ភ្នំពេញ៖ ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការរង តំណាងឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានវាយតម្លៃថា ការប្រកួតកីឡាជាតិ ឆ្នាំ២០២៤ លើប្រភេទកីឡាវាយកូនគោល គឺកីឡាករ កីឡាការិនីមានសិទ្ធផលកាន់តែខ្ពស់គួរឱ្យកត់សម្គាល់ ពិសេសកីឡាករកីឡាការិនីវ័យក្មេង ដែលទើបឡើងមកពីថ្នាល ខណៈជ័យលាភីឆ្នើមៗក្នុងកីឡាជាតិនេះ ត្រូវបានបញ្ជូលក្នុងតារាង World Amateur Golf Ranking ជាលើកដំបូង។
ឯកឧត្តម ឆោម សំបូរ បានលើកឡើងថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ សម្រាប់កីឡាវាយកូនគោល ដែលបានដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃ នៅលើទីលានកីឡាវាយកូនគោលចំនួន២ គឺរ៉ូយ៉ាល់ភ្នំពេញ និងទីលានហ្គ្រែន ភ្នំពេញ បានបញ្ចប់ដោយភាពជោគជ័យ ដោយក្លឹបកីឡាវាយកូនគោលក្រសួងមហាផ្ទៃក្រសោបបានមេដាយមាសច្រើនជាងគេសរុប៤គ្រឿង លើ៤វិញ្ញាសា។
កីឡាករ ពៅ ពេជ្រមេត្តា មកពីក្រសួងមហាផ្ទៃ ប្រជែងដណ្តើមបានមេដាយមាស និងជាប់ក្នុងចំណាត់ថ្នាក់ World Amateur Golf Ranking បានបង្ហាញអារម្មណ៍រីករាយ និងពេញចិត្តជាខ្លាំង ចំពោះការរីកចម្រើនរបស់កីឡាករកីឡាការិនីកីឡាវាយកូនគោលកម្ពុជា។ ជ័យលាភីមេដាយមាសរូបនេះបន្ថែមថា កីឡាករចូលរួមប្រកួតប្រជែងច្រើនបានជួយឱ្យមានការប្រកួតប្រជែងកាន់តែមានកម្រិតគុណភាពកាន់តែខ្ពស់ ក្នុងការជំរុញឱ្យកីឡាករម្នាក់ៗខិតខំហ្វឹកហាត់ដុសខាត់សមត្ថភាព ក្នុងការលើកកម្ពស់ឱ្យកីឡាកូនគោលនៅកម្ពុជាកាន់តែមានសក្កានុពល។ ជាមួយការក្តោបក្តាប់មេដាយមាសកីឡាជាតិលើកទី៤ និងជាប់ក្នុងតារាង World Amateur Golf Ranking ជាលើកដំបូង កីឡាករក្រសួងមហាផ្ទៃរូបនេះកំពុងចិញ្ចឹមចិត្ត ដណ្តើមយកមេដាយជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ ផងដែរ។
ការប្រកួតប្រជែងអស់រយៈពេល៥ថ្ងៃ ដែលជាការប្រកួតប្រជែងដ៏ស្វិតស្វាញ ដោយមានរាជធានីខេត្ត និងក្រសួងចូលរួមចំនួន៨ ដោយសរុបកីឡាករកីឡាការិនី ៥៦នាក់ ក្នុងនោះសហព័ន្ធក៏ចម្រាញ់បានកីឡាករឆ្នើម២នាក់ផងដែរ គឺកីឡាករ ពៅពេជ្រ មេត្តា មកពីក្រសួងមហាផ្ទៃ ពិន្ទុកបូក៥ និងកីឡាករ សេង វ៉ាន់សីហា ក្រសួងការពារជាតិពិន្ទុបូក៦ បញ្ចូលចំណាត់ទៅក្នុងតារាងWorld Amateur Golf Ranking ដែលជាការស្នើសុំជាលើកដំបូងរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជាទៅកាន់សហព័ន្ធកីឡាវាយកូនគោលអន្តរជាតិ។
គួរបញ្ជាក់ថា សម្រាប់លទ្ធផលជ័យលាភី គឺចំណាត់លេខ១ ក្រសួងមហាផ្ទៃ ប្រជែងបានមេដាយមាសចំនួន៤គ្រឿងលើ វិញ្ញាសាប្រកួតឯកក្តជនបុរស វិញ្ញាសាប្រកួតឯកត្តជននារី វិញ្ញាសាជាក្រុមបុរស និងវិញ្ញាសាប្រកួតជាក្រុមនារី។ ចំណាត់លេខ២ ខេត្តព្រះសីហនុ ដណ្តើមបានមេដាយ ៣គ្រឿង ក្នុងនោះ មេដាយប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង។ ចំណាត់លេខ៣-លេខ៤ ក្រសួងការពារជាតិ និងខេត្តសៀមរាប ដណ្តើមបានមេដាយសរុប២គ្រឿងដូចគ្នា មេដាយប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង ខណៈរាជធានីភ្នំពេញដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង ខណៈ៤ខេត្តផ្សេងទៀតមិនដណ្តើមបានមេដាយនោះឡើយ៕