កីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ឈ្នះមេដាយសំរឹទ្ធ ការប្រកួតជើងឯកពិភពលោក នៅសាធារណរដ្ឋម៉ាល់ឌីវ

ភ្នំពេញ៖ កីឡាករ​កាយ​វប្បកម្ម​ជម្រើសជាតិ​កម្ពុជា យូ ឃាង​ហ៊ុយ បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ១​គ្រឿង​លើ​វិញ្ញាសា Men’s Sports Physique over 180cm +4Kg ក្នុង​ការ​ប្រកួត​ជើងឯក​កីឡា​កាយ​វប្បកម្ម​ពិភពលោក លើក​ទី​១៥ ឆ្នាំ​២០២៤ នៅ​ទីក្រុង ADDU សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក តឹក ប៊ុ​ន​វី ប្រធាន​ប្រតិភូ​ដឹកនាំ និង​ជា​ចៅក្រម​កម្ពុជា​បាន​ជម្រាប​តាម​សារ​អេ​ឡិច​ត្រូ​និក​ពី​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤​មក​ថា សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​កម្ពុជា​បាន​បញ្ជូន​ក្រុម​គណៈប្រតិភូ ចៅក្រម​អន្តរជាតិ គ្រូបង្វឹក កីឡាករ​កាយ​វប្បកម្ម​ចំនួន ៣​នាក់​ចូលរួម​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជើងឯក​ពិភពលោក ដែល​បាន​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​០៥-១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីក្រុង ADDU សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​។

លោក តឹក ប៊ុ​ន​វី បានឱ្យ​ដឹង​ថា កីឡាករ​កាយ​វប្បកម្ម​កម្ពុជា យូ ឃាង​ហ៊ុយ​ឈ្នះ​មេដាយ​សំរឹទ្ធ ១​គ្រឿង​លើ​វិញ្ញាសា Men’s Sports Physique over 180cm +4Kg នៃ​ការ​ប្រកួត​ជើងឯក​កីឡា​កាយ​វប្បកម្ម​ពិភពលោក ខណៈ​កីឡាករ​កាយ​វប្បកម្ម​ថៃ ទទួល​បាន​មេដាយមាស​។

លោកស្រី អេ​មី សារី​រ៉ុ​ម គ្រូបង្វឹក បាន​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និក​មក​ដែរ​ថា កីឡាករ​កម្ពុជា ឃូ ឃាង​ហ៊ុយ ធ្លាប់​បទ​ទួល​បាន​មេដាយ​សំរឹទ្ធ ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ឆ្នាំ​២០២៣ និង​ម្ចាស់​មេដាយមាស ក្នុង​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជើងឯក​អាស៊ី លើក​ទី​៥៦ ឆ្នាំ​២០២៤ កាលពី​ថ្ងៃ​ទី​០៦-១២ ខែសីហា ឆ្នាំ​២០២៤ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ លោកស្រី​បន្ត​ថា ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម ជើងឯក​ពិភពលោក លើក​ទី​១៥ ឆ្នាំ​២០២៤​នេះ​មាន​កីឡាករ​ចូលរួម​មក​ពី​ជាង ៥០​ប្រទេស ដែល​ជា​ចំនួន​ច្រើន​ជាង​ការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​កូរ៉េ​ខាងត្បូង កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ​។ ដូច្នេះ​កីឡាករ​កម្ពុជា ឃូ ឃាង​ហ៊ុយ នៅ​តែ​ធ្វើ​បាន​ល្អ​ដណ្តើម​មេដាយ​សំរឹទ្ធ​១​គ្រឿង​ជូន​ប្រទេស​ជាតិ​បាន​ដដែល​។

សហព័ន្ធ​បាន​បញ្ជូន​ប្រតិភូ ចៅក្រម គ្រូបង្វឹក និង​កីឡាករ ៣ នាក់​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កាយ​វប្បកម្ម​ពិភពលោក លើក​ទី​១៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥-១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីក្រុង ADDU សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ រួម​មាន​រូប​លោក ប្រធាន​ដឹកនាំ និង​ជា​ចៅក្រម លោកស្រី អេ​មី សារី​រ៉ុ​ម គ្រូបង្វឹក និង​កីឡាករ យូ ឃាង​ហ៊ុយ​៕

Previous articleឯកឧត្តម ឆោម សំបូរ ៖ កីឡាករ កីឡាការិនីវាយគូនគោលកើនឡើងគុណភាពខ្ពស់ ខណៈជ័យលាភីកីឡាជាតិបញ្ជូលក្នុង World Amateur Golf Ranking
Next articleRio Ferdinand និយាយអំពីកីឡាករ Madueke ថា