លោកជំទាវ ញ៉ែម មរកត វាយតម្លៃខ្ពស់ចំពោះការខិតខំក្រេបជញ្ជក់ចំណេះដឹងកីឡារាំរបស់គ្រូបង្វិកកម្រិតមធ្យម

ភ្នំពេញ៖ លោក​ជំទាវ ញ៉ែ​ម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​រាំ​កម្រិត​មធ្យម​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទៅ​តាម​ការ​គ្រោងទុក​ប្រកបដោយ​ភាព​ជោគជ័យ និង​កោតសរសើរ​ចំពោះ​សិក្ខាកាម​ជា​គ្រូបង្វឹក​កម្រិត​មធ្យម ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​អស់ពី​សមត្ថភាព ក្នុង​ការ​ក្រេបជញ្ជក់​នូវ​ចំណេះដឹង ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ​ប្រធាន​សហព័ន្ធ នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​រាំ​កម្រិត​មធ្យម ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

លោក​ជំទាវ ញ៉ែ​ម មរកត លើក​ឡើង​ថា ជា​ការ​ពិត​ណាស់​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​រាំ​កម្រិត​មធ្យម​នេះ វា​ជា​លើក​ទី​២​ហើយ​សម្រាប់​សហព័ន្ធ​ចាប់តាំងពី​បង្កើត​សហព័ន្ធ​មក ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​។ ជាមួយ​គ្នា​នេះ ប្រធាន​សហព័ន្ធ​ក៏​ថ្លែងអំណរគុណ​ដល់​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​នេះ រួម​មាន​៖ លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ លោក អៀង សំអាត ទី​ប្រឹ​ក្ស​សហព័ន្ធ​កីឡា​រាំ កញ្ញា YOU SHU JIE គ្រូ​សហព័ន្ធ​កីឡា​រាំ លោកគ្រូ ស៊ូ​វ តុង គ្រូ​សហព័ន្ធ​កីឡា​រាំ ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ជំនាញ​គ្រូបង្វឹក​កីឡា​រាំ​ដល់​សិក្ខាកាម​នា​ពេល​នេះ​។ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា តាម​កម្មវិធី​ដែល​ក្រសួង​ដាក់​ជូន​សហព័ន្ធ​។

ជាមួយ​គ្នា​នេះ លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​គូសបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​រាំ​កម្រិត​មធ្យម ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។ ដោយ​បានការ​អនុញ្ញាត​ជា​គោលការណ៍​ពី​លោក​ជំទាវ​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា សហព័ន្ធ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​រាំ​កម្រិត​មធ្យម ដែល​មាន​សិក្ខាកាម​ចួ​ល​រួម​សរុប​ចំនួន​២៥​នាក់ (​ស្រី​១៥​នាក់ បុរស​១០​នាក់​)​។

ឆ្លង​តាម​ការ​សិក្សា​អស់​រយៈពេល ០៧​ថ្ងៃ សិក្ខាកាម​ទាំងអស់​បាន​ទទួល​នូវ​ចំណេះដឹង​បន្ថែម​ទៀត​ជា​ច្រើន ដើម្បី​អភិវឌ្ឍ​ជំនាញ​គ្រូបង្វឹក​កីឡា​រាំ​កម្រិត​មធ្យម និង​បច្ចេកទេស​ល្អ​ៗ​ជា​ច្រើន ដូច​ជា​គោ​ការណ៍​បច្ចេកទេស​តិច​និ​ច Latin Dance, Standard dance គរុកោសល្យ​គ្រូ​ប​បង្វឹក សារៈសំខាន់​ការ​ចូលរួម​ប្រកួត​ច្បាប់​ប្រកួត WDSF Anti-Doping ច្បាប់​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង​របស់​សហព័ន្ធ​កីឡា​រាំ​ពិភពលោក ការ​ហ្វឹកហាត់​កាយសម្បទា និង​ការ​ធ្វើតេស្ត​បច្ចេកទេស បទ​ពិសោធន៍​ល្អ​ៗ ដល់​សិក្ខាកាម​របស់​យើង ដើម្បី​បង្កើន​ធនធាន​គ្រូបង្វឹក​ជំនាញ​កីឡា​ឱ្យ​កាន់តែ​រីក​ចម្រើន ក្នុង​គោលបំណង​ជួយ​បង្ហាត់​កីឡាករ​កីឡាការិនី​ក្រុម​ថ្នាល​។ ក្នុង​នោះ​សិក្ខាកាម​ដែល​ទទួល​និទ្ទេស​ល្អ​បង្គួរ ២០% និង​និទ្ទេស​មធ្យម ៨០%​។

លោកស្រី ហង់ ស៊ី​មន បន្ថែម​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​ធនធានមនុស្ស លើ​ផ្នែក​គ្រូបង្វឹក​កីឡា​រាំ និង​ជា​ពិសេស​សម្រាប់​អភិវឌ្ឍ និង​ពង្រឹង​នូវ​សមត្ថភាព​គ្រូបង្វឹក​ជំនាញ​កីឡា​រាំ​នេះ​បន្ថែម​ទៀត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។ ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ក្នុង​គោលបំណង ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​កម្រិត​ជំនាញ​គ្រូបង្វឹក​កីឡា​រាំ​កម្រិត​មធ្យម​ដល់​មន្ត្រី​កីឡា កីឡាករ កីឡាការិនី នៃ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ដើម្បី​អភិវឌ្ឍ​កីឡា​រាំ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ដូច​បណ្តាល​ប្រទេស​លើ​សកលលោក​៕

Previous articleសម្តេចធិបតីផ្តល់អនុសាសន៍ឱ្យបំផុសស្មារតីដល់បណ្តាក្រុមហ៊ុននានា ចូលរួមឧបត្ថម្ភគាំទ្រឱ្យបានស្រុះគ្នា ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ
Next articleArteta បញ្ជាក់អំពីបញ្ហារបួសរបស់កីឡាករ Martin Ødegaard​