ភ្នំពេញ៖ កម្ពុជាបានត្រៀមចាត់បញ្ជូនប្រតិភូកីឡាលើ៤០ប្រភេទកីឡា ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ខាងមុខ ខណៈម្ចាស់ផ្ទះ ថៃ បានប្រកាសដាក់ប្រភេទកីឡាសរុបចំនួន ៥០។
នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា កិច្ចប្រជុំនេះផ្ដោតសំខាន់លើការផ្សព្វផ្សាយប្រភេទកីឡា និងវិញ្ញាសាជូនដល់សហព័ន្ធកីឡាជាតិនានារបស់កម្ពុជា ដើម្បីទទួលបានព័ត៌មានលម្អិត និងត្រៀមខ្លួនទាំងការហ្វឹកហាត់ យុទ្ធសាស្ដ្រ ពិសេសបង្កើនគុណផលកម្រិតខ្ពស់ ឆ្ពោះទៅប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។
ប្រតិបត្តិករកីឡាកម្ពុជារូបនេះសង្កត់ធ្ងន់ថា ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗ បានឱ្យដឹងថា ម្ចាស់ផ្ទះថៃបានសម្រេចដាក់ប្រភេទកីឡាចំនួន ៥០ ស្មើនឹង ៥៦៩វិញ្ញាសា។ ចំពោះប្រទេសកម្ពុជា គឺបានត្រៀមកីឡាចន្លោះពីជាង ៣០ ទៅ ៤០ប្រភេទកីឡា ដើម្បីចូលរួមការប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងមួយនេះ។
បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានក្រើនរម្លឹកដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវធ្វើការរួមគ្នា ត្រៀមយុទ្ធសាស្ត្របែបណាខ្លះ និងកម្រិតណា ដើម្បីរក្សានូវសមិទ្ធផលដូចពេលកម្ពុជាធ្វើម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៣។ ជាក់ស្ដែង ឆ្នាំ២០២៣ លើទឹកដីខ្លួន កម្ពុជាទទួលបានមេដាយមាសដល់ទៅ ៨១គ្រឿង។ នេះជាបញ្ហាសំខាន់ដែលត្រូវត្រៀមយុទ្ធសាស្ត្រក្នុងការត្រៀមខ្លួនឱ្យបានល្អប្រសើរ។ ប្រសិនបើចំនួនមេដាយធ្លាក់ចុះ គឺដោយសារតែប្រភេទកីឡាដែលធ្លាប់មានសក្តានុពលដូចជាវ៉ូវីណាម ដែលធ្លាប់ឈ្នះមេដាយមាស ១៥គ្រឿង ក្នុងនាមជាម្ចាស់ផ្ទះ គឺត្រូវបានម្ចាស់ផ្ទះថៃ មិនបានដាក់បញ្ជូលនូវប្រភេទកីឡានេះឡើយ។ មូលហេតុមួយទៀត គឺដោយសារម្ចាស់មេដាយមាសរបស់កម្ពុជា ទាំងពីរនាក់ ដូចជា កីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី និងកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា បានចូលនិវត្តន៍ហើយ។ យ៉ាងណាឱ្យតែមានការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីប្រឹងប្រែងអស់ពីលទ្ធភាព និងអាចទទួលយកបានសម្រាប់កិត្តិយសជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕