លោក ខេស៊ី បាណេត ៖ ក្រោមការលើកទឹកចិត្តពីរដ្ឋមន្ត្រីក្រសួងអប់រំ ខេមអេដកំពុងពង្រឹងគុណភាពច្រើនប្រភេទកីឡា

ភ្នំពេញ៖ លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន ខេ​ម​អេ​ដ និង​ជា​អនុប្រធាន​កីឡា​ចំបាប់​កម្ពុជា​គូសបញ្ជាក់​ថា ក្រោម​ការ​ជំរុញ​ទឹកចិត្ត​ពី​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា វិទ្យាស្ថាន​ខេ​ម​អេ​ដ​កំពុង​បង្កើន​គុណភាព​លើ​ប្រភេទ​កីឡា​ចំនួន​១០​របស់​ខ្លួន និង​កំពុង​បន្ថែម​លើ​គោលដៅ​អភិវឌ្ឍ​កីឡា​មួយ​ចំនួន​ទៀត ដូច​ជា​កីឡា​ចំបាប់ និង​ហែល​ទឹកជា​ដើម​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ខេ​ស៊ី បា​ណេ​ត នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡាបាល់បោះ​បុរស​-​នារី ពានរង្វាន់​ខេ​ម​អេ​ដ ឆ្នាំ​២០២៤ (CamEd Men’s & Women’s Basketball Tournament 2024) ដែល​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីលាន Platinum Sport Center រាជធានី​ភ្នំពេញ​។

នាយក​វិទ្យាស្ថាន ខេ​ម​អេ​ដ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក ខេ​ស៊ី បា​ណេ​ត សង្កត់ធ្ងន់​ថា ៖«​ក្រោម​ការ​ជំរុញ​គាំទ្រ និង​ការ​លើកទឹកចិត្ត​ពី​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​ទទួល​បន្ទុក​កីឡា គឺ​គ្រប់​សាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សា រួម​ទាំង​វិទ្យាស្ថាន ខេ​ម​អេ​ដ តែងតែបាន​ប​ញ្ជូ​ល​កម្មវិធី​អភិវឌ្ឍ​កីឡា​ជា​ច្រើន ក្នុង​កម្មវិធី​សិក្សា ដើម្បី​ផ្តល់​ឱកាស​ដល់​និស្សិត​ទទួល​បានការ​បណ្តុះបណ្តាល​កីឡា ដើម្បី​ត្រៀម​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា​ថ្នាក់​ជាតិ នា​ឆ្នាំ​២០២៦»​។

ក្នុង​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា​ថ្នាក់​ជាតិ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ ក្រុម​បាល់បោះ ខេ​ម​អេ​ដ ដណ្តើម​បាន​ជើងឯក​រង​ទូ​ទាំង​ប្រទេស ខណៈ​ក្រុម​បាល់បោះ​នារី​ក៏​ទទួល​បាន​ជើងឯក​រង​ទូ​ទាំង​ប្រទេស​ផង​ដែរ​។ ជាមួយនឹង​ការ​ខិតខំ​ហ្វឹកហាត់ និង​ការ​រៀបចំ​ការ​ប្រកួត​ប្រចាំឆ្នាំ​របស់​ខេ​ម​អេ​ដ លោក​រំពឹង​ថា ក្រុម​បាល់បោះ​បុរស​-​នារី​របស់​ខ្លួន​នឹង​បន្ត​ការ​ខិតខំ​ពង្រឹងគុណភាព​បច្ចេកទេស ដើម្បី​ប្រជែង​ជើងឯក ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា​ថ្នាក់​ជាតិ នា​ឆ្នាំ​២០២៦​ខាង​មុខ​។ បច្ចុប្បន្ន វិទ្យាស្ថាន​ខេ​ម​អេ​ដ​កំពុង​ពង្រឹងគុណភាព​លើ​ប្រភេទ​កីឡា​ចំនួន​១០ ហើយ​ឆ្នាំ​នេះ​ក៏​មាន​និស្សិត​ជា​ច្រើន​បាន​ចូលរួម​លេង​លើ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ គុន​ដាវ និង​កំពុង​បំផុសស្មារតី​ឱ្យ​និស្សិត​របស់​ខ្លួន​លេង​កីឡា​មួយ​ចំនួន​បន្ថែម​ដូច​ជា​កីឡា​ចំបាប់ និង​ហែល​ទឹកជា​ដើម​។

ចំពោះ​ការ​ប្រកួត​បាល់បោះ ពានរង្វាន់ ខេ​ម​អេ​ដ ឆ្នាំ​២០២៤​នេះ ត្រូវ​លោក ខេ​ស៊ី បា​ណេ​ត បន្ថែម​ថា នេះ​ជា​ឆ្នាំ​ទី​១០ ដែល​ខេ​ម​អេ​ដ​បាន​រៀបចំ​ការ​ប្រកួត​កីឡាបាល់បោះ បុរស​-​នារី ដោយនៅ​ឆ្នាំ​២០២៤​នេះ​មាន​កីឡាករ កីឡាការិនី​ជា​និស្សិត​ខេ​ម​អេ​ដ​ចំនួន ១៩៨​នាក់​ចូលរួម​ប្រកួតប្រជែង (​កីឡាករ មាន ១០៣​នាក់ និង​កីឡាការិនី ៩៥​នាក់​។ ចំពោះ​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​មានការ​រីក​ចម្រើន​ខ្លាំង​ជា​បណ្តា​ឆ្នាំ​មុន​ៗ ដោយ​បង្ហាញ​ថា ពួក​គេ​បាន​ពុះពារ​ឧបសគ្គ និង​ទំនុកចិត្ត​ខ្លួនឯង​ខ្លាំង ក្នុង​ការ​ប្រកួតប្រជែង​នេះ បន្ទាប់​ពី​ទទួល​បានការ​បណ្តុះបណ្តាល​ហ្វឹកហាត់​ពី​គ្រូបង្វឹក​។

លោក ខេ​ស៊ី បា​ណេ​ត គូសបញ្ជាក់​ថា ៖«​ខេ​ម​អេ​ដ ជា​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​គណនេយ្យ ប៉ុន្តែ​យើង​បាន​លើកទឹកចិត្ត​ឱ្យ​និស្សិត​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព​ដោយសារ​តែ​ការ​លេង​កីឡា​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​គួប​ផ្សំគ្នា​គ្នា​ឱ្យ​ជីវិត និង​ការ​សិ​ស្សា​ទទួល​បាន​ភាព​ជោគជ័យ ព្រមទាំង​បំផុសស្មារតី​ឱ្យ​ពួក​គេ​ចេះ​ធ្វើការ​ជា​ក្រុម ចេះ​ពុះពារ​ដើម្បី​បទ​ពិសោធន៍​ល្អ​ៗ និង​ចេះ​ធ្វើការ​ក្រោម​សម្ពាធ ទោះបីជា​មានការ​លំបាក​យ៉ាងណា​ក្តី​»​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​បាល់បោះ​បុរស​-​នារី ពានរង្វាន់​វិទ្យាស្ថាន ខេ​ម​អេ​ដ ឆ្នាំ​២០២៤ មាន​និស្សិត​ចូលរួម ១៩៨​នាក់ ចែក​ចេញ​ជា ២៩​ក្រុម ក្នុង​នោះ​មាន​បុរស ១៥​ក្រុម ចែក​ចេញ​ជា​៤​ពូ​ល និង​ក្រុម​នារី ១៤​ក្រុម ចែក​ជា ៤​ពូ​ល​ដូច​គ្នា​។ តាម​រយៈ​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ គណៈកម្មការ​បច្ចេកទេស​សម្រិតសម្រាំង​បាន​ម្ចាស់​ជ័យ​លា​ភី​ក្រុម និង​ឯកត្តជន ទាំង​ផ្នែក​បុរស និង​នារី ប្រចាំឆ្នាំ​២០២៤​នេះ ប្រកបដោយ​គុណភាព​ផង​ដែរ​៕

Previous articleBarcelona ចង់ចុះហត្ថលេខាយកីឡាករវ័យ ១៧ឆ្នាំ Antonio Cordero
Next articleឯកឧត្តម ឆោម សំបូរ ៖ កីឡាករ កីឡាការិនីវាយគូនគោលកើនឡើងគុណភាពខ្ពស់ ខណៈជ័យលាភីកីឡាជាតិបញ្ជូលក្នុង World Amateur Golf Ranking