា​។ លោក នូ ចំរើន អគ្គលេខាធិការ អម​ដោយ​អគ្គលេខាធិការ​រង​២​រូប គឺ​លោក ព្យែ​រ អ៊ី​ង​កា​ទ្រី និង​ឯកឧត្តម សុខ ដា​រិ​ទ្ធិ ខណៈ​អគ្គ​ហេរញ្ញិក កញ្ញា សួង ចាន់​តូ​រ៉ា​ទី និង​៥​រូប​ទៀត​ជា​សមាជិក​។ មហាសន្និបាត​មានការ​ចូលរួម​ជា​សក្ខីភាព​ពី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

ឯកឧត្តម កឹ​ម សុ​ខុន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ មាន​ប្រសាសន៍​ថា សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​បាន​ដំណើរការ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៤ និង​បន្ត​អនុវត្ត​ការងារ​សម្រាប់​អាណត្តិ​ទី​៥ (២០២៤-២០២៨) របស់​ខ្លួន​ប្រកបដោយ​ស្មារតី​មិត្តភាព សាមគ្គីភាព​ខ្ពស់ តាម​កម្មវិធី​សាស្ត្រ​ដែល​បាន​គ្រោងទុក​។

ឯកឧត្តម កឹ​ម សុ​ខុន គូសបញ្ជាក់​ថា អង្គ​មហាសន្និបាត​បាន​ពិភាក្សា​ផ្តល់​យោបល់ និង​បាន​អនុម័ត​លើ ៖ ១.​បាន​អនុម័ត​លើ​របាយការណ៍​សកម្មភាព​របស់​សហព័ន្ធ​ក្នុង​អាណត្តិ​កន្លង​មក និង​បាន​ឯកភាព​លើ​ទិស​ដៅ​ផែនការ​យុទ្ធសាស្ត្រ​សំខាន់​ៗ ក្នុង​អាណត្តិ​ថ្មី​។ ២.​បាន​អនុម័ត​លើ​របាយការណ៍​ហិរញ្ញវត្ថុ និង​បង្ហាញ​ពី​សម្បត្តិ​របស់​សហព័ន្ធ​។ ៣.​បាន​អនុម័ត ការ​ធ្វើ​វិសោធនកម្ម លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​សហព័ន្ធ សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០២៤ ដល់​២០២៨​។ ៤.​បាន​អនុម័ត និង​ផ្តល់​សេចក្តី​ទុកចិត្ត​លើ សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​។ ផ្អែក​តាម​លទ្ធផល​ខាងលើ អង្គ​មហាសន្និបាត​សង្ឃឹម និង​ជឿជាក់​ថា គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ថ្មី និង​បន្ត​ដឹកនាំ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាពល្អ​ប្រសើរ និង​ទទួល​បាន​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​អនុប្រធាន​ចាត់​ទុក​ថា សកម្មភាព​ទាំងនេះ​ពិតជា​ការ​គោរព និង​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​លក្ខន្តិក របស់​សហព័ន្ធ ដើម្បី​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​សហព័ន្ធ និង​តម្លាភាព​របស់​អង្គការ​សង្គម​មួយ​ទទួល​បាន ការ​អនុញ្ញាត​ពី​អាជ្ញាធរ​កីឡា​ជាតិ និង​ការ​ទទួលស្គាល់​ពី​អង្គការ​កីឡា​អន្តរជាតិ​ផង​ដែរ​។ អង្គ​មហាសន្និបាត​បាន​ស្តាប់ ចូលរួម​វាយតម្លៃ​លើ​បាយ​ការណ៍​ការងារ​ក្នុង​អាណត្តិ កន្លង​មក និង​ផែនការ​ដាក់​ទិស​ដៅ​ភារកិច្ច សម្រាប់​អាណត្តិ​បន្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​។ អង្គ​មហាសន្និបាត​បាន​ចូលរួម​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយ​សាមគ្គីភាព មិត្តភាព ដើម្បី​វាយតម្លៃ និង​អនុម័ត​លើ​របាយការណ៍​សកម្មភាព ក៏​ដូច​ជា​របាយការណ៍​ហិរញ្ញវត្ថុ ក្នុង​អាណត្តិ​កន្លង​មក និង​ការ​ដាក់​ផែនការ​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ សម្រាប់​អាណត្តិ​បន្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បន្ថែម​ទៀត​ផង​ដែរ​៕

Previous articleTen Hag ពោលយ៉ាងនេះ ក្រោយបញ្ចប់ការប្រកួតជាមួយក្លឹប Barnsley
Next articleលោក នូ ចំរើន លើកបង្ហាញទិសដៅ៦ចំណុចសំខាន់ៗបន្តការអភិវឌ្ឍ និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩