លោក នូ ចំរើន លើកបង្ហាញទិសដៅ៦ចំណុចសំខាន់ៗបន្តការអភិវឌ្ឍ និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩

ភ្នំពេញ៖ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​បាន​លើក​បង្ហាញ​នូវ​ទិស​ទៅ​សំខាន់​ៗ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ទោចក្រយាន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ជា​ពិសេស​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ ខាង​មុខ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

នេះ​ជា​ការ​លើក​បង្ហាញ​ទិស​ទៅ​របស់​លោក​អគ្គលេខាធិការ នៅ​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី ២០២៤-២០២៨ ដែល​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ទី​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ក្រោម​អធិបតីភាព​ឯកឧត្តម កឹ​ម សុ​ខុន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​សហព័ន្ធ​។

ទិស​ដៅ​ការងារ​អាណត្តិ​ទី​៥ ឆ្នាំ​២០២៤-២០២៨ ដែល​បង្ហាញ​ដោយ​លោក នូ ចំរើន រួម​មាន​៖ ១. រៀបចំ​និ​តិ​វិធី​ស្នើ​សុំ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​បន្ថែមចំនួន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ថ្នាល សម្រាប់​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ ស្រប​តាម​ចក្ខុវិស័យ និង​ការ​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ ដើម្បី​ឈាន​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នា​ពេល​ខាង​មុខ​។ ២.​សហការ​ជាមួយ NOCC ក្រសួង​អប់រំ យុវជន និង​កីឡា និង​បណ្ដា​ដៃគូ​ឧបត្ថម្ភ​នានា​លើ​គម្រោង​ប​ញ្ចូ​ន​ក្រុម​គ្រូបង្វឹក​កីឡាករ​ជម្រើសជាតិ និង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ទៅ​ហ្វឹកហាត់​-​ប្រកួត និង​សិក្សា​ស្រាវជ្រាវ​បន្ថែម​រយៈពេល​ខ្លី និង​វែង​នៅ​ក្រៅប្រទេស ដើម្បី​ឈាន​ទៅ​ដណ្តើម​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹ​ត្ត​ការណ៍​ការ​ប្រកួត​អន្តរជាតិ​នានា និង​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩​។ ៣.​រៀបចំ​គណៈកម្មការ​បច្ចេកទេស​សហព័ន្ធ តាម​ជំនាញ ដើម្បី​សិក្សា​វាយតម្លៃ​ពី​គុណភាព និង​សមត្ថភាព​ការងារ​ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​លើក​ទី​៥ ឆ្នាំ​២០២៩​ខាង​មុខ​។

៤.​គ្រោង​បង្កើន​ការ​រៀបចំ​ការ​ប្រកួត​តាម​តំបន់ និង​ភូមិភាគ ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត ក៍​ដូច​ជា​ការ​ជ្រើសរើស​ស្វែងរក​កីឡាករ​-​កីឡាការិនី ដែល​មាន​ទេព​កោសល្យ និង​ប្រកបដោយ​គុណ​ផល​កីឡា និង​ជា​ពិសេស​ពង្រីក​ការ​ផ្សព្វផ្សាយ​កីឡា​ទោចក្រយាន តាម​តំបន់​ដាច​ស្រយាល​ឱ្យ​បាន​ជ្រួតជ្រាប​អំពី​អត្ថប្រយោជន៍​កីឡា​ទោចក្រយាន​។ ៥.​សហព័ន្ធ​ដាក់​គោលដៅ​បំផុស​ចលនា​យុវជន និង​មហាជន​ឱ្យ​ចូលរួម​ចូលរួម​ហាត់ និង​លេង​កីឡា​កម្សាន្ដ សប្បាយ និង​ដើម្បី​សុខភាព​ឱ្យ​បាន​កាន់តែ​ច្រើន​កុះករ ក្នុង​នោះ​សហព័ន្ធ​នឹង​បង្កើត​ទិវា​ជិះ​កង់ ដើម្បី​ទាំងអស់​គ្នា ក្រោម ប្រធានបទ “​ប្រជាជន​០១​នាក់ កង់​០១​គ្រឿង​” ជា​រៀង​រាល់​ឆ្នាំ​នៅ​តាម​ទីធ្លា​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ឬ​ខេត្ត​គោលដៅ​ទេសចរណ៍​ផ្សេង​ៗ​ទៀត ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កីឡា​ជិះ​កង់​មានការ​រីក​ចម្រើន​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​។ ៦.​សហព័ន្ធ​បន្ត​ខិតខំ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ និង​ដៃគូ​ឧបត្ថម្ភ​បន្ថែម​ទាំង​សម្ភារ និង​ថវិកា ដើម្បី​ដំណើរការ​ប្រកបដោយ​និរន្ត​ភាព​តាម​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ និង​ប្រចាំ​អាណត្តិ​របស់​សហព័ន្ធ​នា​ពេល​ខាង​មុខ​។

ជាមួយ​គ្នា​នេះ លោក នូ ចំរើន ក៏​បាន​លើក​បង្ហាញ​ពី​ចំណុចខ្សោយ និង​ចំណុចខ្លាំង នៅ​ក្នុង​អាណត្តិ​ចាស់​៤​ឆ្នាំ​កន្លង​មក ដោយ​ចំណុចខ្សោយ គឺ​ខ្វះ​សម្ភារ​សម្រាប់​បម្រើ​ការ​ហ្វឹកហាត់ និង​ថវិកា​ជួយ​ទ្រទ្រង់​ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក​ជម្រើសជាតិ ក្នុង​ពេល​រំសាយ​ពី​ការ​ប្រមូលផ្តុំ​ពី​ក្រុម​ជម្រើសជាតិ​។ ខ្វះខាត​ថវិកា​សម្រាប់​បញ្ជូន មន្ត្រី​បច្ចេកទេស គ្រូបង្វឹក និង​កីឡាករ ដើម្បី​ទៅ​ចូលរួម​ការ​ប្រជុំ សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជាដើម​។ វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​ហ្វឹកហាត់ និង​ការ​ប្រកួត​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​ធ្វើ​ឱ្យ​លំបាក ក្នុង​ការ​វាយតម្លៃ​ពី​គុណ​ផល និង​សិទ្ធ​ផល​បច្ចេកទេស​ក្នុង​ការ​ត្រៀមខ្លួន​ចូលរួម​ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ កន្លង​មក តាម​ផែន​ការណ៍​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ ដោយ​ពុំ​ទទួល​បាន​មេដាយមាស ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ ដែល​សហព័ន្ធ​ទទួល​បាន​ត្រឹម​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ប៉ុណ្ណោះ​។

ចំពោះ​ចំណុចខ្លាំង​ត្រូវ​បាន​អគ្គលេខាធិការ​លើក​ឡើង​ថា សហព័ន្ធ​តែង​ទទួល​បាន​នូវ​ការ​យកចិត្តទុកដាក់​ជា​ប្រចាំ​ពី​ឯកឧត្តម​ប្រធាន​សហព័ន្ធ ទាំង​ស្មារតី​សម្ភារ ថវិកា និង​ពេលវេលា ដោយ​ពុំ​ខ្លាច​នឿយហត់ ដែល​ធ្វើ​ឱ្យ​សហព័ន្ធ​គ្រប់​ថ្នាក់​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​ជួយ​ជំរុញ​ការងារ​សហព័ន្ធ​ឱ្យ​មានការ​រីក​ចម្រើន និង​ដណ្តើម​បាន​ជ័យជម្នះ​ផង​ដែរ​។ សហព័ន្ធ​ទទួល​បាន​ថវិកា​គាំទ្រ​ប្រចាំឆ្នាំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​រៀង​រាល់​ឆ្នាំ​ចាប់​រាប់​ពី​ឆ្នាំ​២០១៩ រហូត មក​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​អភិវឌ្ឍ និង​កែទម្រង់​សហព័ន្ធ​ឈាន​ឆ្ពោះ​ទោ​ការ​ប្រកួតប្រជែង​ថ្នាក់​តំបន់ និង​ទ្វីប​។ សហព័ន្ធ​ទទួល​បានការ​ឧបត្ថម្ភ​ទាំង​សម្ភារ អាហារ​បំប៉ន និង​ថវិកា​ពី​ក្រុមហ៊ុន Herbalife Nutrition Cambodia

ប្រចាំឆ្នាំ ដើម្បី​ផ្តល់​ជូន​ដល់​ក្រុម​កីឡាករ​ជ​ម្រើ​ជាតិ សម្រាប់​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​លក្ខណៈ​ជាតិ​-​អន្តរជាតិ​នានា ជា​ពិសេស​សហព័ន្ធ​អាច​រៀប​ចំការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​បាន​យ៉ាង​អ​ធឹ​ក​អធម​។ សហព័ន្ធ​បាន​បង្កើន​ឱកាស​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី​វ័យក្មេង ក្នុង​ការ​ចូលរួម​ទៅ​ហ្វឹកហាត់ និង​ការ​ប្រកួត​នៅ​ក្រៅប្រទេស ដើម្បី​ដកស្រង់​បទ​ពិសោធន៍​បច្ចេកទេស សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ឈាន​ឆ្ពោះទៅ កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ នៅ​កម្ពុជា​៕

Previous articleឯកឧត្តម ប៉ាន សូរស័ក្តិ បន្តដឹកនាំជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា
Next articleFFC ចេញបញ្ជីឈ្មោះ២៣នាក់ចុងក្រោយក្រុមកម្ពុជាU20 ត្រៀមវគ្គជម្រុះពូលB នៃពាន AFC U20 Asian Cup