U20 កម្ពុជា ប្រជែងបាន៣ពិន្ទុពីក្រុមU20បារ៉ែន ជំនួបទី៣ ក្នុងពូល B ពានរង្វាន់អាស៊ី AFC U20 Asian Cup 2025

ភ្នំពេញ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ​ប្រជែង​បាន​៣​ពិន្ទុ​ពី​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​ក្រោម​២០​ឆ្នាំ ដោយ​លទ្ធផល​បច្ចេកទេស ១​ទល់​០ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ក្នុង​ការ​ប្រកួត​ទី​៣ វគ្គ​ជម្រុះ​ពូ​ល B នៅ​កីឡដ្ឋាន Fu Jen Catholic University នៃ​ឆាយ​និ​ស​តៃប៉ិ នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី (AFC U20 Asian Cup China PR 2025)​។

១​គ្រាប់​ជ័យជម្នះ​របស់​ក្រុម​កម្ពុជា​ធ្វើ​សម្រេច​ដោយ​កីឡាករ មាន ចាន់​រិ​ទ្ធ នៅ​នាទី​៦៨ បន្ទាប់​ពី​បញ្ជូន​បាល់​បាន​យ៉ាង​ល្អ​ពី​កីឡាករ លី​ម លោកា​ថុ​ង និង​បញ្ជូន​បន្ត​ដោយ​កីឡាករ ស៊ូ មេ​ង​ហុង​។ ឆ្លងកាត់​៣​ប្រកួត គឺ​កម្ពុជា​ឈ្នះ​២​ប្រកួត និង​ចាញ់​១​ប្រកួត មាន​៦​ពិន្ទុ ឈរ​លេខ​២​បណ្តោះអាសន្ន ខណៈ​ក្រុម​អូ​បេ​គី​ស្ថាន ឈរ​លេខ​១ មាន​៦​ពិន្ទុ​ដែរ​។ ក្រោម​ការ​ដឹកនាំ​របស់​លោក Koji Gyotoku ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២០​ឆ្នាំ ក្រុម​កម្ពុជា នៅ​សល់​១​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ ឆាយ​និ​ស​តៃប៉ិ នា​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៤​។ ការ​ប្រកួត​ទាំងអស់​ក្នុង​ពូ​ល B ដែល​មាន​៥​ក្រុម បាន​ចាប់ផ្តើម​ប្រកួត​ថ្ងៃ​ទី​២១ ដល់​២៩ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​កីឡដ្ឋាន Fu Jen Catholic University ដូច​ៗ​គ្នា​។

គួរ​បញ្ជាក់​ថា AFC U20 Asian Cup 2025 មាន ៤០​ក្រុម​ចែក​ចេញ​ជា ១០​ពូ​ល ហើយ​ក្រុម​លេខ​១​នៃ​ពូ​ល​ទាំង​១០​ស្មើនឹង​១០​ក្រុម បូក​ជាមួយនឹង​លេខ​២​ល្អ​ជាងគេ ចំនួន​៥​ក្រុម ដែល​រើស​ចេញពី​ក្នុង​ចំណោម ១០​ពូ​ល​នេះ នឹង​ត្រូវ​បាន​ឡើង​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ​ជាមួយ​ម្ចាស់ផ្ទះ ចិន នា​ឆ្នាំ​២០២៥​ខាង​មុខ​។ ជា​បណ្តោះអាសន្ន គិត​ត្រឹម​ប្រកួត​នេះ ក្រុម​U20 កម្ពុជា កំពុង​ក្តោប​ក្តាប់​ក្នុង​ដំណែង​ចំណាត់ថ្នាក់​លេខ​១ នៃ​ក្រុម​ចំណាត់ថ្នាក់​លេខ​២​ល្អ​ផ្តាច់​គេ ដែល​មាន​១០​ក្រុម (​លេខ​២) ដែរ ប៉ុន្តែ​មាន​តែ​៥​ក្រុម​លើ​កំពូល​តារាង​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ឡើង​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​លេខ​១​នៃ​ពូ​ល​ទាំង​១០ (១០​ក្រុម​) ទៅ​ជុំ​ផ្តាច់ព្រ័ត្រ នា​ឆ្នាំ​២០២៥​ខាង​មុខ ដែល​ប្រទេស​ចិន​ធ្វើ​ម្ចាស់ផ្ទះ​៕

Previous articleArsenal កំពុងតាមដានខ្សែប្រយុទ្ធរបស់ក្លឹប Juventus
Next articleប្រតិភូកីឡាករ កីឡាការិនីទ្រីយ៉ាត្លុង៧៥នាក់ត្រៀមប្រកួតកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៤