សម្តេចធិបតីផ្តល់អនុសាសន៍ឱ្យបំផុសស្មារតីដល់បណ្តាក្រុមហ៊ុននានា ចូលរួមឧបត្ថម្ភគាំទ្រឱ្យបានស្រុះគ្នា ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ

ភ្នំពេញ៖ តាម​គោលការណ៍​កៀរគរ​រក​ចំណូល ស្រប​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត គឺ​ចង់បាន​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​របស់​ក្រុមហ៊ុន​នានា​ឱ្យ​បាន​ច្រើន​ស្រុះគ្នា ក្នុង​ស្មារតី​ជួយ​លើកកម្ពស់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី លើក​ទី​១ ដើម្បី​ថែរក្សា អភិរក្ស និង​អភិវឌ្ឍ ក្នុង​ស្មារតី​ជាតិនិយម​ខ្មែរ​តែ​មួយ​។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី នៅ​ក្រោយ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC)​។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់​ថា ៖«​តាម​គោលការណ៍​កៀរគរ​រក​ចំណូល ស្រប​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត គឺ​ចង់បាន​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​របស់​ក្រុមហ៊ុន​នានា​ឱ្យ​បាន​ច្រើន​ស្រុះគ្នា ក្នុង​ស្មារតី​ជួយ​លើកកម្ពស់​ព្រឹត្តិការណ៍​ប្រកួត ដើម្បី​ថែរក្សា អភិរក្ស និង​អភិវឌ្ឍ​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​។ នេះ​ជា​អ្វី​យើង​ទាំងអស់​គ្នា​ជា​កូន​ខ្មែរ បណ្តា​ក្រុមហ៊ុន​នានា ឬ​អ្នក​ប្រកប​អាជីវកម្ម​ទាំងអស់​មាន​សមានចិត្ត​រួបរួម​គ្នា ក្នុង​ការ​ជួយ​លើកតម្កើង​យុទ្ធ​គុន​ដូនតា​ខ្មែរ​របស់​យើង ជា​ជាង​ប្រើប្រាស់​វេទិកា​នេះ ដើម្បី​ភាព​ចំណេញ​ខាត​តាម​គោលដៅ​របស់​ក្រុមហ៊ុន ដោយ​សុំ​ត្រឹមតែ​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ឱ្យ​បាន​ច្រើន​គ្នា ទោះ​តិច​ក្តី ឬ​ច្រើន​ក្តី ហើយ​សម្តេច​ធិ​បតី​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​ផ្តល់​ជូន​នូវ​លិខិត​ថ្លែងអំណរគុណ​ផង​ដែរ​»​។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​បញ្ជាក់​ថា ពេល​នេះ ទាំង​អ្នក​ប្រកួត និង​អ្នក​សម្តែង​បាន​ចុះ​ឈ្មោះ​ជិត ២០០​នាក់​ហើយ​ៗ​អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ជាង ១០០​នាក់​ទៀត​កំពុង​មមាញឹក​ក្នុង​ការ​ចុះ​ឈ្មោះ​។ «​យើង​សង្ឃឹមថា កីឡាករ កីឡាការិនី​ទាំងអស់ ដែល​ជា​អ្នក​ហាត់គុន​ទាំង​ក្បាច់គុន​ខ្មែរ គុន​ល្បុក្កតោ យុទ្ធ​ក្រម​ខម ក្បាច់គុន​ផ្សេង​ៗ​ទៀត ជា​ពិសេស​យើង​ឃើញ​ថា ខាង​យុទ្ធ​គុន​កង​យោធពលខេមរភូមិន្ទ​ក៏​មានការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ច្រើន​ដែរ​។ ទាំងនេះ​គឺជា​សកម្មភាព​មួយ ដែល​ភាគី​ពាក់ព័ន្ធ​បាន​ស្ម័គ្រចិត្ត​រួមចំណែក​ក្នុង​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ​ហើយ​»​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍​ក៏​បាន​អះអាង​ដែរ​ថា កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ត្រួតពិនិត្យ​ប្រតិទិន​ការងារ វឌ្ឍនភាព​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ត្រៀម​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៃ​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី នៅ​វិមាន​ពហុ​កីឡា​ដ្នា​ន​ជាតិ​អូ​ឡាំ​ពិ​ក រយៈពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៨-២០ ខែតុលា ឆ្នាំ​២០២៤ ឱ្យ​ដំណើរការ​ដោយ​រលូន ផុសផុល និង​ជោគជ័យ​។ បន្ថែម​ពីលើ​នេះ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ គណៈកម្មការ​ចំពោះ​កិច្ច​នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន លើក​ទី​២ ជុំវិញ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​បំផុស​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ផង​ដែរ​៕

Previous articleFFC ចេញបញ្ជីឈ្មោះ២៣នាក់ចុងក្រោយក្រុមកម្ពុជាU20 ត្រៀមវគ្គជម្រុះពូលB នៃពាន AFC U20 Asian Cup
Next articleលោកជំទាវ ញ៉ែម មរកត វាយតម្លៃខ្ពស់ចំពោះការខិតខំក្រេបជញ្ជក់ចំណេះដឹងកីឡារាំរបស់គ្រូបង្វិកកម្រិតមធ្យម