ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជាអាណត្តិចាស់បានបន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មី ពីឆ្នាំ២០២៤-២០២៨ ក្នុងចំណោមសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន១៣រូប តាមរយៈមហាសន្និបាតិបញ្ចប់អាណត្តិចាស់ទី៤ និងបន្តអាណត្តិថ្មីទី៥ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
អង្គមហាសន្និបាតសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានអនុម័តគាំទ្រលើសមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីទី៥ ឆ្នាំ២០២៤-២០២៨ ជាឯកច្ឆន្ទ ចំនួន ១៣រូប រួមមាន ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធ អមដោយអុនុប្រធាន៣រូប គឺឯកឧត្តម កឹម សុខុន ឯកឧត្តម វង្ស ខាន់ពៅ ឯកឧត្តម ឡាយ សុខសៅគន្ធា។ លោក នូ ចំរើន អគ្គលេខាធិការ អមដោយអគ្គលេខាធិការរង២រូប គឺលោក ព្យែរ អ៊ីងកាទ្រី និងឯកឧត្តម សុខ ដារិទ្ធិ ខណៈអគ្គហេរញ្ញិក កញ្ញា សួង ចាន់តូរ៉ាទី និង៥រូបទៀតជាសមាជិក។ មហាសន្និបាតមានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានដំណើរការមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអនុវត្តការងារសម្រាប់អាណត្តិទី៥ (២០២៤-២០២៨) របស់ខ្លួនប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាពខ្ពស់ តាមកម្មវិធីសាស្ត្រដែលបានគ្រោងទុក។
ឯកឧត្តម កឹម សុខុន គូសបញ្ជាក់ថា អង្គមហាសន្និបាតបានពិភាក្សាផ្តល់យោបល់ និងបានអនុម័តលើ ៖ ១.បានអនុម័តលើរបាយការណ៍សកម្មភាពរបស់សហព័ន្ធក្នុងអាណត្តិកន្លងមក និងបានឯកភាពលើទិសដៅផែនការយុទ្ធសាស្ត្រសំខាន់ៗ ក្នុងអាណត្តិថ្មី។ ២.បានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញពីសម្បត្តិរបស់សហព័ន្ធ។ ៣.បានអនុម័ត ការធ្វើវិសោធនកម្ម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២៤ ដល់២០២៨។ ៤.បានអនុម័ត និងផ្តល់សេចក្តីទុកចិត្តលើ សមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី។ ផ្អែកតាមលទ្ធផលខាងលើ អង្គមហាសន្និបាតសង្ឃឹម និងជឿជាក់ថា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធថ្មី និងបន្តដឹកនាំសហព័ន្ធកីឡាទោចក្រយានកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានចាត់ទុកថា សកម្មភាពទាំងនេះពិតជាការគោរព និងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ដែលមានចែងក្នុងលក្ខន្តិក របស់សហព័ន្ធ ដើម្បីបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់សហព័ន្ធ និងតម្លាភាពរបស់អង្គការសង្គមមួយទទួលបាន ការអនុញ្ញាតពីអាជ្ញាធរកីឡាជាតិ និងការទទួលស្គាល់ពីអង្គការកីឡាអន្តរជាតិផងដែរ។ អង្គមហាសន្និបាតបានស្តាប់ ចូលរួមវាយតម្លៃលើបាយការណ៍ការងារក្នុងអាណត្តិ កន្លងមក និងផែនការដាក់ទិសដៅភារកិច្ច សម្រាប់អាណត្តិបន្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្ពោះទៅរកភាពជោគជ័យ។ អង្គមហាសន្និបាតបានចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយសាមគ្គីភាព មិត្តភាព ដើម្បីវាយតម្លៃ និងអនុម័តលើរបាយការណ៍សកម្មភាព ក៏ដូចជារបាយការណ៍ហិរញ្ញវត្ថុ ក្នុងអាណត្តិកន្លងមក និងការដាក់ផែនការទិសដៅជាយុទ្ធសាស្ត្រ សម្រាប់អាណត្តិបន្តឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀតផងដែរ៕