ឯកឧត្តម ឆោម សំបូរ ៖ កីឡាករ កីឡាការិនីវាយគូនគោលកើនឡើងគុណភាពខ្ពស់ ខណៈជ័យលាភីកីឡាជាតិបញ្ជូលក្នុង World Amateur Golf Ranking

ភ្នំពេញ៖ ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការ​រង តំណាង​ឯកឧត្តម ជា បូ​រ៉ា អគ្គលេខាធិការ សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​បាន​វាយតម្លៃ​ថា ការ​ប្រកួត​កីឡា​ជាតិ ឆ្នាំ​២០២៤ លើ​ប្រភេទ​កីឡាវាយកូនគោល គឺ​កីឡាករ កីឡាការិនី​មាន​សិទ្ធ​ផល​កាន់តែ​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ ពិសេស​កីឡាករ​កីឡាការិនី​វ័យក្មេង ដែល​ទើប​ឡើង​មក​ពី​ថ្នាល ខណៈ​ជ័យ​លា​ភី​ឆ្នើម​ៗ​ក្នុង​កីឡា​ជាតិ​នេះ ត្រូវ​បា​នប​ញ្ជូ​ល​ក្នុង​តារាង World Amateur Golf Ranking ជា​លើក​ដំបូង​។

ឯកឧត្តម ឆោម សំបូរ បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ សម្រាប់​កីឡាវាយកូនគោល ដែល​បាន​ដំណើរការ​ប្រកួត​អស់​រយៈពេល​៥​ថ្ងៃ នៅ​លើ​ទីលានកីឡា​វាយកូនគោល​ចំនួន​២ គឺ​រ៉ូ​យ៉ា​ល់​ភ្នំពេញ និង​ទីលាន​ហ្គ្រែ​ន ភ្នំពេញ បាន​បញ្ចប់​ដោយ​ភាព​ជោគជ័យ ដោយ​ក្លឹ​ប​កីឡាវាយកូនគោល​ក្រសួងមហាផ្ទៃ​ក្រសោប​បាន​មេដាយមាស​ច្រើន​ជាងគេ​សរុប​៤​គ្រឿង លើ​៤​វិញ្ញាសា​។

កីឡាករ ពៅ ពេជ្រ​មេត្តា មក​ពី​ក្រសួងមហាផ្ទៃ ប្រជែង​ដណ្តើម​បាន​មេដាយមាស និង​ជាប់​ក្នុង​ចំណាត់ថ្នាក់ World Amateur Golf Ranking បាន​បង្ហាញ​អារម្មណ៍​រីករាយ និង​ពេញ​ចិត្តជា​ខ្លាំង ចំពោះ​ការ​រីក​ចម្រើន​របស់​កីឡាករ​កីឡាការិនី​កីឡាវាយកូនគោល​កម្ពុជា​។ ជ័យ​លា​ភី​មេដាយមាស​រូប​នេះ​បន្ថែម​ថា កីឡាករ​ចូលរួម​ប្រកួតប្រជែង​ច្រើន​បាន​ជួយ​ឱ្យ​មានការ​ប្រកួតប្រជែង​កាន់តែ​មាន​កម្រិត​គុណភាព​កាន់តែ​ខ្ពស់ ក្នុង​ការ​ជំរុញ​ឱ្យ​កីឡាករ​ម្នាក់​ៗ​ខិតខំ​ហ្វឹកហាត់​ដុសខាត់​សមត្ថភាព ក្នុង​ការ​លើកកម្ពស់​ឱ្យ​កីឡា​កូនគោល​នៅ​កម្ពុជា​កាន់តែ​មាន​សក្កា​នុ​ពល​។ ជាមួយ​ការ​ក្តោប​ក្តាប់​មេដាយមាស​កីឡា​ជាតិ​លើក​ទី​៤ និង​ជាប់​ក្នុង​តារាង World Amateur Golf Ranking ជា​លើក​ដំបូង កីឡាករ​ក្រសួងមហាផ្ទៃ​រូប​នេះ​កំពុង​ចិញ្ចឹមចិត្ត ដណ្តើម​យក​មេដាយ​ជូន​ជាតិ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ឆ្នាំ​២០២៥ ខាង​មុខ ផង​ដែរ​។

ការ​ប្រកួតប្រជែង​អស់​រយៈពេល​៥​ថ្ងៃ ដែល​ជា​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ ដោយ​មាន​រាជធានី​ខេត្ត និង​ក្រសួង​ចូលរួម​ចំនួន​៨ ដោយ​សរុប​កីឡាករ​កីឡាការិនី ៥៦​នាក់ ក្នុង​នោះ​សហព័ន្ធ​ក៏​ចម្រាញ់​បាន​កីឡាករ​ឆ្នើម​២​នាក់​ផង​ដែរ គឺ​កីឡាករ ពៅ​ពេជ្រ មេត្តា មក​ពី​ក្រសួងមហាផ្ទៃ ពិន្ទុ​ក​បូក​៥ និង​កីឡាករ សេង វ៉ា​ន់​សីហា ក្រសួងការពារជាតិ​ពិន្ទុ​បូក​៦ បញ្ចូល​ចំណាត់​ទៅ​ក្នុង​តារាង​World Amateur Golf Ranking ដែល​ជា​ការ​ស្នើ​សុំ​ជា​លើក​ដំបូង​របស់​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​ទៅ​កាន់​សហព័ន្ធ​កីឡាវាយកូនគោល​អន្តរជាតិ​។

គួរ​បញ្ជាក់​ថា សម្រាប់​លទ្ធផល​ជ័យ​លា​ភី គឺ​ចំណាត់​លេខ​១ ក្រសួងមហាផ្ទៃ ប្រជែង​បាន​មេដាយមាស​ចំនួន​៤​គ្រឿង​លើ វិញ្ញាសា​ប្រកួត​ឯក​ក្ត​ជន​បុរស វិញ្ញាសា​ប្រកួត​ឯកត្តជន​នារី វិញ្ញាសា​ជា​ក្រុម​បុរស និង​វិញ្ញាសា​ប្រកួត​ជា​ក្រុម​នារី​។ ចំណាត់​លេខ​២ ខេត្ត​ព្រះ​សីហ​នុ ដណ្តើម​បាន​មេដាយ ៣​គ្រឿង ក្នុង​នោះ មេដាយ​ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​។ ចំណាត់​លេខ​៣-​លេខ​៤ ក្រសួងការពារជាតិ និង​ខេត្តសៀមរាប ដណ្តើម​បាន​មេដាយ​សរុប​២​គ្រឿង​ដូច​គ្នា មេដាយ​ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង ខណៈ​រាជធានី​ភ្នំពេញ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង ខណៈ​៤​ខេត្ត​ផ្សេង​ទៀត​មិន​ដណ្តើម​បាន​មេដាយ​នោះ​ឡើយ​៕

Previous articleលោក ខេស៊ី បាណេត ៖ ក្រោមការលើកទឹកចិត្តពីរដ្ឋមន្ត្រីក្រសួងអប់រំ ខេមអេដកំពុងពង្រឹងគុណភាពច្រើនប្រភេទកីឡា
Next articleកីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ឈ្នះមេដាយសំរឹទ្ធ ការប្រកួតជើងឯកពិភពលោក នៅសាធារណរដ្ឋម៉ាល់ឌីវ