ភ្នំពេញ៖ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាទទួលបន្ទុកប្រតិភូដឹកនាំបានដឹកនាំកីឡាករជម្រើសជាតិ២នាក់ទៅចូលរួមប្រកួតលើវិញ្ញាសាស្នូកឃ័រអន្តរជាតិលក្ខណៈបើកទូលាយ នៅប្រទេសសិង្ហបុរីលើកឡើងថា យើងបានប្តេជ្ញាចិត្តខ្ពស់ថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែងឱ្យបានលទ្ធផលល្អណាមួយយកមកជូនជាតិ។
នេះជាការលើកឡើងរបស់លោក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ មុនហោះហើរទៅកាន់ប្រទេសសិង្ហបុរី ដឹកនាំកីឡាករចូលរួមប្រកួតស្នូកឃ័រ Singapore Open ដែលជាព្រឹត្តិការណ៍មួយ ត្រៀមមុនការប្រកួតកីឡាស៊ីហ្គេម (Pre-SEA Games 2025) លើកទី៣៣ នាចុងឆ្នាំ២០២៥ នៅប្រទេសថៃ។
លោក ម៉ារ៉ា សុជាតិ បញ្ជាក់ជូនថា ជាការពិត ការប្រកួតនេះ ម្ចាស់ផ្ទះសិង្ហបុរីបានស្នើសុំគ្រប់បណ្តាប្រទេសទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍ដែលមាន១១ប្រទេសបញ្ជូនតែកីឡាករជម្រើសជាតិរបស់ខ្លួន ក្នុង១ប្រទេសឱ្យបានចំនួន២នាក់ដូចៗគ្នា។ ប្រទេសសិង្ហបុរីកោតសរសើរថា កម្ពុជារៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣កន្លងទៅបានយ៉ាងល្អ ហើយសិង្ហបុរីបានអញ្ជើញកីឡាករកម្ពុជា២នាក់ ដែលស្ថិតនៅក្នុងបញ្ជីជម្រើសជាតិកម្ពុជា ត្រៀមស៊ីហ្គេម ២០២៥ នៅថៃ ឱ្យចូលរួមប្រកួតនៅប្រទេសខ្លួន ក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងព្រឹត្តិការណ៍នេះដែរ ម្ចាស់ផ្ទះ សិង្ហបុរីស្នើសុំប្រកួតកម្តៅសាច់ដុំដោយឡែកជាមួយកីឡាករកម្ពុជាថាតើរវាងសិង្ហបុរី និងកម្ពុជាមួយណាមានសមត្ថភាពខ្ពស់ជាង។
លោក ម៉ារ៉ា សុជាតិ សង្កត់ធ្ងន់ថា ៖«ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំកីឡាករចូលរួមការប្រកួតលក្ខណៈបើកទូលាយនេះ ខ្ញុំចង់ឱ្យកីឡាករកម្ពុជាទាំងពីរនាក់បញ្ចេញសមត្ថភាពឱ្យអស់ ដើម្បីដណ្តើមចំណាត់ថ្នាក់ល្អណាមួយ ក្នុងចំណោមមេដាយមាស ប្រាក់ និងសំរឹទ្ធ ហើយកម្មវិធីក៏មានប្រាក់រង្វាន់លើកទឹកចិត្តដល់ជ័យលាភីផងដែរ។ ក្រុមជម្រើសជាតិបានប្រមូលផ្តុំហ្វឹកហាត់ត្រៀមមានរយៈពេល៥ខែមកហើយៗវិញ្ញាសាស្នូកឃ័រនេះ គឺកីឡាករកម្ពុជាមិនទាន់ចូលរួមប្រកួតក្នុងលក្ខណៈធំណាមួយទេ ហើយទើបតែនៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ប្រទេសសិង្ហបុរីរៀបចំការប្រកួតធំបើកទូលាយបែបនេះតែម្តង។ ខ្ញុំសង្ឃឹមថា កីឡាករជើងចាស់ នាង តុលា និងកីឡាករវ័យក្មេង កែវ រ៉ាវី ម្ចាស់មេដាយមាសថ្នាក់ជាតិរបស់យើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីប្រជែងលទ្ធផលល្អណាមួយយកមកជូនជាតិមាតុភូមិ។ យើងនឹងពង្រឹងបន្ថែមឱ្យបានខ្លាំងក្លា ដល់ការហ្វឹកហាត់ និងប្រកួតរបស់កីឡាករជម្រើសជាតិប៊ីយ៉ាកម្ពុជា ក្នុងរយៈពេលជាង១ឆ្នាំទៀត មុនឈានដល់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ»។
ជាមួយគ្នានេះ កីឡាករ នាង តុលា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា ខ្លួននឹងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមលទ្ធផលល្អមួយជូនជាតិ ខណៈការហ្វឹកហាត់ត្រៀមរបស់កីឡាករជើងចាស់លើវិញ្ញាសាស្នូកឃ័ររូបនេះបានរយៈពេល៥ខែមកហើយ។ ចំពោះឧបសគ្គលើការប្រកួតជាមួយកីឡាករក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមានតិចតួច។
គួរបញ្ជាក់ថា ដំណើរបេសកកម្មអន្តរជាតិរបស់ប្រតិភូប៊ីយ៉ាកម្ពុជា នៅប្រទេសសិង្ហបុរីលើកនេះ រួមមាន៖ ប្រតិភូមាន លោក ម៉ារ៉ា សុជាតិ និងលោកស្រី អេង អ៊ីតា និងកីឡាករ នាង តុលា និងកីឡាករ កែវ រ៉ាវី ដែលនឹងត្រូវចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤តទៅ៕