ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា-FFCបានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយ ត្រៀមចូលរួមពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម២០ឆ្នាំ វគ្គជម្រុះពូលB នៅចិនតៃប៉ិ នៃ AFC U20 Asian Cup China PR 2025។
វគ្គជម្រុះ AFC U20 Asian Cup នេះ គឺក្រុមU20កម្ពុជា ស្ថិតក្នុងពូល B ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចិនតៃប៉ិ។ ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ស្ថិតនៅពូល B ជាមួយអ៊ូសបេគីស្ថាន បារ៉ែន ចិនតៃប៉ិ និងនេប៉ាល់។ ក្រុមU20 កម្ពុជានឹងត្រូវប្រកួតបើកឆាកជាមួយក្រុមនេប៉ាល់ នាថ្ងៃទី២១កញ្ញា, កម្ពុជាបន្តជួបក្រុមអ៊ូសបេគីស្ថាន នាថ្ងៃទី២៣ កញ្ញា, កម្ពុជា ជួប បារ៉េន នាថ្ងៃទី២៥ខែកញ្ញា និងចុងក្រោយ កម្ពុជា ជួបម្ចាស់ផ្ទះ ចិនតៃប៉ិ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយការប្រកួតពូល B នេះនឹងធ្វើលើង នៅកីឡដ្ឋាន Fu Jen Catholic University ចិនតៃប៉ិ។
គួរបញ្ជាក់ថា កីឡាករ២៣នាក់នេះ គឺមកពីបឹងកេត ម្នាក់, ទ័ព ២នាក់, គិរីវង់សុខសែជ័យ ម្នាក់, ណាហ្គាវើលដ៍ ម្នាក់, សាលាបាល់ទាត់បាទី ៧នាក់, ភ្នំពេញក្រោន៣នាក់, វិសាខា ៥នាក់, អាយអេសអាយដង្កោសែនជ័យ ម្នាក់, អង្គរថាយហ្គឺរ ម្នាក់ និងកីឡាករ លីម លោកាថុង មកពីក្លឹប 𝗠𝗲𝗹𝘃𝗶𝗹𝗹𝗲 𝗨𝗻𝗶𝘁𝗲𝗱 លីគកំពូលប្រទេសនូវែលសេឡង់។ កីឡាករ លីម លោកាថុង ត្រូវជាប្អូនប្រុសរបស់កីឡាករ លីម អារុណរ៉េយមិន ដែលកំពុងប្រកបអាជីនៅក្លឹបមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ឬហៅថាក្លឹបទ័ព៕